សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា ចុះ MoU ជំរុញការអភិវឌ្ឍទេសចរណ៍សាសនា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ពោលគឺដើម្បីបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា, ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។

ក្នុងពិធីពោរពេញដោយអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការក្រសួងធម្មការនិងសាសនា, លោករដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រីជាមន្ត្រីរាជការនៃក្រសួងទាំងពីរសរុបប្រមាណ ១៣០នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានផ្តល់ការឯកភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ, ក៏ដូចជាសូមថ្លែងអំណរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញ ព្រមទាំងក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ដែលបានខិតខំប្រឹងប្រែងផ្តល់កិច្ចសហការដ៏ល្អ និងសម្របសម្រួលសព្វគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា អាចលេចជារូបរាង នៅថ្ងៃនេះបាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា។ សាសនា មិនត្រឹមតែជាគ្រឹះនៃជំនឿ និងសីលធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានស្នូលនៃការថែរក្សាសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា ក្នុងបរិបទនេះ វិស័យទេសចរណ៍ និងវិស័យសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក, ក្នុងន័យនេះ, អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពីទស្សនវិស័យរួម ក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សាអត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃរបស់សាសនាទាំងអស់។ តាមរយៈនេះ កិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា គឺជាកត្តាលីករគន្លឹះដ៏សំខាន់ ក្នុងការបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការអន្តរក្រសួង ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់វិស័យទេសចរណ៍ វិស័យសាសនា សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល តួយ៉ាង អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាការលើកកម្ពស់គុណតម្លៃនៃសាសនា សីលធម៌សង្គម និង អត្តសញ្ញាណជាតិ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes