សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿននូវការសាងសង់ ឲ្យបានរួចរាល់តាមការគ្រោងទុក ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ប្រើប្រាស់បានយូរអង្វែង។

ការជំរុញនេះធ្វើឡើងនៅក្នុង កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ដែលមានទីតាំងស្ថិតភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានស្នើឲ្យ ក្រុមហ៊ុនទទួលការសាងសង់ត្រូវពន្លឿនដល់ការងារដាក់លូបង្ហូទឹក និងផ្លូវក្នុងមណ្ឌល ពីព្រោះពេលនេះជារដូវភ្លៀង ដើម្បីជៀសវាងកុំឲ្យលិចទឹកក្នុងការដ្ឋាន និងពិបាកដល់ការដឹកជញ្ជូនសម្ភារៈ ដែលអាចធ្វើឲ្យរាំងស្ទះដល់ការងារសាងសង់។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យក្រុមហ៊ុនសាងសង់ត្រូវរៀបចំសាលប្រជុំ សម្រាប់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមកប្រជុំ និងត្រួតពិនិត្យ ត្រូវរៀបចំប្រព័ន្ធដាក់ភ្លើងឲ្យបានល្អ ពង្រឹងលើការងាររក្សាសន្ដិសុខ សណ្តាប់ធ្នាប់ក្នុងការរដ្ឋាន ជាពិសេសត្រូវរៀបចំវិធានការការពារជំងឺកូវីដ-១៩ ដល់កម្មករ ចំពោះ កម្មករថ្មីត្រូវធ្វើតេស្តមុននឹងចូលធ្វើការ កម្មករទាំងអស់តំរូវឲ្យស្នាក់នៅក្នុងការដ្ឋាន មិនអនុញ្ញាតឲ្យទៅក្រៅឡើយ ដើម្បីការពារការឆ្លងកូវីដ-១៩ ក្នុងការដ្ឋាន ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក៏បាន ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវសហការសុំយោបលជាមួយរដ្ឋបាលខេត្ត និងក្រុមបច្ចេកទេស ដើម្បីគុណភាពសំណង និងការសាងសង់អាចសំរេចបានតាមផែនការ ឯកឧត្តមនឹងចាត់អភិបាលរងខេត្តម្នាក់ចុះប្រចាំការផ្ទាល់ដើម្បីធ្វើឲ្យការងារនេះកាន់តែទទួលបានលទ្ធផលល្អប្រសើរផងដែរ។

សូមជម្រាបជូនថា មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ ហិកតា ក្នុងនោះមាន២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគាការិយាល័យរដ្ឋបាល អគាររោងជាងសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ នឹងអាចទទួលព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណជាងពីរពាន់នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ spsnews

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលេន អញ្ជើញជួបពិភាក្សាការងារ​ជាមួយអភិបាលខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 កំពង់ធំ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលេន (Li Ailan) តំណាង អង្គការសុខភាពពិភពលោក​ប្រចាំប្រទេសកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អំពីស្ថានភាពនៃ​ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្ត ។

រូបថត៖ AKP-កំពង់ធំ

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ មានតែវ៉ាក់សាំង វិធានបីកុំ បីកាពារ និងការទទួលខុសត្រូវបុគ្កលទេទើបអាចយកឈ្នះកូវីដ-១៩បាន

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ធំ: ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ខលេខាធិការក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចតេជោ ហ៊ុនសែន ចំនួន ៦,០០០,០០០៛ ០០ ដែល ៣,០០០,០០០៛ ០០ បានប្រគល់ជូនដល់លោកតា អ៊ុក ស៊ីម ដែលមានអាយុ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក និង ៣,០០០,០០០៛ ០០ប្រគល់ជូនលោកយាយ ជុំ លីវ ដែលមានអាយុ១០៤ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ។

លោកជំទាវក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចតិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងយកចិត្តទុកដាល់បំផុតដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសនិងគ្រប់ស្ថានភាពទាំងអស់ ។

ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបានមានប្រសាសន៍ថា មានតែវ៉ាក់សាំង វិធានការបីការពារ បីកុំ និងការទទួលខុសត្រូវបុគ្គលទេទើបអាចយកឈ្នះលើកូវីដ.១៩បាន ។

លើសពីនេះលោកជំទាវបានបន្ថែមថា ថ្វីដ្បិតមកទល់នឹងពេលនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ.១៩បានជាង៩លានអ្នកហើយក្តី ប៉ុន្តែយើងនៅតែមានករណីឆ្លងថ្មីៗ ពីសេស ដែលជា ហេតុនេះហើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ហើយរៀនរស់ក្នុងបរិបទថ្មីទើបអាចទប់ស្កាត់ការឆ្លងមេរោគកូវីដ.១៩បានជោគជ័យបំផុត។

សូមបញ្ជាក់ថា ក្រៅពីថវិកាបីលានរៀល ដែលបានជូនដល់លោកតានិងលោកយាយខាងលើក៏នូវមានគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បន្តផ្ដល់អំណោយ ជូនដល់គ្រួសារ ដែលសម្រាលបានកូនភ្លោះ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង !

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែលទើបសម្រាលបានកូនភ្លោះបីនាក់ ។អំណោយដ៏ថ្លៃថ្លានោះត្រូវបានឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បាននាំយកទៅប្រគល់ជូនដល់លំនៅឋានកូនភ្លោះទាំងបី(ប្រុសទាំង៣) នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង ចូលរួមផងដែរ ។ កូនភ្លោះទាំង០៣នាក់នេះគឺ បានសំរាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹក នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយមានឪពុក ឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ៣៣ឆ្នាំ ។

អំណោយរបស់ សម្តេចតេជោ ទាំងទ្វេ ដែលបានឧបត្ថម្ភដល់គ្រួសារកូនភ្លោះ៣នាក់នាពេលនោះរួមមានអង្ករចំនួន ៥០គ.ក្រ, ទឹកដោះគោ ២កេស, ស្ករស ៥គ.ក្រ, ក្រម៉ា២ , សារ៉ុង ២ និងថវិកាចំនួន៥លានរៀល ។ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ ៣នាក់ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នាក់នេះ ជាចៅសម្តេចថែមទៀតផង។ ឯកឧត្តម បន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ គឺជាអំណោយទាន ដែលបានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឆ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានប្រសូត្រទារកភ្លោះបីពិតប្រាកដ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការយកអំណោយ មកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឹសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបាន កូនភ្លោះ៣ គឹកូនទាំងនោះជាចៅៗរបស់សម្តេចទាំងពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នាផងដែរ។ ឯកឧត្តម គុជ លីណា ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមគ្រួសារកូនភ្លោះបីនាក់ត្រូវចូលរួមទប់ស្កាត់ជម្ងឺដ៏កាចសាហាវកូវីដ-១៩នេះ គឺយើងទាំងអស់គ្នាត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ។ ក្នុងនោះផងដែរ ក្រុមគ្រួសារកូនភ្លោះបីនាក់ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេចុះជួយអន្តរាគមន៍គ្រប់ពេលវេលាផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២,៥លាន ដូសរបស់ចិន បានដឹកមកដល់កម្ពុជាហើយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ២,៥លានដូសបន្ថែមទៀត បានដឹកពីប្រទេសចិន មកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញហើយ នៅព្រឹកថ្ងៃទី ០៤ខែ កញ្ញា ឆ្នាំ២០២១នេះដើម្បីចាក់ជូនប្រជាពលរដ្ឋ។

  ពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមវត្តមាន លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខា ធិការក្រសួងសុខាភិបាល។                                    លោកជំទាវស្រី យក់ សម្បត្តិ  បានបញ្ជាក់បន្ថែមថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។    វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។  រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាបាន បញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ២៩,៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការ បញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ប្រទេសចិន។ តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងសរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ៕


រដ្ឋបាលរាជធានី បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតនៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ: ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១

រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ កញ្ញា ២០២១ បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារនេះ អមដោយអនុប្រធាន៥នាក់, អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះ។

ក្រុមការងារនេះមានតួនាទី ពិនិត្យពិភាក្សា និងកំណត់ភូមិសាស្ត្រមានហានិភ័យខ្ពស់ ហានិភ័យទាប និងគ្មានហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។

- វាយតម្លៃ និងជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។

- ដាក់ចេញនូវវិធានការចាំបាច់ ដើម្បីគាំទ្រ និងពង្រឹងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ឱ្យបាញ់ថ្នាំសម្លាប់មេរោគ មុននឹងបើកដំណើរការឡើងវិញ ដើម្បីចៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ -១៩ ក្នុងគ្រឹះស្ថានសិក្សា ។

- ជំរុញ និងលើកទឹកចិត្តដល់គណៈនាយក លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ "៣ការពារ និង៣កុំ" របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្របតាមបរិការណ៍ថ្មី គឺ "សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។

បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញត្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាជំនួយការដល់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដែលមានសមាសភាព អភិបាលខណ្ឌទាំង១៤ ជាប្រធាន ។

ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ មានតួនាទី៖

- ចុះត្រួតពិនិត្យ និងកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញនូវគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

- ជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខណ្ឌនីមួយៗ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។

- បូកសរុប និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូពរចាំបាច់នានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ រាយការណ៍ជូនមកក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រីះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច ឬ ស្នើសុំគោលការណ៍ដឹកនាំបន្តពីក្រសួងអប់រំ យុវជន និងកីឡា។

- អនុវត្តន៍ភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ ត្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ។ បង្កើតលេខាធិការដ្ឋាន នៃក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការ ឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ មានលោក នួន ផារ័ត្ន ជាប្រធានក្រុមការងារនេះ មានតួនាទីនិងភារកិច្ច មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលរាជធានីភ្នំពេញ និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់។

ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលខណ្ឌសាមី និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់ សមាជិក-សមាជិកាទាំងអស់៕

ដោយ សួស សំរិត, សម្រួលផ្សាយ៖ mcntvonline.com

ក្រសួងអប់រំ នឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ "អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត" តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការយល់ដឹងឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ក្រសួងនឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា នេះ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូ (Zoom) និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ប្រភពដដែលបានឱ្យដឹងថា ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យបាន ទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

ក្រសួងអប់រំ សូមលើកទឹកចិត្តឱ្យស្ថាប័ន ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា វិស័យឯកជនអ្នកសារព័ត៌មាន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជាពិសេស សិស្សានុសិស្ស និស្សិត និងយុវជនទាំងអស់ ចូលរួមតាមដានការផ្សព្វផ្សាយអំពីការប្រារព្ធ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១ ៕


អាជ្ញាធរខេត្តកំពង់ធំ គ្រោងនឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ នៅថ្ងៃទី២ ខែកញ្ញានេះ

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពង់ធំ :ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ ក្រោយពីបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងជុំវិញបរិវេណផ្សារទាំង៣ខាងលើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មុននឹងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។

ទន្ទឹមនិងនោះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់សំដៅកាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ.១៩ ដែលឆ្លងក្នុងចំណោមអាជីវករលក់ដូរក្នុងផ្សារ ។ បន្ទាប់ពីបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរក មេរោគកូវីដ.១៩ ចំនួន០៣លើករួចមក យើងសង្កេតឃើញថា ស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈានទៅដល់ការដាក់ឱ្យដំណើរការ ផ្សារទាំង០៣ឡើងវិញបាន ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវ រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានញឹកញាប់។

លើសពីនេះទៀត រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។


នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

«ដូច្នេះខ្ញុំស្នើឱ្យឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្តរាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួនដែលមិនមានជំងឺឆ្លងកើតឡើង»។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ សម្តេចបានបន្ថែមថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្ស។ សម្តេចបានយល់ឃើញថា សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ។

«សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យអាចរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាព គួបផ្សំ រវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេតេជោ។

សម្តេចបានយល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់នៅតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ សម្តេចបានស្នើឱ្យរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។

សម្តេចបានបញ្ជាក់បន្ថេមថា សម្រាប់រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ «ដូច្នេះហើយ ខ្ញុំស្នើឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាដើម្បីបើកសាលារៀនឡើងវិញ»។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅខែកញ្ញាឆ្នាំ២០២១ សូមកុំបារម្ភរឿងនេះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ: ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ។

នៅក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។

តែទោះជាយ៉ាងណាក្តីសម្តេចតេជោបានប្រាប់ថា សូមកុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

សម្តេចបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes