(ចិន)៖ ក្នុងឱកាសចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026) ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី យ៉ាង (Li Yang) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន ២៨ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូប។
ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដឹកជញ្ជូនប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គវេទិកាថា សម្រាប់កម្ពុជាការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាអាទិភាពអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយ កម្ពុជាកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ផ្លូវទឹក មជ្ឈមណ្ឌលឡូជីស្ទីក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។ គោលបំណងសំខាន់ នៃការអភិវឌ្ឍប្រកបដោយចីរភាព គឺដើម្បីពង្រឹងការតភ្ជាប់ កាត់បន្ថយថ្លៃដើមឡូជីស្ទីក សម្រួលពាណិជ្ជកម្ម ពង្រឹងសុវត្ថិភាពចរាចរណ៍ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន និងធុរកិច្ច។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្លាស់ប្តូរវិស័យដឹកជញ្ជូន ដោយកម្ពុជាកំពុងជំរុញសេវាសាធារណៈឌីជីថល និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។
គួរបញ្ជាក់ថា វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទ៖ ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ការដឹកជញ្ជូនអ្នកដំណើរកាន់តែងាយស្រួល និងរំហូរដឹកជញ្ជូនទំនិញកាន់តែរលូន៕














Wednesday, September 23, 2026
mcntvonline


Posted in:
0 Comments:
Post a Comment