សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡា KP ម៉ន ដានី នៅលើផ្លូវជាតិលេខ៣ ចាប់ផ្តើមបើកលក់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ ហិចតា បានប្រកាសចាប់ផ្តើមបើកលក់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។

លំនៅដ្ឋានវីឡាប្រណិត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥,០០០ ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងមានចម្ងាយតែ ១ គីឡូម៉ែត្រពីផ្លូវក្រវាត់ក្រុងទី៣ តែប៉ុណ្ណោះ។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមប្រកាសលក់ជាផ្លូវការតែម្តង។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥,០០០ ខ្នង ដោយបោះទុនបឋមចំនួន ២០ លានដុល្លារ។ ផ្ទះវីឡាចែកចេញជា ២ ប្រភេទ គឺវីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតាមានទំហំ ១២៥ ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ ១២៥ ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ ម៉ែត្រការ៉េ។

វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥,០០០ ដុល្លារ រហូតដល់ ៥៥,០០០ ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារបំពាក់ជាច្រើនទៀត ដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្រ្កានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។

សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន ៣ លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់ ៣០ ភាគរយ ៥០ ភាគរយ ឬបង់ផ្តាច់ ១០០ ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់ ៣០ ភាគរយ និង ៥០ ភាគរយ អតិថិជនអាចបង់រម្លស់កញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយៈពេល ២៤ ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ ១០,០០០ ដុល្លារអាមេរិកភ្លាម គឺពី ៣៥,០០០ មកត្រឹម ២៥,០០០ ដុល្លារអាមេរិក។

លោក យុនថាវង្ស ផងផាន់ បានឱ្យដឹងថា «វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងផ្ទះសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏អាចរកចំណូលបានផង និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ»។

នៅពេលសួរថា តើជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភចំពោះការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានលើផ្លូវជាតិលេខ៣នេះដែរឬទេ លោក ផងផាន់ បានឆ្លើយថា «បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ ប៉ុន្តែកូវីដ១៩ មិនបានបង្អាក់ដល់ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករឡេមួយជាពីរ ដែលនេះជាការចូលរួម ចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិយើង»។

លោកបានបន្ថែមថា ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងទេ ដោយហេតុថាតម្លៃដែលដាក់លក់ គឺទាប និងមធ្យម តែអតិថិជនទទួលបានសំណង់ស្អាត ទំនើប ទាន់សម័យ និងមានគុណភាពល្អដែលពិបាករកដូច។

លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែនសុខ ក្បែរវត្តត្នោត និងនៅខាងក្រោយទីលានវាយកូនគោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។

ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គម្រោងលំនៅដ្ឋានវីឡាប្រណិត KP ម៉ន ដានី ថ្មីនេះ សាងសង់នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្រ និងទីប្រជុំជន ជាពិសេសផ្លូវក្រវាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស។

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឬតាមរយៈគេហទំព័រ៖ https://goo.gl/maps/TFNi41zY3p6C6WaR7 ឬតាមរយៈលេខទូរសព្ទ៖ 095 995 990 / 098 995 990 / 060 994995 / 077994990 / 087994990៕

ទេសរដ្ឋមន្ត្រី មាស សុភា នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៤ភូមិក្នុងស្រុកឆែប ខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

 


(ព្រះវិហារ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ និងសមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខាខេត្តព្រះវិហារ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤ភូមិ ក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗរូប។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមមាគ៍ាដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនែកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកថា ជាក់ស្តែងខេត្តព្រះវិហាររបស់យើង កាលពីមុនគឺពិបាកខ្លាំងណាស់ ជាពិសេសផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត តែបច្ចុប្បន្ននេះខេត្តព្រះវិហារមានការរីកចម្រើនជឿនលឿនតាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយ៉ាល មិនខុសពីខេត្តផ្សេងៗនោះទេ។

ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាក ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អោយនៅគង់វង្សយូរអង្វែង ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ដើម្បីអនាគត់កូនចៅយើងជំនាន់ក្រោយៗទៀត។ ម៉្យាងវិញទៀតត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសសកម្មវិធីនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាចូលរួមថែរក្សាអនាម័យក្នុងការរស់នៅ អនាម័យក្នុងការៗការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ស្ត្រី​ទើប​ឆ្លងទន្លេ​ចំនួន ៨០ នាក់ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាស​អបអរសាទ​រ ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​

ចំនួនអ្នកទស្សនា: Views

 


សៀមរាបៈ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នៅ​មណ្ឌល​សុខភាព​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ពិធី​ណេះ​សំ​ណា​ល សាកសួរ​សុខទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌ ផ្ដល់ជូន​ស្ត្រី​ចំនួន ៨០ នាក់ ដែល​ទើប​ឆ្លងទន្លេ ដើម្បី​អបអរសាទរ ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ក្រោម​អធិបតីភាព​លោកស្រី ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ សាខា​ខេត្តសៀមរាប​។​

​ស្ត្រី​ទើប​ឆ្លងទន្លេ ទាំង ៨០ នាក់ ដែល​ទទួល​អំណោយ​មនុស្សធម៌ នាឱកាស​នេះ ជា​ពលរដ្ឋ មកពី​បណ្ដា​ឃុំ​ទាំង ៩ ក្នុងស្រុក​ប្រាសាទបាគង ដោយ​ម្នាក់ៗ ទទួលបាន​អង្ករ ៣០ គីឡូក្រាម ត្រីខ​១​យូរ ឃី​ត​១​កញ្ចប់ ទឹកដោះគោ​ខាប់ ២​កំប៉ុង ស្ករស ១​គីឡូក្រាម មី​១​កេស សាប៊ូ​ក្រអូប ២​ដុំ អាវ​បំបៅ​ដោះ​កូន ១ សម្ភារ​ទារក ១​កញ្ចប់ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​។​

​លោកស្រី ទាង អេង ទៀ សីហា បាន​ថ្លែង​សំណេះសំណាល និង​បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្រុក​ប្រាសាទបាគង ជាមួយគ្នានេះ លោកស្រី ក៏បាន​ណែនាំ​ដល់​ស្ត្រី មានគភ៌​ទាំងអស់ ត្រូវ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​ជំនាញ នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់ខ្លួន និង​ទទួលយក​សេវា​បង្ការ ព្យាបាល ថែទាំ​ឲ្យ​បាន​ទៀងទាត់ តាម​កាលកំណត់ រាល់​ការ​សម្រាលកូន ត្រូវតែទៅ​សម្រាល នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែលមាន​ពេទ្យ​ជំនាញ ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ច្បាស់លាស់​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព​។ ក្រោយពេល សម្រាលកូន​ហើយ សូមកុំ​ភ្លេច​បំបៅ​ទឹកដោះ​ដំបូង ដល់​ទារក ហើយ​ទាំង​មាតា និង​ទារក ត្រូវ​ទៅ​ទទួល​ចាក់​ថ្នាំ​បង្ការ​ជំងឺ ទាំង ១១ មុខ ទៅតាម​ការណែនាំ និង​កាលកំណត់ របស់​ក្រុមគ្រូពេទ្យ ជាពិសេស ត្រូវ​បន្ត​អនុវត្ត វិធានការ​បង្ការ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ខ្លួន​ពី​មេរោគ​កូ​វិដ​១៩ ផងដែរ ៕

 

 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ២ និង២២, សាងសង់សម្រេចបានជាង ២៧ភាគរយហើយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ផ្លូវជាតិទាំង២ខ្សែនេះ សាងសង់សម្រេចបានជាង ២៧ភាគរយហើយ។

ដំណើរចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០.៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២.៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤.៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០.៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន៖ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣៖ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាល បេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦.១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និង២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន ២៧.១០%ហើយ។

ថ្លែងទៅកាន់តំណាងក្រុមហ៊ុនសាងសង់ក៏ដូចជាតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្នុងអំឡុងពេលនៃការចុះពិនិត្យនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងអាចចរចារយៈពេលនៃការសាងសង់បាន ប៉ុន្តែក្រុមហ៊ុនត្រូវគោរពនិងអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានជាដាច់ខាតដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងចំណេញពេលវេលាផងដែរ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes