សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម រយ:ពេល២ថ្ងៃ ១១-១២ ខែកុម្ភ: ខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣ម៉ឺន៤ពាន់នាក់

ចំនួនអ្នកទស្សនា: Views

 


(សៀមរាប)៖  រយ:ពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១២ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣៤,០០០នាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ ការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានបញ្ជាក់កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភ:នេះ។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្តនេះ មានចំនួនប្រមាណជាង ៣.៤ ម៉ឺននាក់។

លោកបានលម្អិតឱ្យដឹងថា ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។

រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២៤,០០០នាក់ និងប្រមាណ ១ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។

លោក ង៉ូវ សេងកាក់ បានបន្តទៀតថា កាលពីថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ប៉ុណ្ណោះ ថយចុះ ៩៣.៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២៩,០០០នាក់៕

 ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប, សម្រួលផ្សាយ៖

បាញ់ប្រហារស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដោយសារទំនាស់រឿងចរាចរណ៍

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ កម្លាំងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរសព្ទ័ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីឃាតកម្ម (បាញ់សម្លាប់)បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមួយក្រុម។

ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្តមកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៉ីផ្លេពីរបីដងឲ្យប្តីគាត់ បើកឡានគេចចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។

មួយសន្ទុះក្រោយមកជនបង្កបានបើកកង់បីត្រឡប់មកវិញ ដោយមានបក្ខពួកមកជាមួយផងរួមនឹងម៉ូតូ២គ្រឿង (មិនដឹងចំនួនមនុស្ស) បានបង្កទំនាស់ម្តងទៀតរហូតដល់មានការប្រតាយប្រតប់គ្នា ឈានដល់ការបាញ់ប្រហារគ្នាតែម្តង ដោយឡែកប្តីរបស់គាត់បានគេចចេញពីកន្លែងកើតហេតុ។

គួរជម្រាបថា ករណីនេះអ្នកមានទំនាស់ដំបូងជាមួយក្រុមខ្មាន់កាំភ្លើង រងរបួសបន្ដិចបន្តួចប៉ុណ្ណោះ ព្រោះបានគេចចេញពេលកំពុងប្រតាយប្រតប់គ្នា ខណៈអ្នកជនរងគ្រោះដែលស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នោះ ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដែលនៅជួបជុំគ្នានៅកន្លែងកើតហេតុ។

មន្ត្រីអាវុធហត្ថបន្តថា នៅកន្លែងកើតហេតុបន្សល់ទុក សំបកគ្រាប់កាំភ្លើងប្រភេទ៩មីលីម៉ែត្រចំនួន២គ្រាប់ (នគរបាលរក្សារទុក)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ៕

 


សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់បណ្តាញព័ត៌មាន  នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ បានចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ។

លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមមន្ត្រី និងថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់គ្រប់ៗរូប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានសំរេចផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីត១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាពនេះ ប្រយោជន៍ដើម្បីការពារសុខភាពប្រឆាំងមេរោគកូវីត១៩»។

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសអំពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងថ្ងៃបន្តបន្ទាប់ខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ទីតាំងសម្រាប់ចាក់វ៉ាក់សាំងមាន៤ទីតាំង ១៖ មន្ទីរពេទ្យកាល់ម៉ែត, ២៖ មន្ទីរពេទ្យព្រះអង្គឌួង, ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៤៖ មន្ទីរពេទ្យកុមារជាតិ៕

សម្តេច ទៀ បាញ់ ផ្តល់អនុសាសន៍មួយចំនួន ដល់កងរាជអាវុធហត្ថ ដើម្បីសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២០ និងទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២១ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់នូវអនុសាសន៍ មួយចំនួន ជូនដល់កងរាជអាវុធហត្ថ ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២១។

អនុសាសន៍ចំនួន ១០ចំណុច របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមានដូចខាងក្រោម៖

ភារកិច្ចចំពោះមុខ៖

*ទី១៖ អនុវត្តឱ្យមានប្រសិទ្ធភាពនូវសង្កថាសារសម្លេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម និងពីប្រទេសជិតខាងចូលក្នុងសហគមន៍ប្រទេស ដូចនេះ កងឯកភាពចំណុះកងទ័ពជើងគោក នៅតាមព្រំដែន និងកងរាជអាវុធហត្ថ ត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

*ទី២៖ សហការជាមួយក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ រៀបចំមធ្យោបាយនាំមុខរថយន្តដឹកជញ្ជូនវ៉ាក់សាំង តាមកម្មវិធីបានកំណត់។ ជាមួយគ្នានេះ ត្រូវធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទាំងការដឹកជញ្ជូនពេលដំណើរការចាក់វ៉ាក់សាំង នៅតាមកងឯកភាពនីមួយៗ ឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ ត្រូវត្រៀមរៀបចំឯកសារពាក់ព័ន្ធ សហការរៀបចំផែនការកម្មវិធីចាក់វ៉ាក់សាំងកងរាជអាវុធហត្ថ តាមលំដាប់លំដោយអាទិភាព និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំង តាមការណែនាំរបស់រាជរដ្ឋាភិបាលដល់គ្រប់យោធិនបានយល់ជ្រួតជ្រាប មុនពេលក្រុមបច្ចេកទេសចាក់វ៉ាក់សាំងដំណើរការជាក់ស្តែង។

ការកែទម្រង់ និងការអនុវត្តតួនាទី ភារកិច្ច៖

*ទី១៖ ដកបទពិសោធន៍បញ្ហាប្រឈមការងារសេសសល់ឆ្នាំ២០២០ ធ្វើជាកាលានុវត្តភាព នៃការកែលម្អចំណុចខ្វះខាត រួមជាមួយពង្រឹងការដឹកនាំអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលដៅពង្រឹងការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម។

នៅក្នុងសភាពការណ៍ចំពោះមុខ ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពជាតិ ដើម្បីពុះពារជម្នះរាល់ការលំបាក ដែលបណ្តាលពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា ឱ្យសម្រេចគោលដៅភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយជោគជ័យ។

*ទី២៖ រៀបចំបុគ្គលិក និងរបៀបរបបការងារឱ្យស៊ីសង្វាក់ ប្រទាក់ក្រឡា តាមអនុក្រឹត្យលេខ១១ ស្តីពី ការកែសម្រួលរចនាសម្ព័ន្ធក្របខ័ណ្ឌ ចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះ ការកសាងយោធិនអាជីព ជួរកងរាជអាវុធហត្ថវ័យក្មេងសម្រាប់បន្តវេន ការងារនាពេលអនាគត គឺជាកត្តាគន្លឹះដ៏សំខាន់មួយក្នុងការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាព នៃការកែទម្រង់មួយតាមនយោបាយ ការពារជាតិក្នុងសភាពការណ៍តំបន់ ពិភពលោក កំពុងឈានទៅរកសកលភាវូបនីយកម្មទំនើប។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងកម្លាំងឱ្យមានប្រសិទ្ធភាព ធ្វើការត្រួតពិនិត្យ និងចាត់វិធានការចំពោះអង្គភាព ឬបុគ្គលមិនគោរពវិន័យ បទបញ្ជារបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារដេលប្រគល់ជូន។

*ទី៣៖ បន្តយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នបុគ្គលិក ដល់គ្រប់កងឯកភាពក្នុងកងរាជអាវុធហត្ថ បង្កើនសមត្ថភាព គុណភាព និងសប្រសិទ្ធភាពការងារ ព្រោះថាធនធានមនុស្ស គឺជាធាតុដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍអង្គភាព ដូច្នេះ យើងត្រូវរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដល់នាយទាហាន នាយទាហានរង ជាមួយនឹងចំណេះដឹង ជំនាញថ្មីៗ ដែលពាក់ព័ន្ធទៅនឹងតួនាទី ភារកិច្ច និងការកែទម្រង់ស្របតាមវិស័យការពារជាតិ។

នៅក្នុងបរិបទបច្ចុប្បន្ននេះ ការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងកងយោធពលខេមរភូមិន្ទ បានចាត់ទុកជាការងារអាទិភាពសម្រាប់តាមដានក្តាប់រាល់សភាពការណ៍ជាតិ និងអន្តរជាតិ ប្រុងប្រយ័ត្នរាល់ព័ត៌មានដែលបំផ្លើសញុះញង់ បង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងឆ្អឹងសាមគ្គីឯកភាពផ្ទៃក្នុង និងអនុវត្តម៉ឺងម៉ាត់ឋានានុក្រមកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់ពួកប្រឆាំងក្រៅច្បាប់ ដែលបានប្រើគ្រប់មធ្យោបាយញុះញង់ អុចអាល ក្នុង
គោលបំណងបង្កអស្ថិរភាព ចលាចលនយោបាយ ឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ល។

*ទី៤៖ ធ្វើការផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ និងអប់រំនយោបាយ សតិអារម្មណ៍ ចិត្តសាស្ត្រដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ម្នាក់ៗមានគោលជំហរច្បាស់លាស់ ឆន្ទៈមោះមុត ទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលនៃកម្ពុជា។ ជាមួយគ្នានេះ បន្តយកចិត្តទុកដាក់ការងារគោលនយោបាយសរសើរជូនរង្វាន់លើកទឹកចិត្ត និងគោលនយោបាយដោះស្រាយទុក្ខលំបាកដល់យោធិនអាវុធហត្ថឱ្យបានទាន់ពេលវេលា។

*ទី៥៖ ពង្រឹងការយកចិត្តទុកដាក់ ថែទាំមធ្យោបាយ អាវុធយុទ្ធភណ្ឌធានាឱ្យមានសុវត្ថិភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវលើកកម្ពស់សមត្ថភាពនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ឱ្យមានជំហរធ្វើម្ចាស់លើការប្រើប្រាស់ គ្រប់គ្រង ថែមធ្យោបាយ ឧបករណ៍ សម្ភារៈ បរិក្ខារ អាវុធ និងគ្រាប់ បង្កាកុំឱ្យឆេះ ខូចខាត បាត់បង់ រក្សាបានគុណភាពល្អ ដោយចាត់ទុកថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងប្រជាជនយើង។

*ទី៦៖ បន្តយកចិត្តទុកដាក់ការងារចិញ្ចឹមថែទាំ ពិនិត្យសុខភាពកងទ័ព និងបន្តជំរុញការបង្កបង្កើនផលដាំដុះ ចិញ្ចឹមសត្វបន្ថែម ដើម្បីលើកកម្ពស់ការហូបចុកប្រចាំថ្ងៃ ព្រមទាំងបន្តគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពីព្រោះនាពេលថ្មីៗនេះ តាមការជូនដំណឹងរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានបង្ហាញពីការវិវត្តន៍ប្រភេទជំងឺថ្មីៗបន្ថែមទៀត ដែលទាមទារឱ្យគ្នាចូលរួមធ្វើការទប់ស្កាត់ឱ្យខានតែបាន ទាំងវិធានការអភិបាលកិច្ចល្អ និងទាំងវិធានការ «៣កុំ» និង «៣ការពារ»។

ទី៧៖ បន្តជំរុញការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធ្វើបញ្ជីគោលដីធ្លី និងខិតខំសហការជាមួយនាយកដ្ឋានវិស្វកម្ម អាជ្ញាធរដែនដី និងជំនាញសុរិយោដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ត្រូវខិតខំថែទាំជួសជុលសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់សំណង់ថ្មីៗ តាមបទដ្ឋានបច្ចេកទេសស្របតាមប្លង់ស្ថាបត្យកម្ម ដោយធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង។

និងទី៨៖ បន្តពង្រឹងកម្លាំង រួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាចាំបាច់នានា ស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីធានាឱ្យបុគ្គលគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា៕


សម្តេចតេជោ ហ៊ុន សែន៖ កុំបារម្ភលើវ៉ាក់សាំងពីប្រទេសណា ម៉ាកអ្វី? គប្បីបារម្ភពីការអត់វ៉ាក់សាំង

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិក្នុង និងក្រៅប្រទេសឱ្យឈប់បារម្ភចំពោះវ៉ាក់សាំងមកពីប្រទេសណាមួយ ឬម៉ាកអ្វីតទៅទឿ ប៉ុន្តែពួកគេគប្បីបារម្ភអំពីការអត់វ៉ាក់សាំងចាក់ជំនួសវិញ ដោយសារតែលើពិភពលោក មិនមានវ៉ាក់សាំងលក់តាមផ្សារនោះឡើយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គ្រាដែលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាម (Sinopharm) របស់ចិន លើថ្នាក់ដឹកនាំមួយចំនួនដែលស្ម័គ្រចិត្ត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា រហូតដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏ដោយ ក៏រកទិញវ៉ាក់សាំងមិនបានដែរ ដោយសារការផលិតមិនទាន់។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំនួយជំហានដំបូង ចំណែកវ៉ាក់សាំង៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។

ជាមួយនឹងថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការទទួលបាន និងការចាក់វ៉ាក់សាំងនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប។ សម្តេចបានយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស លោកប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes