សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅក្រុងស្ទឹងត្រែង, អាជ្ញាធរ និងមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធ

ចំនួនអ្នកទស្សនា: Views

 

(ស្ទឹងត្រែង)៖ ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ខណៈកម្លាំងអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធករណីនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។

យ៉ាងណាមិញ សម្រាប់ករណីនេះមន្ដ្រីសុខាភិបាល បាននិងកំពុងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះរៀបចំទីតាំងនៅភោជនីយដ្ឋាន «កាឡាក់ស៉ី» ដើម្បីសម្រុកយកសំណាកអ្នក ដែលមានការសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីភោជនីយដ្ឋាន «កាឡាក់ស៉ី» នៅមានខារ៉ាអូខេ «វិមានមាស» មួយទៀត ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងនោះក៏បានរកឃើញមនុស្សចំនួន៣នាក់ផងដែរ វិជ្ជមានជំងឺកូវីដ១៩។

ជាមួយគ្នានេះ សមត្ថកិច្ចបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕













ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលរៀបចំឡើង តាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធជាង៥០០នាក់ ដែលជាថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងឃុំ ពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារ ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១ ៥០០គ្រួសារ។

សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល៕


ប្រទេសចិនជម្រុញឱ្យមានការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងសកលលោក

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញថ្ងៃ:ទី ២៤ ខែមិថុនា ឆ្នាំ ២០២១  អ្នកការទូតជាន់ខ្ពស់ចិនម្នាក់បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួកគេទៅជាសកម្មភាព និងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលានៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (UNOG) បានអំពាវនាវដូចនេះនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាស្តីពី ជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។

លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងពិភពលោក ដោយលោកបានកត់សម្គាល់ថា វ៉ាក់សាំងទាំងអស់ចំនួន ២,៦ប៊ីលានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក ដោយក្នុងនោះមានតែប្រមាណ ០,៣ភាគរយប៉ុណ្ណោះដែលត្រូវបានចែកចាយនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Chen បាននិយាយថា «យើងមានការព្រួយបារម្ភដោយនិន្នាការរំខាននៃការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងការរក្សាទុកវ៉ាក់សាំងដែលនៅឆ្ងាយពីតម្រូវការរបស់ប្រជាជនពួកគេ»។

លោក Chen បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនចំពោះការចែកចាយ និងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកប្រកបដោយភាពយុត្តិធម៌ និងស្មើភាពគ្នា។

លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកែលំអភាពងាយស្រួល លទ្ធភាព និងការផលិតវ៉ាក់សាំងបែបនេះ និងផលិតផលសុខភាពផ្សេងៗទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងបញ្ចប់ការរាលដាលនៃជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើបានផងដែរ។

លោក Chen បានអំពាវនាវដល់ប្រទេសទាំងអស់ និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ពួកគេ ខណៈដែលកំពុងមានការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីកសាងសមត្ថភាពក្នុងស្រុកសម្រាប់ការផលិតវ៉ាក់សាំង និងគាំទ្រដល់ការអំពាវនាវឱ្យមានការលើកលែងសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ (ប្រភព People's Daily បកប្រែដោយលោក យា ចិន្តាខន្តី) 

ខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករ និយោជិត ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះទៅ

ចំនួនអ្នកទស្សនា: Views

 

កំពង់ស្ពឺ : ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិតនៅគ្រប់រោងចក្រ សហគ្រាស និងអ្នកនៅទីប្រជុំជនចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះទៅ ។ នេះបើយោងតាមការអះអាងរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅ ព្រឹកថ្ងៃ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនាឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ AKP ឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងទ្រង់ ទ្រាយធំនាពេលនេះ រដ្ឋបាលខេត្តបានបង្កើតទីតាំងធំៗបន្ថែមចំនួន៤ រួមមាន៖ ទីតាំងរោងចក្រវីងស្តាស៊ូ ស្ថិតនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សីនិងរោងចក្រ ស្មាតស៊ើត ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី រោងចក្រ ស៊ីគ្លូ និងសាលាអនុវិទ្យាល័យឆាយឆុំ ស្ថិតនៅក្រុងច្បារមន ។ ជាមួយគ្នានេះក៏មានការចូលរួមពីពេទ្យកងយោធពលខេមរភូមិន្ទ ប្រមាណ ៤០០នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងនៅតាមគោលដៅទាំង៨ក្រុង ស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែង បន្ថែមទៀតសម្រាប់ធ្វើការចាក់ផងដែរ ។

បើតាមគោលការណ៍របស់យើង គឺយើងចាក់វ៉ាក់សាំងលើអ្នកដែលប្រឈមខ្លាំងមុនគេ ហើយនៅថ្ងៃទី២២ ខែមិថុនានេះ យើងបើកយុទ្ធនាការទ្រង់ទ្រាយធំ ទៅគ្រប់រោងចក្រ សហគ្រាសទាំងអស់ទូទាំងខេត្តកំពង់ស្ពឺតែម្តង។

ឯកឧត្តមបានបន្តទៀតថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន៥៥ម៉ឺនដូស ពីក្រសួងសុខាភិបាល សម្រាប់ចាក់ជូនអ្នកដែលមានការប្រឈមនឹងជំងឺកូវីដ-១៩។ ចំនួន៥៥ម៉ឺនដូសហ្នឹងយើងចែកជាពីរសិន ពាក់កណ្តាលយើងចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនេះយើងបញ្ជូនទៅចាក់នៅទីប្រជុំជនទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ ៕

រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ : ថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២១ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ លោករដ្ឋមន្រ្តីការបេទេសអង់គ្លេសបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២២ខែមិថុនា ដើម្បូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

​ចំពោះខ្លឹមសារនៃជំនួបរបស់លោករដ្ឋមន្រ្តីទាំងពីមិនទាន់ត្រូវបានផ្តល់ជូនលំអិតនៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ គឺបន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួច រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។

ឯកឧត្តមដូ​មី​និក រ៉ា​អាប់ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​តាម​យន្តហោះ​ពិសេស​បានមក​ដល់ក​ម្ពុ​ជា​ដោយ​សុវត្ថិភាព​ហើយ​នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ តប​តាម​ការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស ផ្តើម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។​

ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ និង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។ ក្នុងឱកាស​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ នឹងមាន​ជំនួប​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផងដែរ​៕

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ​៧០ភាគរយ

ចំនួនអ្នកទស្សនា: Views

 សៀមរាប: ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា គម្រោងកែលម្អសោភ័ណភាពនៅមុខបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ សម្រេចបាន​ប្រមាណជា៧០ភាគរយហើយ ។

រូបថត៖ AKP-សៀមរាប

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលទីតាំងភោជនីយដ្ឋាន២កន្លែង នៅស្រុកពញាក្រែក ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ

ចំនួនអ្នកទស្សនា: Views


(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទបណ្ដោះអាសន្នទីតាំងទាំង២ខាងលើនេះ រយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គលដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖



អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រះសីហនុ: ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីខេមបូឌា អេសអេសអ៊ី ហ្សិត ជេឌីលីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងម៉ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោកឧកញ៉ា និងមន្ត្រីរាជការខេត្តព្រះសីហនុ ដែលបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភជូនសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ព្រឹកថ្ងៃ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ។

ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ខេមបូឌា អេសអេសអ៊ីហ្សិ ត ជេឌីលីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងម៉ូស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន, លោកឧកញ៉ា និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ដែលបាននាំយកសម្ភារ និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ ថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

ពិសេសប្រជាពលរដ្ឋនៅក្នុងទីតាំងបិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះ សីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ ។ ធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរបស់យើង ឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀង ស្លាប់ដោយសារខ្វះស្បៀងនោះទេ ពិសេសសម្ភារបម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ក្រុមហ៊ុន សណ្ឋាគារ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីឱ្យសាខាមានសម្ភារ ធនធាន ថវិកា ដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ពិសេសសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ ១-ក្រុមហ៊ុន ខេមបូឌា អេសអេសអ៊ីហ្សិត ជេឌីលីង ឡូនីស្ទីក ឯ.ក Cambodia SSEZ J.D Link Logistics Co,, Ltd និងសាខាកាកបាទក្រហមខេត្ត ជាំងស៊ូ និងក្រុងម៉ូស៊ី RCSC JIAN SU BR WUXI BR នៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភថវិកា ម៉ាសចំនួន ១០០កេស ស្មើនឹង ២០០.០០០ម៉ាស និងអាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥.០០០ ។ ២-លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងលោកស្រី ឧបត្ថម្ភថវិកា ២.០០០ដុល្លារអាម៉េរិក ។ ៣-មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១លានរៀល ។ ៤-លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក ។ ៥-លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក ។ ៦-លោក សន កុសល និងលោកស្រី ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ។ ៧-មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ៩.៣២០.០០០រៀល ៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes