-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. ចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views


រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ សម្រាប់ការកែឆ្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការចុះអនុស្សរណៈនេះគឺសម្រាប់ការកែច្នៃកសិផលនានា ដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសិក្សានាពេលនេះ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាន និងកំពុងខិតខំធ្វើយ៉ាងណាអភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានថ្លែងកោតសរសើរដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ និងបានថ្លែងពីបំណងរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានបន្ថែមថា ដោយសង្កេតឃើញពីសក្តានុពលរបស់ខេត្តកំពង់ធំ លោកមានសុទិដ្ឋិនិយមខ្ពស់លើភាពជោគជ័យនៃគម្រោងនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្លែងថា ការបង្កើតជាសួនកសិឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ យូរអង្វែង។ លើសពីនេះទៀត ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានានៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ ឯកឧត្តមបន្ថែមទៀតថា កសិផលកម្ពុជា មិនទាន់កែច្នៃជាច្រើន ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាង ហើយប្រទេសទាំងនោះយកទៅកែច្នៃជាផលិតផលមានតម្លៃជាងកសិផលដើម៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes