(បន្ទាយមានជ័យ)៖ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ បានចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្ថិតក្នុងភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រកបដោយក្តីជ្រះថ្លា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកអភិបាលខេត្ត និងលោកស្រី ជ័យ ណារី បាននាំយកនូវទេយ្យវត្ថុ និងទេយ្យទានជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងលោកស្រី ក៏បានថ្វាយផ្កាភ្ញី ធូប ទៀន ជូនដល់ព្រះសម្មាសម្ពុទ្ធ និងបាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពដែលបានពលីក្នុងសមរភូមិកាលពីការប៉ះទង្គិចគ្នាលើកទី២ នៅតាមបន្ទាត់ព្រំដែន កាលពីឆ្នាំ២០២៥កន្លងទៅ ដើម្បីជាការដឹងគុណចំពោះវីរៈភាពរបស់ពួកគាត់។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តដ៏មានអត្ថន័យនេះ លោកអភិបាលខេត្ត លោកស្រី រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បាននិមន្តព្រះសង្ឃសម្ដែងធម៌ទេសនា ដើម្បីជាការអប់រំផ្លូវចិត្ត និងបានចែកជូននូវអំណោយជាសារុងម្នាក់មួយ ជូនដល់បងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌទី៩នោះផងដែរ។ ការចូលរួមនេះបានបង្ហាញពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ៕





















Monday, October 05, 2026
ព័ត៌មាន ខ្មែរ

Posted in:
0 Comments:
Post a Comment