សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

នាយឧត្តមសេនីយ៌ នេត សាវឿន ឧបត្ថម្ភកង់ដល់ផែនការងារនគរបាលទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីជិះល្បាតការពារសុវត្ថិភាព សន្តិសុខតាមបណ្ដោយឆ្នេរជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

 


(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភកង់ ដល់ផែនការងារនគរបាលទេសចរណ៍ ដើម្បីជិះល្បាតការពារ សុវត្ថិភាព សន្តិសុខតាមបណ្ដោយឆ្នេរជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជានិច្ចកាល ឯកឧត្តម យកចិត្តទុកដាក់ អំពីកងកម្លាំងក្រោមឱវាទដោយផ្ដល់សម្ភារ មធ្យោបាយ ដើម្បីបំពេញភារកិច្ច បំរើជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។

ជាការកត់សម្គាល់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តែងតែដាក់កម្លាំងនគរបាលយាមប្រចាំការនៅតំបន់ឆ្នេរ ដើម្បីជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលជួបបញ្ហាផ្សេងៗ ក្នុងនោះមានដូចជា លង់ទឹក អំពើចោរកម្ម និងសុខភាពជាដើម ពោលកម្លាំងនគរបាលបានចេញទាន់ពេលវេលា ដើម្បីជួយសង្គ្រោះពួកគាត់ ដែលធ្វើឲ្យបងប្អូនមានទំនុកចិត្ត និងការជឿជាក់កាន់តែខ្ពស់៕


រសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយទទួលវ៉ាក់សាំងការពារកូវីដ១៩ចំនួន៦០ម៉ឺនដូសជំនួយរបស់ចិន ក្នុងជំហានដំបូង

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖
 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់បណ្តាញព័ត៌មាន ។

សូមជំរាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ 

ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។

ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

សូមជំរាបថា តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។ ដោយការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះស៉ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»។

សម្តេចតេជោ បានបន្ថែមថា «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ»៕


រដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំផ្សព្វផ្សាយសារាចណែនាំលេខ០១៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

 



(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងស្រែង នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសលេខ០១៥ សហវ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ុម សារឿន បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺជាកាត្វកិច្ចដ៏សំខាន់មួយ សម្រាប់ការពង្រឹងសមត្ថភាពការយល់ដឹង ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញ។

ជាពិសេសមន្ត្រីទទួលបន្ទុកទទួលបន្ទុកហិរញ្ញវត្ថុ, រជ្ជទេយ្យបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រេជ្ជទេ្យករចំណូលរង, ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួសឲ្យមានសមត្ថភាពគ្រប់គ្រាន់ សាកសមនឹងទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្តថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺជាការឆ្លើយតបទាន់តាមពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងសម្រេចតាមគោលដៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ស្នងការនគរបាលខេត្តរតនគិរី បន្ដប្រជុំដាក់ផែនការដល់កម្លាំងនគរបាលវរការពារព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ប្រទេសវៀតណាម

ចំនួនអ្នកទស្សនា: Views




(រតនគិរី)៖ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្ដប្រជុំដាក់ផែនការបន្ទាន់ភ្លាមៗ ដល់កងកម្លាំងនគរបាលវរការពារព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម។

ការប្រជុំដាក់ផែនការជាបន្ដបន្ទាប់នេះ គឺគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថង សាវុន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនពីប្រទេសវៀតណាម ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺកូវីដ-១៩ សារជាថ្មី។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បញ្ជាកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំ ឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំអំណោយអង្ករចំនួន៨០បេរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន, ថវិកា២លានរៀលរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងគ្រឿងបរិភោគមួយចំនួនទៀត មកពីការចូលរួមរបស់សាខាគយ និងរដ្ឋាករខេត្ត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវដូចជា មី, ស្ករស និងប៊ីចេង ជូនកម្លាំងវរការពារព្រំដែនលេខ៦២៣ និង២០៣ផងដែរ។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹក និងណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩។

គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់ អាវុធផងដែរ ឲ្យទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕

ឧត្តមសេនីយ៍ទោ ម៉ឺ សុភា ផ្តល់បទសម្ភាសអំពីប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងទន្លេខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views



(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ម៉ឺ សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់បទសសម្ភាសដល់បណ្តាញព័ត៌មាន បាន ឱ្យដឹងថា កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ កម្លាំងជំនាញបានចាប់ផ្តើមឡើងតាមពីកំលុងដើមខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះ ទឹកជំនន់ ទើបធ្វើឱ្យកិច្ចប្រតិបត្តិការនេះ បានផ្អាក់ជាង ៣សប្តាហ៍។ ចំពោះប្រតិបត្តិការនេះ កម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវា និងជុំវិញនាវា ក្នុងកំលុងដើមខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ម៉ឺ សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រតិបត្តិការរបស់យើងនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣,៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨,១០០គីឡូក្រាម ហើយពេលបច្ចុប្បន្ននេះ កម្លាំងជំនាញទើបនឹងចូលមកដល់ក្លូបទី១ នៃតួនាវា ប៉ុន្តែ នាវានេះជាប្រភេទនាវាធំ ដឹកសម្ភារសឹកធំ មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ ដូច្នេះ ក្នុងមួយក្លូបផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន»។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់ក្នុងរង្វង់ប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្លាំងជំនាញរបស់លោកបានប្រមូលគ្រាប់យុទ្ធភណ្ឌប្រមាណ២៥ភាគរយ ដូច្នេះ ក្នុងនាមជាមេបញ្ជាការដឹកនាំបេសកម្មនេះនឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារនេះបន្ថែមទៀត។ ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ បេសកកម្មរុករក និងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕



សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំនួយរបស់ចិនដំបូងគេ នៅថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត ខណៈវ៉ាក់សាំងនឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យសប្តាហ៍នេះ

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសតាមបណ្តាញសង្គម Facebook ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិននឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដំណាក់កាលដំបូងចំនួន ៦០ម៉ឺនដូស នៃជំនួយ១លានដូស។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលសម្តេចតេជោ ហ៊ុន សែន នឹងទទួលចាក់មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើ Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !
វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយចំនួន១លានដូស។

ម៉ោង៨៖៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅ នៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាល ដែលប្រទេសចិន កំពុងផ្ទុះឡើងនៃជំងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលរូបខ្ញុំ និងគណៈប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផង អោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិនជាមិត្ត»៕


ផ្ទះមនុស្សធម៌ទី៧៦ បានប្រគល់ជូនគ្រួសារចាស់ជរា នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

  សៀមរាប: ថ្ងៃទី​​​​០៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះមនុស្សធម៌ទី៧៦របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារលោកតា ក្រូច រឿន អាយុ៧១ឆ្នាំ និងលោកយាយជាប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលពិធីប្រគល់ផ្ទះអំណោយនេះបានប្រព្រឹត្តទៅនៅថ្ងៃ៦រោច ខែមាឃឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៣ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ 

ផ្ទះមនុស្សធម៌ទី៧៦នេះ គឺជាអំណោយរបស់សប្បុរសជនលោក ឃឹម ប៉ូសាយ និងលោកស្រី ម៉ម វាសនា ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទំហំ៦ម៉ែត្រគុណនឹង៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រោមក្រាលការ៉ូ មានកម្ពស់ផុតពីដី០,៤ម៉ែត្រ។     

នៅក្នុងពិធីនោះ លោកស្រី ម៉ម វាសនា បានឱ្យដឹងថា ក្រោមការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការកៀរគរមូលនិធិសប្បុរសជន ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហម និងដោយមើលឃើញភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន សំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ ដូច្នេះហើយទើបលោកស្រីក៏បានឧបត្ថម្ភនូវផ្ទះមួយខ្នងនេះ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។       

លោកជំទាវ ទាង អេង ទៀសីហា បានបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ និងនៅរដូវក្តៅនេះត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងផ្តាំផ្ញើដល់លោកតា លោកយាយ ត្រូវចេះសម្អាតថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។      

លោកជំទាវ ទាង អេង ទៀសីហា ក៏បានណែនាំរម្លឹកដល់បងប្អូនបន្តមានការប្រុងប្រយ័ត្នខ្ពស់ អំពីករណីជំងឺកូវីដ-១៩ គឺត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំ ដោយលាងសម្អាតដៃជាមួយទឹកសាប៊ូ  អាល់កុល ឬ ជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ហើយយើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិតខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ។     

គួរបញ្ជាក់ថា សម្រាប់គ្រួសារលោកតានិងលោកយាយ បន្ថែមពីលើអំណោយជាផ្ទះគ្រួសារចាស់ជរានេះក៏ទទួលបានបន្ថែមនៅមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូ ក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល។

សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ក៏បានឧបត្ថម្ភនូវផ្ទាំងសូឡានិងអំពូល១ឈុត និងថវិកា៤០ម៉ឺនរៀលបន្ថែមផងដែរ។ ដោយឡែក លោកតា លោកយាយដែលបានចូលរួមនៅក្នុងពិធីប្រគល់ផ្ទះនេះចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល៕


សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសទិវាចម្រើនជន្មាយុគម្រប់៧៦ ឈានចូល៧៧ឆ្នាំ

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច គម្រប់៧៦ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

សារលិខិតជូនពរនោះ មានខ្លឹមសារថា «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនា ភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនា ភក្តី និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឲ្យកាន់តែ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ»។

ក្នុងវរោកាសប្រកបដោយមហោឡារិកនេះ «យើងខ្ញុំ សូមគោរពកោតស្ញប់ស្ញែងជាអនេកប្បការបំផុត ជូនចំពោះ សម្ដេចវិបុល សេនាភក្តី ដែលជាឥស្សរ ជនដ៏ឆ្នើម ប្រកបដោយឆន្ទៈ មនសិការ បានខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ដ បទពិសោធន៍ និងសក្តានុពល ក្នុងការដឹកនាំ ព្រឹទ្ធសភា ដែលជាស្ថាប័ន នីតិបញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យទទួលបាននូវ នីតិរដ្ឋ យ៉ាងរឹងមាំ ត្រចះត្រចង់ជារៀងដរាបមក ធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ប្រកបដោយទំនុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពសម្បូរធូរធារ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ក្នុងសុខសន្តិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។

ជាថ្មីម្តងទៀត «ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យ បវរ មហា ប្រសើរ ជូនសម្ដេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រ ប្រសា ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes