សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ មានសក្ដានុពលខ្លាំង ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញជាមជ្ឈមណ្ឌល ដ៏មានសក្ដានុពលក្នុងការលើកស្ទួយ វិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ អន្តរជាតិ លើចំណុចមួយចំនួនដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់ សេចក្ដីព្រាង នៃកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារចំពោះកិច្ច ដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម សហការ ជាមួយ ភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ក្នុងទិសដៅបញ្ចប់សេចក្ដីព្រាងកិច្ចព្រមព្រៀងនេះ និងឈានទៅរកការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាផ្លូវការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH តាមគម្រោងដែលបានគ្រោងទុក៕


តំណាងនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ឹង ប៊ុនហៀង ជួបសំណេះសំណាល និងសួរសុខទុក្ខនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន៦០០នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 




ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានរំលឹកអំពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន បានតស៊ូរំដោះប្រទេស ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩ ជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប ដែលបានពាលីជីវិត រហូតដល់មាននយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ពេញលេញបរិបូរណ៍ រហូតដល់ពេលបច្ចុប្បន្ន ធ្វើឲ្យជីវភាពប្រជាជន មានការកើនឡើងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន, នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង និងនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិទ្ធ ជូនដល់សិក្ខាកាម ដែលចូលរូមក្នុងវគ្គហ្វឹកហ្វឺននេះ ទាំងអស់គ្នាផងដែរ។

លើសពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង បានលើកឡើងពីស្នាដៃរបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង អំពីការខិតខំប្រឹងប្រែង កសាងបន្ទាយទូលក្រសាំង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ដែលក្នុងនោះ មានអគារ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានកងអក្សរក្សជាច្រើននាក់ ដើម្បីចូលរួមការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងរក្សាសន្ដិសុខសណ្ឋាប់ធ្នាប់នៅក្នុងសង្គម។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឲ្យគោរពនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្ដគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្ដទៀត ហើយត្រូវការពារសម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងក្រុមគ្រួសារទាំងមូលដោយមានការទទួលខុសត្រូវខ្ពស់។

ឧត្តមសេនីយ៍ឯក ដួង ហេង បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ សូមកុំឲ្យប្រព្រឹត្ដិអំពើខុសច្បាប់ និងមិនត្រូវការពារទៅលើជនណាដែល ខុសច្បាប់នោះឡើយ ហើយត្រូវចូលរួមការពារជាតិ កម្ចាត់ជនទុច្ចរិក ក្រុមបដិវត្ដពណ៌ ដែលចង់បំផ្លាញប្រទេសសុខសន្ដិភាព ហើយដាច់ខាតធ្វើយ៉ាងណា ត្រូវចូលរួមការពារសុខសន្ដិភាព ជូនប្រជាជន។

លោកឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានលើកឡើងថា ការអនុវត្ដច្បាប់ទៅលើអតីតអ្នកនយោបាយក្រុមប្រឆាំង ដោយសារតែពួកគាត់និយាយ ធ្វើឲ្យប៉ះពាល់សន្ដិសុខសង្គម ដូច្នេះបានបង្ហាញថាពួកគេមិនយល់ដឹងពីន័យ នយោបាយ និងផ្លូវច្បាប់រហូតមានការចាត់វិធានការជាបន្តបន្ទាប់យ៉ាងដូច្នេះ។

សូមជម្រាបផងដែរថា ក្នុងពិធីសំណេះសំណាល ជាមួយនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ដួង ហេង បានចំណាយថវិកា ឧបត្ថម្ភជូនដល់សិក្ខាកាម និងការចំណាយផ្សេងៗ ចំនួន៤៦លាន៥សែនរៀល ដែលជាថវិការបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង៕

ខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់សម្លាប់ជនរងគ្រោះនៅខណ្ឌកំបូល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន, ខ្មាន់កាំភ្លើងជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ ដែលបាញ់សម្លាប់ជនរងគ្រោះនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្ដិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ និងជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចជំនាញចាប់ខ្លួនបាន ទី១៖ឈ្មោះ សុខ ហេងសំបូរ អាយុ៣០ឆ្នាំ (អ្នកបាញ់) និងទី២៖ឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ (ម្ចាស់កាំភ្លើង)។

លោកវរសេនីយ៍ឯក មុំ ចេក បានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង។ សមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ៣០ម៉ឺនដុល្លារ ដោយសរុបទាំងដើម ទាំងការ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

គួរជម្រាបថា ប្រតិបត្តិការក៏មានកិច្ចសហការពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ទាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា និងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា ជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូល។

សូមរំលឹកថា បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៤គ្រាប់ (ត្រូវ៣គ្រាប់) ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្ដាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង៕



ប្រធានសហគមន៍ចិញ្ចឹមសត្វទា ស្រុកមង្គលបុរី ស្នើសុំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូលក្នុងស្រុក ខណ:ការចិញ្ចឹមក្នុងស្រុកពិបាករកទីផ្សារ និងលក់ក្នុងតម្លៃថោក

ចំនួនអ្នកទស្សនា: Views



(បន្ទាយមានជ័យ)៖ អ្នកចិញ្ចឹមសត្វទាយកពង នៅក្នុងស្រុកមង្គលបូរី ត្អូញត្អែ និងស្នើសុំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូលក្នុងស្រុក ខណៈការចិញ្ចឹមបានផលហើយ រកទីផ្សារក្នុងស្រុកពិបាក និងលក់ក្នុងតម្លៃទាបទៀត ធ្វើឲ្យអ្នកចិញ្ចឹមមួយចំនួនបោះបង់ការចិញ្ចឹមនេះ។

លោកស្រី យ៉ាត ទួម ម្ចាស់កសិដ្ឋានកែវពុនចិញ្ជឹមទា មានតួនាទីជាមេភូមិអង្គាបុស្ស និងជាប្រធានសហគមចិញ្ចឹមសត្វទា ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសាត់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះថា នៅក្នុងសហគមន៍របស់លោកស្រីមានសមាជិក ១៩នាក់ ដែលមន្ទីរកសិកម្មរៀបចំបង្កើតឡើង ដោយបច្ចុប្បន្ននេះពិបាករកទីផ្សារ និងលក់ក្នុងតម្លៃទាបទៀតនោះ បានធ្វើឲ្យពួកគាត់មួយចំនួនដែលស៊ូទ្រាំមិនបាន សម្រេចចិត្តលក់សត្វទាចេញជាសាច់បណ្ដើរៗ សុខចិត្តទុករោងទទេហើយដែរ។

លោកស្រីបញ្ជាក់ថា សហគមន៍របស់លោកស្រីចិញ្ចឹមបានផលរីកដុះដាលរហូតមានជីវភាពធូរធារ មានមុខមានមាត់មកដល់សព្វថ្ងៃនេះ ដោយសារមន្ទីរកសិកម្មខេត្ត បានចុះមកធ្វើការណែនាំពីវិធីសាស្ត្រផ្សេងៗបែបកសិកម្ម និងផ្ដល់ជាថ្នាំដង្កូវជាបន្តបន្ទាប់ផងដែរ។ ជាងនេះទៅទៀតលោកស្រីបានបញ្ជាក់ប្រាប់អំពីប្រវត្តិនិងវិធីសាស្រ្តខ្លះៗនៅក្នុងកសិដ្ឋានរបស់លោកស្រីផ្ទាល់ថា ដើមឡើយលោកស្រីជាប្រជាកសិករម្នាក់ ដែលរកចំណូលដោយធ្វើស្រូវក្នុងមួយឆ្នាំបានផលចំណូលចូលម្ដង តែក្រោយមកលោកស្រីក៏បែកគំនិត រកចំណូលចូលឲ្យបានរាល់ថ្ងៃ ទើបសម្រេចចិត្តចិញ្ចឹមសត្វទាយកពងតាំងពីទ្រង់ទ្រាយតូចជាធម្មជាតិ រហូតមកដល់បច្ចុប្បន្ននេះមានទាចំនួន ២៥,០០០ក្បាល ដោយមានផ្ទៃដីចំនួន៤ហិចតា រហូតមន្ទីរកសិកម្មខេត្ត ឲ្យឡើងធ្វើជាប្រធានសហគមន៍គំរូទៀតផង។

លោកស្រីបញ្ជាក់ទៀតថា បច្ចុប្បន្ននេះចំណាយទៅលើចំណីច្រើន ឯកាទទួលផលបានតិចជាង ពោលគឺបានប្រមាណ៦០ភាគរយតែប៉ុណ្ណោះ ដោយសារអាកាសធាតុប្រែប្រួលក្តៅក៏ក្តៅត្រជាក់ក៏ត្រជាក់ ហើយទាដែលនៅសព្វថ្ងៃនេះ ដោយសារទាមេវាចាស់មួយឆ្នាំហើយ ដូច្នេះអាត្រាពងវាមិនខ្ពស់ទេ។ ម្យ៉ាងវិញទៀតឆ្នាំនេះតម្លៃពងធ្លាក់ចុះខ្លាំងមែនទែន បើទូទាត់ថ្លៃចំណី និងកម្មករចំណេញតិចបំផុត។

ដូច្នេះលោកស្រីបានស្នើសុំឲ្យមន្ទីរកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូល ដើម្បីឲ្យពងទាក្នុងស្រុកមានតម្លៃខ្ពស់ឡើងវិញ ម្យ៉ាងវិញទៀតរាល់ពូជទាដែលនាំចូលពីប្រទេសថៃមក សូមឲ្យជួយសម្រួលបន្ធូរបន្ថយពន្ធផងដែ៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes