សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ភ្ញៀវទេសចរទៅលេងខេត្តកែបក្នុងរយ:ពេលឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌបីថ្ងៃមានចំនួនជាង៩៦,០០០នាក់

ចំនួនអ្នកទស្សនា: Views

  


កែប៖ភ្ញៀវទេសចរជាតិ​-បរទេស​ អញ្ចើញមកសម្រាកលំហែកម្សាន្តនៅ​ រមណីយដ្ឋាន​ឆ្នេរកែប​ ក្រុង​កែប​ នាថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ​២០២១​ និងចំនួនស្ថិតិភ្ញៀវទេសចរសរុប​ គិតចាប់ពីថ្ងៃទី០៥​ ដល់ថ្ងៃទី០៧ ខែតុលា​ ឆ្នាំ​២០២១​ នៃពិធីបុណ្យភ្ជុំបិណ្ឌ​ របស់ខ្មែរ យើង ដែលមានទិន្នន័យដូចខាងក្រោម៖​

+​ ភ្ញៀវទេសចរសរុប នាថ្ងៃទី ០៧ ខែតុលា​ ឆ្នាំ​២០២១​ នេះ​ មានចំនួនសរុប​ ៣៥,៨៦៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន​ ៣៥,៧៦១នាក់​ និងភ្ញៀវទេសចរបរទេសចំនួន​ ១០៣នាក់​

-រថយន្ដ​សរុបចំនួន​៣,០៤៦ គ្រឿង ក្នុង​នោះ​រថយន្ត​តូច​ចំនួន២,១១៦គ្រឿង​ រថយន្ត​មធ្យម​ចំនួន​ ៩០៥គ្រឿង​ និងរថយន្តធំចំនួន​ ២៥គ្រឿង​។

+​ ភ្ញៀវទេសចរ​សរុបដោយគិតចាប់ពីថ្ងៃទី៥-៧​ ខែតុលា​ ឆ្នាំ​២០២១​ នៃពិធីបុណ្យភ្ជុំបិណ្ឌ​ ធៀបនឹងឆ្នាំ២០២០​ សម្រាប់ខេត្តកែប​ ទទួលបាន​ភ្ញៀវទេសចរសរុបចំនួន ៩៦,៤៧១នាក់/៦៨,០៥៤នាក់​ កើនឡើង ៤១.៧៥% ភ្ញៀវទេសចរជាតិ​៩៦,១៣២នាក់​/៦៧,៨០៩​ កើនឡើង៤១.៧៦%​ភ្ញៀវទេសចរបរទេស​ ៣៣៩នាក់/២៤៥នាក់​ កើនឡើង​ ៣៨.៣៦%​ ។

-ចំនួនរថយន្តសរុបចំនួន ១០,៨៣៨គ្រឿង​ រថយន្ដ​តូច៧,៥០៧គ្រឿង​ រថយន្ដ​មធ្យម​ ៣,២៦៧គ្រឿង​ និងរថយន្តធំ៦៤គ្រឿង​ សម្រាប់ការងារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ មានភាពល្អប្រសើរ៕

ដោយ៖មន្ទីរព័ត៌មានខេត្តកែប


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋ កុំសប្បាយភ្លេចខ្លួន រហូតក្លាយជាទុក្ខ

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ 

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ឬក្រុមណាមួយនោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ ដែលនឹងបង្កជាទុក្ខនៅក្នុងសហគមន៍ ដែលបុគ្គលនោះរស់នៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ ហើយដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ខ្លួន។

លោកជំទាវ បានក្រើនរម្លឹកដូច្នេះ បន្ទាប់ពីមានការដើរកម្សាន្តយ៉ាងច្រើនកុះករទៅកាន់រមណីយដ្ឋាននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកជំទាវសង្កត់ធ្ងន់ថា ៖ “ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេក ហើយមិនមានអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួក “ដែលតា” កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ដូចនេះហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានះចង់ចូលទៅលេងទឹក ឬកម្សាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច”។

លោកជំទាវ បានបន្ថែមថា បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលលោកជំទាវ បានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហើយដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែមិនត្រូវឱ្យការសប្បាយរបស់ខ្លួនក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅ តើការសប្បាយ តែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកម្សាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តនៃវីរុសបំប្លែងកូវីដ-១៩។

តាមរយៈការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” នោះទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។

ជាថ្មីម្តងទៀត លោកជំទាវ បានរម្លឹកថា ៖ “ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកម្សាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្ត “៣ការពារ និង៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ត្រូវរួមគ្នាបញ្ចៀសឱ្យបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ និងត្រូវចេះជួយដាស់តឿនគ្នា រម្លឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកម្សាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ dara

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំង

ចំនួនអ្នកទស្សនា: Views


   ខេត្តព្រះសីហនុ :  នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 


ក្នុងឱកាសនោះ ឯកឧត្តម​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងការកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលកន្លងមក។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន៖ ទឹកក្រូចចំនួន ១០០កេស ទឹកបរិសុទ្ធចំនួន ៥០កេស និងថវិកាចំនួន ១០លានរៀល ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ។







រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្ម ៤.០ រួមចំណែកយ៉ាងសំខាន់ សម្រួល ការធ្វើដំណើរភ្ញៀវទេសចរ

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្ម ៤.០ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល ដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរទាំងទេសចរក្នុងស្រុក និងអន្តរជាតិ។

រដ្ឋមន្ត្រី ថោង ខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដោយមានការ ចុះហត្ថលេខារវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Frederic Proulx ស្ថាបនិកក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍ រួមទាំងមន្ត្រីក្រសួងជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩នេះ ការវិវត្តន៍នៃសមត្ថភាព និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យ ទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ដោយក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយុទ្ធសាស្ត្រ«ទេសចរណ៍ឆ្លាតវៃ (SMART Tourism)» ដើម្បីជំរុញការសម្រួល ការធ្វើដំណើររបស់ភ្ញៀវទេសចរស្របតាមសភាពការណ៍ និងនិន្នាការទេសចរណ៍ថ្មីៗផងដែរ។

លោក ថោង រដ្ឋសកិ្ត បានឱ្យដឹងដែរថា ការចុះ MoUនេះ ដើម្បីផ្តល់ជាបទពិសោធន៍ និងភាពងាយស្រួលជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតាមប្រព័ន្ធ online ដើម្បីធ្វើការសម្របសម្រួលភ្ញៀវរួមជាមួយគ្នាទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយការចូលរួមរបស់ក្រុមហ៊ុននេះ នឹងជំរុញបន្ថែមទៀតដល់ការអនុវត្ត យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍កម្ពុជាឆ្នាំ២០៣០។

លោក ថោង រដ្ឋសកិ្ត បានបន្ថែមថា ការចុះអនុស្សរណៈនេះក៏ជាការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ក្នុងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការគ្រប់គ្រង វិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ ក្នុងបរិបទ ប្រក្រតីភាពថ្មីឲ្យមានភាពធន់ ពង្រឹងសមត្ថភាពស្ថាប័ននិងបុគ្គលិកជំនាញជំរុញទីផ្សារ និងការផ្សព្វផ្សាយ ទេសចរណ៍ឌីជីថល ការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម នៅក្នុងដំណាក់កាលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញរួមមាន៖ការគ្រប់គ្រងវិបត្តិ ក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញឆ្នាំ២០២១, ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២២-២០២៣ និងការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤-២០២៥។

លោក Frederic Proulx បានបញ្ជាក់ថា តាមរយៈដំណោះស្រាយបច្ចេកវិទ្យាឌីជីថល Wonderpass ក្រុមហ៊ុននឹង ខិតខំជំរុញការផ្សព្វផ្សាយទេសចរណ៍ ក្នុងនិងក្រៅប្រទេស និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរមុនពេល និងអំឡុងពេលដំណើរកម្សាន្តនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការទូរទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រងការទស្សនាផងដែរ ដែលនេះជាការធានាដល់ការពង្រឹងការប្រកួតប្រជែងទីផ្សារទេសចរណ៍ នៅតំបន់អាស៊ីផងដែរក្នុងដំណាក់ ស្តារឡើងវិញ នៃវិស័យទេស ចរណ៍កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងសំខាន់ៗរួមមាន៖ ជំរុញការសិក្សាអភិវឌ្ឍន៍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ វ៉នឌើរផាស ថេកណឡជី (Wonderpass Technology) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទូទាត់រហ័ស និងងាយស្រួលក្នុងវិស័យទេសចរណ៍ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា និងការគាំទ្រការទូទាត់រហ័សសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង, ពង្រឹងសមត្ថភាពមន្ត្រីក្រសួង ទេសចរណ៍លើផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរ និងបច្ចេកទេសនៃការ គ្រប់គ្រង ព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មទាំងក្នុងនិងក្រៅប្រទេសផងដែរ៕


អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា-វៀតណាម នាក្នុងឱកាស បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

 



 កំពត: ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដល់កងកម្លាំងដែលមកពីអង្គភាពឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នាក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្ត។

រូបថត៖ AKP-កំពត

ចាប់ផ្តើមផលិតអុកស៊ីសែនជំហានសាកល្បងក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views

  


កំពង់ចាម ៖ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

បើតាមលោកវេជ្ជបណ្ឌិត យិន ស៊ីណាតប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ ដោយហេតុថា ម៉ាស៊ីនផលិតអុកស៊ីសែននេះមានសំឡេងខ្លាំង ម្យ៉ាងទៀតគឺត្រូវថែទាំម៉ាស៊ីននោះផងដែរ ។

លោកវេជ្ជបណ្ឌិត យិន ស៉ីណាត បានបញ្ជាក់ទៀតថា ក្រោយពេលបានសាក ល្បង ម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចមានសមត្ថភាព ផលិតអុកស៊ីសែនបាន ១០ បំពង់ ក្នុងរយៈពេល ១ម៉ោង ។

លោកវេជ្ជបណ្ឌិត បានរំលឹកដែរថា ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវដែលលោកទាំងពីរ បានសម្រេចផ្តល់ជំនួយម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះដល់ខេត្តកំពង់ចាម បន្ទាប់ពីមានការខ្នះខ្នែងយ៉ាងពេញទំហឹងពីឯកឧត្តមអ៊ុន ចាន់ដា ជាអភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់នៃមន្ទីរ ពេទ្យមេគង្គកំពង់ចាម៕

ដោយ៖លោកហ៊ាងចាន់ថា


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes