សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រាជរដ្ឋាភិបាល ព្រមានមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា រាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានឡើយ។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ទិវាជំនួបរវាង ប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានលើកទី៥ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លេការពិត»។ សម្តេចបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួនតូច បាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្នែការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរនិងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។

សម្តេចតេនាយករដ្ឋមន្ត្រី បានព្រមានយ៉ាងដូច្នេះ៖ «ខ្ញុំក៏សូមរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ»។

សម្តេចបន្ថែមថា «កន្លងមក ខ្ញុំបានលើកឡើងហើយថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជននិងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា»។

លើសពីនេះ សម្តេចតេជោ ហុន សែន ស្នើសូមឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំងទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចឆ្លងក្នុងសហគមន៍។ ជាមួយគ្នានេះដែរ ក៏សូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងចេះបន្សំខ្លួនក្នុងការរស់នៅ និងការបំពេញការងារតាមគន្លងថ្មី ដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាននៅពេលអនាគត៕


គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្ត​រៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ឆ្នាំ​២០២១

ចំនួនអ្នកទស្សនា: Views

 




  ខេត្តកណ្ដាល : នៅ​ថ្ងៃ​១៤​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​១២ ខែមករា ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្តាល និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ព្រមទាំង​សមាជិក​សមាជិការ​នៃ គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត កងកម្លាំង​ប្រដាប់​អាំ​វុ​ធ​ទាំងបី​ប្រភេទ និង​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោកជំទាវ ហ៊ុន កុស​នី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​អនុវត្តន៍​សកម្មភាព​ការងារ​កន្លងមក ក្នុងការ​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ជួយ​ដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ការអប់រំ​ផ្សព្វផ្សាយ​ពី​ការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ខេត្ត បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ ក៏ដូចជា​លេខាធិការដ្ឋាន​សូម​បន្ត​ខិតខំ​អនុវត្តន៍​ឱ្យបាន​ជោគជ័យ នូវ​ផែនការ​ការងារ​ដែល​បាន​ដាក់ចេញ​សម្រាប់​អនុវត្តន៍​ក្នុង​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ដែល​កំណត់ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ សំដៅ​លុបបំបាត់​ឱ្យបាន​នូវ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

ក្នុងខែធ្នូ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគ ជិត៣៦ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅក្នុងខែធ្នូ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគជាទឹកប្រាក់សរុបចំនួន ១១៥ ៨៧៨ ដុល្លារអាមេរិក និង ៩៩៣ ៩៥៤ ២០០ រៀល (ប្រហែលជាង៣៥ម៉ឺនដុល្លារ) ពីសប្បុរសជនសរុបចំនួន ៥ ១៧៤រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន ០៦រូប, សមាជិកគាំទ្រចំនួន ៣ ៩៨៣រូប និងសប្បុរសជនផ្សេងៗចំនួន ១ ១៨៥រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករានេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង 0៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។

 

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូរដែលរួមមាន៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ ឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១៕

នគរបាលការពារព្រំដែនគោក៨១៥ ទទួលពលករខ្មែរ២៧នាក់ ទើបត្រឡប់ពីថៃ និងបញ្ជូនទៅធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 



(បន្ទាយមានជ័យ)៖ ក្នុងកំឡុងពេលប្រទេសថៃ កំពុងមានសន្ទុះកើនឡើង នៃការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលបង្កឱ្យមានការភ័យខ្លាចនោះ ធ្វើឱ្យពលករខ្មែរជាច្រើនត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ កម្លាំងនគរបាលការពារព្រំដែនគោកវរលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈរជើរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរៀបចំទទួលពលករខ្មែរចំនួន២៧នាក់បន្ថែមទៀត រួចបញ្ជូនទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលនៅស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកបានចាត់ឱ្យកម្លាំងក្រោម ឱវាទរៀបចំចាត់ចែងតាមភារកិច្ចរៀងៗខ្លួន ដើម្បីនាំពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា កម្លាំងនគរបាលជំនាញ បានរៀបចំ និងត្រៀមកម្លាំងតាមខ្សែបន្ទាត់ព្រំដែន ដោយរង់ចាំទទួលពលករខ្មែរ ដែលបានប្រាប់មុខស្រុកកំណើតវិញ ក្នុងនោះកម្លាំងឈរជើង នៅចំណុចនគរបាល ការពារព្រំដែនប៉ុស្តិ៍ចំបក់ ក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកថា លោកអនុសេនីយ៍ឯក ប៉ុន គុណ នាយប៉ុស្ពិ៍វរសេនាតូការពារព្រំដែនគោកលេខ៨១៥, លោកវរសេនីយ៍ត្រី មាស ម៉េងហ៊ួង មេបញ្ជាការរងនគការពារព្រំដែនគោក៨១៥, លោកអនុសេនីយ៍ឯក អ៊ុន វណ្ណៈ នាយប៉ុស្ពិ៍រដ្ឋាបាលឃុំបឹងបេង និងផ្នែកយោធាសឹងរងស្រុកម៉ាឡៃ បានសហការគ្នា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទទួលពលករខ្មែរ ដែលអាជ្ញាធរថៃចាប់បញ្ជួនពួកគាត់មកតាមច្រករបៀង របស់ប៉ុស្តិ៍ចំបក់នគបាលការពារព្រំដែនគោកវរសេនាតូច៨១៥។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ពលករខ្មែរចំនួន ២៧នាក់ ក្នុងនោះមានស្ត្រី១០នាក់ និងកុមារ៤នាក់។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពីបានទទួលពលករខ្មែររួចមក លោកអនុសេនីយ៍ឯក ប៉ុន គុណ បានអប់រំណែនាំពួកគាត់ចំពោះបញ្ហាជំងឺកូវីដ១៩ ដែលកំពុងមានសន្ទុះឆ្លងរីករាលដាលក្នុងសហគមន៍ នៅប្រទេសថៃ និងសូមប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ បន្ទាប់ពីធ្វើការអប់រំណែនាំរួច ពលករខ្មែរទាំង២៧នាក់ ត្រូវបានបញ្ជួនទៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកម៉ាឡៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អភិបាលរាជធានីភ្នំពេញ សម្រេចមិនឲ្យកាប់ដើមឈើធំ៣ដើម មានអាយុជាង៣០០ឆ្នាំ ចេញពីសួនផ្លូវភ្លោះពេទ្យអង្គដួងនោះទេ

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរបានចុះត្រួតពិនិត្យផ្ទាល់ទីតាំងដើមឈើធំៗចំនួន៣ដើម ដែលមានអាយុកាលជាង៣០០ឆ្នាំ ដោយសម្រេចមិនកាប់ចេញនោះទេ ព្រោះថាដើមឈើទាំងនេះអាចនៅបន្តឈរទៀតបាន។

ការបញ្ជាក់បែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា អាជ្ញាធរនឹងកាប់ដើមឈើធំៗចំនួន៣ដើម ដែលមានអាយុកាលជាល៣០០ឆ្នាំ នៅសួនផ្លូវភ្លោះពេទ្យអង្គដួង ក្បែរអគារវឌ្ឍនៈ ដោយសារមូលហេតុដើមឈើទាំង៣ដើមនេះ វាពុកផ្នែកខាងក្នុង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាដើម។

ការបញ្ជាក់យ៉ាងច្បាស់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។

ក្នុងដំណើរ នៃការចុះពិនិត្យដើមឈើនេះ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើមឈើទាំង ៣ដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន។ តែលោកបានបញ្ជាឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ»។

លោក ឃួង ស្រេង បានបន្ថែមថា សម្រាប់នៅក្នុងរាជធានីភ្នំពេញ គឺគ្មានការកាប់ដើមឈើណាមួយយកចេញនោះទេ ប៉ុន្តែអាជ្ញាធរមានតែដាំដើមឈើថ្មីបន្ថែម ដើម្បីឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃ០៨ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានយកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើ ចំនួន៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។

តែមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ខណៈដែលលោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងលោកបានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម៕

ប្រជាពលរដ្ឋទ័លក្រ នៅស្រុកសាលាក្រៅ ២០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views


 


ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខាសមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទ័លក្រ ចំនួន ២០០គ្រួសារ នៅឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

លោកជំទាវ​​​ បាន​ ស្រីមុំ​ អភិបាលខេត្ត​ប៉ៃលិន
លោកជំទាវ​​​ បាន​ ស្រីមុំ​ អភិបាលខេត្ត​ប៉ៃលិន

លោកជំទាវ បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម។នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយចំពោះបងប្អូនពលករដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភក្ត្ររយ:ពេល ១៤ថ្ងៃសិន បើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទីទ័លក្រ នៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ក្នុងស្រុកសាលាក្រៅ ដែលទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច១យួរ ផ្អក១កែវ និងឃីត ១ (កន្ទេល១ មុង១ ភួយ១ ) និងថវិកាចំនួន ៥ម៉ឺនរៀល ។ ដោយឡែកគ្រួសារពិការ ចំនួន ១៧នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗ ៥ម៉ឺនរៀល ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន៕  

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចូលរួម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១

ចំនួនអ្នកទស្សនា: Views

 


(ព្រះសីហនុ): ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ព្រឹក​ថ្ងៃ​១៣​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១​នេះ មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដោយមាន​ការចូលរួម​ពី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។​

​លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា វិស័យ​អប់រំ​នៅ​ខេត្ត​ព្រះសីហនុ ដើរ​លើផ្លូវ​មួយ​ប្រកបដោយ​មោទនភាព និង​បង្ក​ឱកាស​ឱ្យ​កុមារ​ទទួលបាន​ការសិក្សា​ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​បញ្ញាញាណ​ឈ្លាសវៃ​លើកកម្ពស់​គុណភាព​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​២០១៦-២០៣០ ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ។

​លោកស្រី​ប្រធាន​មន្ទីរអប់រំ​បាន​បន្តថា សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន ១០១​សាលា ក្នុងនោះ ម​ត្តេ​យ្យ​ដាច់ដោយឡែក​មាន ១​សាលា​, បឋមសិក្សា​ចំនួន ៧២, អនុវិទ្យាល័យ​១៨, វិទ្យាល័យ ៩, សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ១​កន្លែង ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​អបអរសាទរ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០- ២០២១ ព្រមទាំង​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បើក ប​វេ​សន​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើប​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលារៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​បន្ទាប់ពី​បាន​ឆ្លងកាត់ និង​ទទួល​បទពិសោធន៍​នៃ​ការអប់រំ​ក្នុងសម័យ Covid- ១៩ ក្នុង​ឆ្នាំ​សិក្សា​២០១៩- ២០២០​កន្លងមក​។ ថ្វី​ត្បិត​ឆ្នាំនេះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ក្រោម​ទស្សនទាន​ថ្មី​នៃ​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ឯកឧត្តម គួច ចំរើន បន្តថា យើង​ត្រូវ​ស្ថិតនៅក្នុង​គន្លង​ថ្មី​ដោយ​រក្សា​គម្លាត ការលាង​សម្អាត​ដៃ ការ​វាស់​កម្ដៅ​នៅតែ​បន្ត​អនុវត្តន៍ ថ្វីត្បិតតែ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ មិនអាច​ជួបជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក៏ដោយ សម្រាប់​ខេត្ត​ព្រះសីហនុ បាន​បើកប​វេ​សន កាល​ឆ្នាំ​សិក្សា​ថ្មី​នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ៩៥​កន្លែង ។ យើង​មានបទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ការបង្រៀន​នៅក្នុង​សហគមន៍​នា​ឆ្នាំកន្លងមក ដែល​ក្រសួង​អប់រំ​បាន​ច្នៃប្រឌិត​បង្រៀន​ច្រើន​របៀប​តាម​បណ្ដាញ​ឌីជីថល តាម​ទូរទស្សន៍ ក៏ប៉ុន្តែ​មិនអាច​ឱ្យ​សិស្ស​រៀន​បាន​គ្រប់គ្នា​នៅ​ទូទាំង​ខេត្ត ដោយសារ​ពួកគាត់​ខ្វះ​ស្មា​ត​ហ្វូ​ន និង​កន្លែង​មួយចំនួន​មិនមាន​សេវា Internet ។ កន្លងមក​លោកគ្រូ អ្នកគ្រូ​របស់​យើង​បាន​ខិតខំ​ចុះ​ទៅតាម​គោលដៅ​ក្នុង​សហគមន៍ ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​តាមរយៈ​ការលើកទឹកចិត្ត​ពី​លោកគ្រូ អ្នកគ្រូ​នៅ​គ្រប់​កម្រិតសិក្សា ម្យ៉ាងទៀត​ដោយមាន​ការចូលរួម​ពី​មាតា បិតា ជំរុញ​កូន​-​ចៅ​ចូលរួម​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​យើង​ជម្នះ​បានជា​បន្តបន្ទាប់ ។ ថ្វីត្បិតតែ​យើង​ត្រូវ​រក្សា​គម្លាត​ដែល​តម្រូវ​សាលា​មួយចំនួន​ត្រូវ​ចែកវេន​សិក្សា និង​ធ្វើ​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​ឌីជីធល ដើម្បី​អភិវឌ្ឍន៍​សមត្ថ​ម​ភាព​ប្រកបដោយ​គុណ​វុ​ធ ។ មន្ទីរអប់រំ​ត្រូវ​រៀបចំ​ផែនការ សកម្មភាព​នៃ​ការប្រែប្រួល​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ហើយ​ថ្ងៃនេះ​ជាការ​ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​តាម​បរិបទ​ថ្មី ដោយ​បង្កើន​សមត្ថភាព​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សម្រាប់​អនាគត​ប្រទេសជាតិ ។

​ឯកឧត្តម គួច ចំរើន បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ចែករំលែក​ផ្តល់​អត្ថប្រយោជន៍ និង​ទទួលបាន​នូវ​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​យើង​មាន​ធនធាន​ក្នុងការ​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មកលេង​កម្សាន្ត​ខេត្ត​របស់​យើង ម្យ៉ាងទៀត​យើង​ក៏ត្រូវ​អភិវឌ្ឍន៍​ក្រុង​របស់​យើង​ប្រកបដោយ​ផាសុកភាព​នៃ​ការរីកចម្រើន ។​ទន្ទឹម​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​កោតសរសើរ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​បំពេញការងារ នា​ឆ្នាំកន្លងមក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ខេត្ត​ទទួលបាន​លទ្ធផល​ល្អ ៕ ដោយ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes