(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋាន និងពិនិត្យផ្លូវបេតុង១ខ្សែប្រវែង ២.៣០០ម៉ែត្រ ដែលជាអំណោយរបស់លោកអភិបាលខេត្ត ដែលបានស្ថាបនាជូនពលរដ្ឋរស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។
ក្រុមការងារចុះជួយស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងថា នៅក្នុងស្រុកកំពង់លែងនេះគឺមានការអភិវឌ្ឍនូវគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងបង្កើតនូវតំបន់ទេសចរណ៍ថ្មីៗ សម្រាប់បង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ដោយឡែកថ្មីៗនេះលោកអភិបាលខេត្តកំពង់ឆ្នាំង លោកបានផ្ដល់នូវផ្លូវបេតុងប្រវែង២.៦០០ម៉ែត្រដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋមានចំនួន២ឃុំ ក្នុងនោះមានឃុំច្រណូកទទួលបានផ្លូវបេតុងប្រវែង២.៣០០ម៉ែត្រ និងឃុំដារទទួលបានផ្លូវបេតុងប្រវែង៣០០ម៉ែត្រ។
លើសពីនេះទៀត លោកអភិបាលខេត្ត ក៏មានគម្រោងនឹងផ្ដល់ភ្លើងសូឡាបំភ្លឺផ្លូវ និងដាំដើមក្ងោកអមសងខាងផ្លូវបេតុងបន្ថែមទៀត ថែមទាំងបានសន្យាថា នឹងផ្ដល់ជូននូវគ្រាប់ពូជដំណាំបន្លែផ្សេងៗជូនដល់ប្រជាកសិករដែលប្រកបមុខរបរកសិកម្មក្នុងមូលដ្ឋាន។
ក្រុមការងារចុះមូលដ្ឋានខាងលើនេះបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា សមិទ្ធផលនានាខាងលើនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ ពីលោកអភិបាលខេត្ត ដែលបានអនុវត្តបន្តដោយលោកអភិបាលស្រុកកំពង់លែង និងក៏មានការចូលរួមសហការពីប្រជាពលរដ្ឋផងដែរ។
ក្រៅពីការអភិវឌ្ឍន៍លើវិស័យជាច្រើនខាងលើនេះ ស្រុកកំពង់លែងក៏ទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនទៀតរួមមាន៖ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រៅពីនេះរដ្ឋបាលស្រុកកំពង់លែង ក្រោមការណែនាំរបស់លោកអភិបាលខេត្ត ក៏បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើផ្នែកផ្ដល់សេវាសាធារណៈបានល្អ ប្រកបដោយគុណភាព និងតម្លាភាពជូនប្រជាពលរដ្ឋផងដែរ៕




















Monday, August 03, 2026
mcntvonline

Posted in:
0 Comments:
Post a Comment