សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ត្រីជំនាញសាងសង់ស្ពាន បេតុងអូរបាដើម ឱ្យឆាប់រួចរាល់

ចំនួនអ្នកទស្សនា: Views



ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងសាងសង់ស្ពានបេតុងអូរបាដើមឱ្យបានឆាប់រួចរាល់ដើម្បីបើកដំណើរការជូនប្រជាពលរដ្ឋនៅស្រុកសេសានបានឆ្លងកាត់មានសុវត្ថិភាពបន្ទាប់ពីស្ពានចាស់មានសភាពទ្រុឌទ្រោម។ ក្នុងឱកាស ចុះពិនិត្យសកម្មភាពសាងសង់ស្ពានបេតុងថ្មីនៅឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី១៧តុលានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់ចំពោះមុខ ចេញចូលពីតំបន់មួយទៅតំបន់មួយទៀត។ ឯកឧត្តមបន្តទៀតថា៖ជាង នេះទៀតស្ពានបេតុងថ្មីនេះ បាន បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនកសិករយើងដឹកផលកសិកម្ម មកកាន់ទីផ្សារមានសុវត្ថិភាពទើបប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាចំណងដៃជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០២២។ សំឡេង៖" យើងទាំងអស់គ្នាធ្វើម៉េចខិតខំបន្តអភិវឌ្ឍ នូវសមិទ្ធផល ទាំងឡាយដែលជាគំរូរបស់រាជរដ្ឋាភិបាលក្តី ជាគំរូរបស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ រដ្ឋបាលខេត្តក្តី យើងខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដទៃទៀតដើម្បីធ្វើយ៉ាងណា ឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវរបស់យើងនេះ សម្រាប់ បង្កលក្ខណៈងាយស្រួលជូនទៅដល់ប្រជាពលរដ្ឋយើងនៅតាមតំបន់ឆ្ងាយៗទៀត ព្រោះថាយើងឃើញហើយថាតម្រូវការរបស់ប្រជាពលរដ្ឋ មានច្រើន ហើយ បញ្ហារបស់យើងការខ្វះខាតយើងក៏មានបន្ត អ៊ីចឹងយើងក៏ខិតខំបន្ត"។

លោក សរ គឹមណាត ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖បញ្ហាប្រឈមនេះមន្ទីរសាធារណការ នឹងខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យសម្រេចនូវសមិទ្ធផល នានាដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបានរៀបចំឡើង ។ លោកបន្តថា៖ស្ពានបេតុងដែលកំពុងស្ថាបនានេះសម្រេចបាន៩០%ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ឱ្យបានតាមសំណូមពររបស់ឯឧត្តមអិបាលខេត្ត ដើម្បីបើកឱ្យប្រជាពលរដ្ឋយើងបានធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក។ សូមបញ្ជាក់ថា៖ស្ពានបេតុងថ្មីកំពុងស្ថាបនានេះ ឈ្មោះស្ពានអូរបានដើម ស្ថិតនៅក្នុងភូមិ ឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយតភ្ជាប់ទៅកាន់តំបន់ ទេសចរណ៍ក្នុងស្រុកសេសាននេះផងដែរ៕

ដោយ៖គឹមហឿន ប្រភព:(វិទ្យុជាតិកម្ពុជាស្ទឹងត្រែង)


ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ តាមរយៈប្រព័ន្ធវីដេអូ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ ដែលបានរៀបចំឡើងរយៈ ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤- ១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពី ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលសំខាន់ៗមកពីជុំវិញពិភពលោក និងអ្នកជំនាញមកពីអង្គការអន្តរជាតិពាក់ព័ន្ធនានាជាច្រើនរូប។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមមាន៖តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់នវានុវត្តន៍ និងទីក្រុងចីរភាព។

ថ្លែងក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារ សំខាន់នៃតួនាទីវិស័យដឹកជញ្ជូនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយក្រក្រី គោលនយោបាយ អាទិភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលរួមមាន៖ ការស្តារវិស័យដឹកជញ្ជូន និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីតភ្ជាប់ផ្ទៃ ក្នុងប្រទេស និងអន្តរជាតិ, ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មរស់រវើក ដើម្បីពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងគោលនយោបាយបង្កើតការងារធ្វើ កាត់បន្ថយភាពក្រក្រីតាមរយៈការតភ្ជាប់ផ្លូវជនបទ ការពារបរិស្ថាន និងធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍នៅពេលកម្ពុជាបើកប្រទេសឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាជនបានចំនួន៨៤% ដើម្បីត្រៀមខ្លួនស្វាគមន៍ ភ្ញៀវទេសចរណ៍ និងវិនិយោគិន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ជាពិសេស រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសផ្តល់វ៉ាក់សាំងជូនពលរដ្ឋបានទាន់ពេលវេលាផងដែរ៕

















សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ: ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្វាយព្រះរាជកុសល ក្នុងឱកាសគម្រប់ខួប៩ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២១) នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន។

សម្ដេចតេជោបន្តថា «នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា»។

កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ដោយ ជឹម ណារី, សម្រួលផ្សាយ៖ dara



ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រក្រុមហ៊ុនវន្តសាលា ដែលជួយបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកវិទ្យា ដល់មន្រ្តីរាជការក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធបានគាំទ្រក្រុមហ៊ុនវន្តសាលាដែលជួយបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តី រាជការក្រសួង ព័ត៌មាន ដើម្បីជួយលើកកម្ពស់សមត្ថភាពមន្ត្រីឲ្យកាន់តែរឹងមាំលើផ្នែកបច្ចេកវិទ្យា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងនូវភាពរីករាយដែលក្រុមហ៊ុនវន្តសាលា មានឆន្ទៈចង់ជួយបង្រៀនមន្ត្រី រាជការ ក្រសួងព័ត៌មាន តាមរយៈបើក«វគ្គបណ្តុះបណ្តាលធនធានមនុស្ស» ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តី រាជការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំបើកដំណើរការវគ្គបណ្តុះបណ្តាលអាហារូបករណ៍អេបវន្តសាលា តាមប្រពន្ធ័អនឡាញ ដល់មន្រ្តីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ដើម្បីជួយ ពង្រឹងសមត្ថភាពដល់មន្រ្តី មួយចំនួនដែលចេះតែចំណេះទូទៅ ប៉ុន្តែផ្នែកបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គឺមានការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអានណាឡូក ទៅជា ប្រពន្ធ័ឌីជីថល ហើយមានប្រពន្ធ័ផ្សព្វផ្សាយជាច្រើនក៏ត្រូវប្រែប្តូរដែរ។ ដូច្នេះការដែលក្រុមហ៊ុន វន្តសាលា ផ្តល់អាហារូបករណ៍ដល់ មន្រ្តីរាជការ នាឱកាសនេះ គឺជាទុនមួយដ៏ធំដល់ក្រសួងព័ត៌មាន ក្នុងការផ្តល់ចំណេះដឹង និងជំនាញ ដល់មន្រ្តីដែលកំពុងបំពេញកិច្ច ការងារប្រចាំថ្ងៃ។

ទាក់ទងទៅនឹងសារសំខាន់ នៃការរៀបចំវគ្គបណ្តុះបណ្តាលអាហារូបករណ៍វន្តសាលានេះដែរ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការនៃក្រសួងព័ត៌មាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ធនធានមនុស្សនេះ គឺផ្តោតលើវិស័យព័ត៌មានវិទ្យា ជំនាញ ក្រាហ្វិក ឌីសាញ ជាជំនាញដែលក្រសួងស្ថាប័នកំពុងត្រូវការ ហើយស្របពេល រាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍន៍លើវិស័យ ឌីជីថល ។

«សារសំខាន់របស់អាហារូបករណ៍នេះ គឺបំពេញនូវតម្រូវការរបស់ក្រសួងព័ត៌មានច្រើន ដោយសារក្នុងនោះ មានបង្រៀនតាំងពី របៀបបច្ចេកវិទ្យាកាត់តរូបភាព កាត់តវីដេអូ ការធ្វើការរដ្ឋបាល សរសេរកូដ បង្កើតវេបសាយ ហើយនិងវិជ្ជាជីវៈផ្សេងទៀត ដែលមាន សារសំខាន់របស់ក្រសួងព័ត៌មានយើង»។

តាមការបញ្ជាក់របស់ លោក គឹម សិរីវឌ្ឍ អគ្គនាយកក្រុមហ៊ុនវន្តសាលា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួម អភិវឌ្ឍនិងផែនការណ៍គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច ឌីធីថល ផងដែរ។ វន្តសាលា គឺជា App ក្នុងប្រពន្ធ័ Digital ដែលអនុញ្ញាត្តឱ្យគ្រូបង្រៀន ក៏ដូចជាគ្រឹះស្ថានសិក្សា សិស្ស និស្សិត ចែករំលែកចំណេះដឹង ហើយស្វែងរកប្រាក់ ចំណូល តាមរយៈវីដេអូ ទាំងនោះ ។ App វន្តសាលា គឺឈរនៅចំណុច កណ្តាលរវាងគ្រូ និងសិស្ស មានន័យថា គ្រឹះស្ថានសិក្សា គ្រូ និងសិស្ស អាចចែករំលែកចំណេះដឹងអាចរៀបចំមុខវិជ្ជា សម្រាប់ផ្សព្វផ្សាយក្នុង App វន្តសាលាបាន ហើយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យឃើញនូវមុខវិជ្ជាទាំងអស់នេះ ដែលមានភាពងាយស្រួលឲ្យសិស្ស និស្សិត អាចជ្រើសរើសយកមុខវិជ្ជាណាមួយ ដែលត្រូវ ជំនាញរបស់ខ្លួន ហើយអាចពង្រឹងចំណេះដឹងសម្រាប់ ការរៀននៅសកលវិទ្យាល័យ ក៏ដូចជា កំពុងបំពេញការងារលើមុខជំនាញខ្លួន ឯងបាន។ ការសិក្សាតាម App វន្តសាលា គឺបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មានន័យថា សិស្ស និស្សិត គឺជាអ្នកគ្រប់គ្រងការសិក្សា ដោយខ្លួនឯង ដែលអាចកំណត់ពេលវេលា និងទីកន្លែងបាន៕

ដោយ៖ លោកស្រី ប៉ុង សុភាវី(ប្រភព:វិទ្យុជាតិកម្ពុជា)សម្រួលដោយ:ដារ៉ា


សម្ដេចតេជោ ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០$ ក្រោយទទួលបានជ័យជំនះ លើក្រុមកីឡាករកោះហ្គាំ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ :ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រនៃកម្ពុជា បានបង្ហោះសារឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០$ ក្រោយទទួលបានជ័យជំនះ ២-១លើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបង្ហោះសារថា «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា «ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ» ។

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

សម្រួលផ្សាយ៖ ដារា៉

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា, ភ្លៀងបន្តធ្លាក់កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលមាន៖

* នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
* នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
* នៅថ្ងៃទី១៨ -១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប។

ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕




ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


កំពត៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក

របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេ តែងតែគិតគូរ ជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាក ខ្វះខាត មានជំងឺ ចាស់ជរា ស្ត្រី មេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងស្ថានភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ហើយក៏មិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារនិងគ្មានអាជ្ញាធរសមត្ថកិច្ចដឹងឮឬដោះស្រាយឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាយើងទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ សម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗរួមនឹង បទបញ្ជា ក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មី ឈានទៅរកការបើកឱ្យដំណើរប្រទេសជាធម្មតាឡើងវិញនាពេលខាងមុខដ៏ខ្លីនេះ។

ឯកឧត្តមជាវ តាយក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានល្អ និងប្រឹងប្រែងប្រកបរបររកស៊ី បង្កបង្កើតផល ដើម្បីជួយសម្រាលជីវភាពឲ្យបានកាន់តែប្រសើរ នឹងត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបាននូវវិធានសុវត្ថិភាពសុខាភិបាល ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំ។

អំណោយដែលផ្តល់ជូនពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ មី១កេស ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន១០ និងថវិកាមួយចំនួនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រមុខការទូតកម្ពុជាលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាពទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖​ ថ្លែងក្នុងកិច្ចពិភាក្សាការងារតាមទូរស័ព្ទ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារី អូស្រ្តាលី កាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២១ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស- អាមេរិក (AUKUS) ដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីនេះផងដែរ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយរួមបញ្ចូល ទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្រ្តាលី ផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងប្រទេសទាំងពីរ សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេស នៅពេលដែលកម្ពុជាធ្វើជាប្រធាន អាស៊ាននៅឆ្នាំក្រោយ។

ចំពោះបញ្ហាតំបន់ លោកជំទាវ ម៉ារីស ផេន បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហានានាពាក់ព័ន្ធនឹងភាពជាដៃគូ AUKUS និងគោលបំណងរបស់ភាពជាដៃគូនេះ។ លោកជំទាវ បានសង្កត់ធ្ងន់ថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និង សមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះឡើយ។ បន្ថែមលើនេះផងដែរ AUKUS មិនមែនជាការបន្ថែមទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុង តំបន់នោះទេ។ ជាផ្នែកមួយនៃ AUKUS ប្រទេសអូស្ត្រាលី នឹងអាចទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើន សមត្ថភាពរបស់កងនាវាចរ អូស្ត្រាលី។ លោកជំទាវ បានបញ្ជាក់ជាថ្មីថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចនៃការមិនរីកសាយ​ភាយនៃអាវុធនុយក្លេអ៊ែរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។

លោកជំទាវ ម៉ារីស ផេន ក៏បានអះអាងជាថ្មីនូវការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះមជ្ឈភាពអាស៊ាន និងគោលការណ៍នានា ដែលមានចែង នៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ម៉ារីស ផេន សម្រាប់ព័ត៌មានពាក់ព័ន្ធ AUKUS ។ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការគាំទ្រមជ្ឈភាពអាស៊ាន និងពង្រីកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ជាពិសេសសន្ធិសញ្ញា TAC SEANWFZ និងតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត (ZOPFAN)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលីឱ្យមានការចូលរួមប្រកបដោយស្ថាបនាជាមួយអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងការ កសាងការទុកចិត្ត និងជំនឿជាក់លើគ្នាទៅវិញទៅមក សំដៅការពារបាន នូវនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ការបំផ្លិចបំផ្លាញ និងការឈឺចាប់រាប់មិនអស់ជាច្រើនទសវត្សរ៍ ចង់ឃើញតំបន់ទាំងមូលនៅតែ រក្សាបាននូវសន្តិភាព ស្ថិរភាព និង វិបុលភាព ហើយនិងបានសង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងដែលកំពុង មានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាព ទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យ អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការ លម្ហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់បន្ទាន់ ដែលមានសារសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ រួមមានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ៕ដោយ ៖ យី វិច្ឆិកា 



រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។

សេចក្តីសម្រេចរាជរដ្ឋាភិបាលនេះ គឺអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្នុងឆ្នាំ២០១៧ នូវក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ហើយដែលក្រុមការងារអន្តរក្រសួងក្រោមការដឹកនាំរបស់លោក ថោង ខុន បានសម្រេចការងារជាច្រើន ដូចជាការអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ការរៀបចំវេទិកាជាតិអេកូទេសចរណ៍ចំនួន២លើក ការកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកាប្រចាំឆ្នាំជា «ទិវាជាតិអេកូទេសចរណ៍» រួមជាមួយការដោះស្រាយបញ្ញាជាក់ស្តែងជាច្រើនទៀតរបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

តាមរយៈយន្តការគណៈកម្មាធិការជាតិនេះ បញ្ហាប្រឈមនានារបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នឹងត្រូវជំរុញដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes