សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងវប្បធម៌កម្ពុជារៀបចំការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតអាស៊ានតាមរយៈប្រព័ន្ធវីដេអូ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បាន​​រៀប​​ចំការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតសមាគមប្រជា​ជាតិអាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ានតាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២បាន​​មាន​​ប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈសាមគ្គីប្រជាជាតិអាស៊ាននេះ គឺមិនគ្រាន់តែជាសកម្មភាព​​ដើម្បីអបអរ​​សាទរខួបនៃថ្ងៃបង្កើតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃចក្ខុវិស័យនិងការប្តេជ្ញាចិត្តក្នុងការ ជំរុញនិងលើកស្ទួយសកម្មភាពវប្បធម៌ ការសម្របខ្លួនទប់ទល់នឹងស្ថានភាពនៃផលប៉ះពាល់នានា​ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីប្រឈមមុខនឹងស្ថានភាពថ្មី​​ឆ្ពោះទៅការរិះ​រកវិធីថ្មីៗ ក្នុងការរៀបចំសកម្មភាពវប្បធម៌តាមបែបប្រក្រតីភាពថ្មី។ កិច្ចការនេះត្រូវមានគួបផ្សំផងដែរ នូវនិន្នាការសកលថ្មីនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ភាពវៃឆ្លាតសិប្បនិម្មិតនិងផលប៉ះពាល់នៃកូវីដ-១៩ របៀបនៃការធ្វើអាជីវកម្ម សកម្មភាពក្នុងបរិយាកាសនិងអាកាសធាតុបែបថ្មី។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការរីកចម្រើន​​នៃវប្បធម៌អាស៊ាន​​ដ៏សម្បូរបែប សូមអនុញ្ញាតឱ្យខ្ញុំរំលេច នូវគោលការណ៍វប្បធម៌ និងសិល្បៈសំខាន់ៗ​​នៃព្រះរាជាណា​​ចក្រកម្ពុជា ក្រោមបទដ្ឋាននៃការអភិរក្សនិងការអភិវឌ្ឍន៍មរតកវប្បធម៌រូបីនិង អរូបី ស្របតាមគោលន​​យោបាយជាតិស្តីពីវប្បធម៌ និងទិសស្លោក“អភិរក្សដើម្បីការអភិវឌ្ឍន៍និងការអភិវឌ្ឍន៍ ដើម្បីអភិរក្ស” ដែលគឺជាសូចនាករ ប្រកបដោយយុទ្ធសាស្ត្រដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្​​ច-សង្គមនិងការ​ការពារបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ដ៏គង់វង្សនៃជាតិយើង។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវប្បធម៌ជាព្រលឹងនិងអត្តសញ្ញាណជាតិរបស់យើង ដែលនេះគឺជា​​ស្ពាននិងជាគ្រឹះ សម្រាប់ការសន្ទនា ការផ្សះផ្សារសង្គមប្រកបដោយសុខដុម​​ភាពនិងសន្តិភាពនៅ​​ក្នុងសង្គម។

លោកជំទាវបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងក៏បានដាក់ចេញ នូវផែនការនិងវិធានការនានាក្នុងគោលបំណងលើក​​កម្ពស់ការអភិរក្សនិងអភិវឌ្ឍវប្បធម៌និងសិល្បៈ ដោយឈរលើគោលការណ៍ “រដ្ឋជាអ្នកគាំទ្រនិងអ្នក​​ការពារដៃគូ ឯកជនគឺជាអ្នកអនុវត្ត” ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រ។លើសពីនេះទៀត កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនៅថ្នាក់ជាតិនិងអន្តរជាតិ សង្គមស៊ីវិល​​និងអង្គការ​​ជាតិ-អន្តរជាតិ ត្រូវបានពង្រឹង បន្ថែមទៀតនូវការការពារ និងការលើកតម្លៃសិល្បៈ​​និងវប្បធម៌ក៏ដូចជាទំនៀមទម្លាប់និងប្រពៃណីជាតិដ៏ល្អផូរផង់ ស្របតាមគោលដៅ ប្រជាប្រិយក្រោម​​ទិស​​ស្លោក “បុរាណមិនយឺត សម័យមិនបរទេស” និងគោលដៅផ្សព្វផ្សាយវប្បធម៌នៃប្រទេសកម្ពុជា "ព្រះរាជាណាចក្រនៃវប្បធម៌"លើវេទិកាជាតិ និងអន្តរជាតិ ។

ជាមួយគ្នានោះដែរ លោកជំទាវបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរឹងមាំនៅ​​ក្នុង​ក្របខណ្ឌទ្វេ​​ភាគីនិងពហុភាគី ជាពិសេស កិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់អាស៊ាន គឺមានតួនាទីសំខាន់ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០២៥។ កិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសក្នុងក្របខ័ណ្ឌ រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងផល​​ប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈនា​ពេលអនាគតរបស់យើង ស្របតាមមូលបទនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន​​ទទួលបន្ទុកវប្បធម៌​​និងសិល្បៈលើកទី៩ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា ដែលកម្ពុជាដាក់ចេញកន្លង​​មកប្រកបដោយភាពរស់រវើកនិងភាពស្វាហាប់បន្ថែមទៀត។

សូមបញ្ជាក់ថា អាស៊ានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសរួម ក្នុងការបង្កើត សមាគមមួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ានបានក្លាយជាសមាគមដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

អភិបាលខេត្តកំពង់ធំ ជំរុញដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមបង្ការជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត

ចំនួនអ្នកទស្សនា: Views

 



កំពង់ធំ: ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ និងសហការី កាលពីថ្ងៃសុក្រ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១បាន អញ្ជើញបន្ដចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនិងដោយស្ម័គ្រចិត្តរស់នៅក្នុង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និង ស្រុកប្រាសាទបល្ល័ង្កដែលជាស្រកចុងក្រោយក្នុងក្រុង ស្រុកទាំង៩របស់ខេត្តកំពង់ធំ ។

ឯកឧត្តមសុខ លូ បានជំរុញដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមបង្ការជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលកម្ពុជា និងទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។ ឯកឧត្តម សុខ លូ បញ្ជាក់ថា យើងពិតជាមានភ័ព្វសំណាងណាស់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបំផុតតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា នឹងដោយឥតគិតថ្លៃ ។

ឯកឧត្តមសុខ លូ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ និងអរគុណចំពោះសម្តេចតេជោហ៊ុន សែន ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិបានផ្ដល់វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាតសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងមុននោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មកដល់ខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តស.ស.យ.ក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំជួយសម្របសម្រួលចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធនិងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលព្រមទាំងអនុវត្តន៏វិធានការ៣កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យឆ្លង និងដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា ៕

សាខាកាកបាទក្រហមកម្ពុជាខេត្ត បើកកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០

ចំនួនអ្នកទស្សនា: Views


 កណ្ដាល: ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

នៅរសៀលថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោ    ភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ ឆ្នាំ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាមួយ សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១ តាមអនឡាន(ZOOM)។

ឯកឧត្ដម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា យុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ របស់ សាខាជាមគ្គុទ្ទេសក៏សម្រាប់ដំណើរផ្លូវក្នុងរយៈពេល១០ឆ្នាំបន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តន៍សកម្មភាពនៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទី ស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀរគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា ដើម្បីជាទុនក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានក្រុង-ស្រុករៀងៗខ្លួន ៕

(ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

ឯកឧត្តម ហ៊ុន ម៉ានិតកោតសរសើររដ្ឋបាលខេត្តប៉ៃលិនក្នុងការរៀបចំ ប្រជាពលរដ្ឋធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩បានល្អ

ចំនួនអ្នកទស្សនា: Views

 


នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តនៅប៉ៃលិនកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការចេញចូល ប្រទេស និងធ្វើចត្តាឡីស័ក បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបានស្រីមុំ និងមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃ និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗទទួលធ្វើចត្តាឡីស័កនិងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ ឯកឧត្តមបានសុំឱ្យប្រជាពលរដ្ឋយើងដែលកំពុងតែធ្វើចត្តាឡីស័កនិងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់គឺខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាយើងកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩បំប្លែងថ្មីដែលមានឈ្មោះថា ដែលតា កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ ដូច្នេះឯកឧត្តមសូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កមានសភាពអត់ធ្មត់និងខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អធ្វើយ៉ាងណាត្រូវរស់នៅនិងធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ។

លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ឯក ឧត្តម ហ៊ុនម៉ានិតនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កនិងទីតាំងសម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន៩ ទីតាំង ក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន ០៣ទីតាំង និង នៅស្រុកសាលាក្រៅចំនួន ០៦ទីតាំង។ លោកជំទាវបន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័កនិងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយ ដែល មានសម្ភារប្រើប្រាស់ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងនិងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់អាហារបីពេល គ្រប់គ្រាន់សមរម្យ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។

សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែលឿនជាពិសេសវីរុសបំប្លែងខ្លួនថ្មីហៅថាដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ ព្រះវិហារនិងរួមមានខេត្តសៀម រាបផងដែរ។ ដោយឡែកសម្រាប់ ខេត្តប៉ៃលិនផ្ទាល់ក៏បាន ដាក់ចេញនូវសេចក្ដីសម្រេច និងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះរួមមានការអនុវត្តន៍វិធានការបម្រាមគោចរចន្លោះពីម៉ោង៩ យប់ ដល់ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះអាសន្នរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈ វេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាននិងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម សកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបរនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កម្ដៅនិងការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅស្រុកមោងឫស្សី

ចំនួនអ្នកទស្សនា: Views

 បាត់ដំបង: ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  នៅថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយលោកអភិបាលរងអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ បានអញ្ជើ ញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី បន្ទាប់ពីមានការផ្ទុះជាសហគមន៍នៅភូមិខាងលើនូវជំងឺកូវីដ-១៩យ៉ាងគំហុក ។

ឯកឧត្តម ងួន រតនៈ បានប្រសាន៍ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ សូមតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួនជាប់ជាប្រចាំ បើសិនជាមានចេញរោគសញ្ញាសង្ស័យណាមួយ សូមប្រញាប់រាយការណ៍ជូនដល់មេភូមិ មេឃុំ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅប្រចាំការ ដើម្បីបញ្ជូនមន្រ្ដីសុខាភិបាលធ្វើការរៀបចំតេស្ដយកសំណាកភ្លាមៗ ។

ឯកឧត្តម បានបន្តណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ កុំលួចចេញក្រៅ នៅពេលដែលអាជ្ញាធរមិននៅ ការដែលធ្វើបែបនេះគឺជាចេតនាបង្កភាពវឹកវរកាន់តែខ្លាំង ព្រោះអ្នកជាប់បិទខ្ទប់ទាំងអស់ ជាអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។ ដូច្នេះយើងមិនទាន់ដឹងថាអ្នកណាកើតអីនៅឡើយទេ ដូចនេះសូមបន្តការឃុំខ្លួនឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជានិច្ច ដោយការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ និងទឹកអាល់កុល ឬជែល ព្រមទាំងហូបស្អាតជានិច្ច ។

ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំគណៈប្រតិភូ ពិនិត្យស្ថានភាពជាក់ស្ដែង និង សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និង មន្រ្ដីកងកម្លាំងប្រដាប់អាវុធ មន្រ្ដីសុខាភិបាល ដែលនៅប្រចាំនៅព្រំប្រទល់បាត់ដំបង-ពោធិ៍សាត់ ផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

អភិបាលខេត្តកណ្តាល ចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដល់ក្មេងជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅស្រុកមុខកំពូល

ចំនួនអ្នកទស្សនា: Views

 


 កណ្តាល: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្តាល បាទបានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ជូនដល់កុមារ និង ក្មេងជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូលខេត្តកណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគោរព និងថ្លែងអរគុណចំពោះសម្តេចតេជោ អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានផ្តល់ឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និង ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំនៅពេលនេះ ដើម្បីបង្កើនភាពស៊ាំពេញលេញ ក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល នឹងឈានទៅបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅពេលខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានជូនពរក្មួយៗ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និង ជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ នៅពេលអនាគតខាងមុខ៕

 (ប្រភព:រដ្ឋបាលខេត្តកណ្តាល)

រដ្ឋបាលរាជធានីភ្នំពេញ៖ កុមារអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ បានមកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ យ៉ាងច្រើននៅតាមទីតាំងចំនួន ៣៩កន្លែង តាមបណ្ដាខណ្ឌទាំង១៤

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ៨រោច ខែទតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់១៧ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនៅថ្ងៃទី០១នេះ គេបានសង្កេតឃើញកុមារ និងយុវវ័យយ៉ាងច្រើនលើសលប់ បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធររាជធានីភ្នំពេញ  និងក្រសួងសុខាភិបាលពេញៗមណ្ឌល ។

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យនេះគេឃើញអាជ្ញាធរខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស គឺការរៀបចំសណ្តាប់ធ្នាប់ និងជំរុញឱ្យរក្សាគម្លាតសុវត្ថិភាពសង្គម កុំឱ្យរីករាលដាលជំងឺកូវីដ -១៩ ។

  ជុំវិញការចាក់វ៉ាក់សាំងជូនកុមារខាងលើ នៅព្រឹកថ្ងៃទី០១ ខែសីហានេះ នៅទាំង ៣៩ទីតាំង បានដំណើរការទៅដោយរលូន ។  

ចំណែកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានព្រមានរួចហើយទៅអាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ ។ បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញមិនមានការយោគយល់ឡើយ ។  

សូមបញ្ជាក់ថា បើយោងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដូសទី១ធ្វើឡើងរយៈពេល១ ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និង ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។  

ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជា សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ។   យុវវ័យចាប់ពីអាយុ ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឬ សៀវភៅ ស្នក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ភ្ជាប់មកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ អាយុ១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខ ណ៍អក្សរ ពីសំណាក់មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅ ឆ្ងាយពីមាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យមាតាបិតា និង អាណាព្យាបាលបំពេញនូវ លិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកបុត្រធីតា ឬ សាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ។

ចំពោះ អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌលវិញ ក្នុងករណីកុមារ និងយុវវ័យនោះ ជាជនអនាថាដែលពុំមាន អាណាព្យាបាល ឬ មិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ៕

 សម្រួលផ្សាយ៖ cnntvonline  

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ និងបន្ដចុះពិនិត្យមើលកន្លែងយកសំណាកបងប្អូននៅតំបន់ក្រហម ក្នុងភូមិស្ពានគ្រងនៃឃុំចំណាក្រោមស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

កំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារអភិវឌ្ឍន៍ស្ទោង និងផ្សារស្ទោង និងបន្ដចុះពិនិត្យមើលកន្លែងយកសំណាកបងប្អូននៅតំបន់ក្រហម (ភូមិស្ពានគ្រងនៃឃុំចំណាក្រោម) ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា ដោយសារក្រុមការងារ និងគណៈកម្មការផ្សារ បានពិនិត្យឃើញថា នៅផ្សារអភិវឌ្ឍន៍ស្ទោងបានត្រូវរៀបចំសណ្តាប់ធ្នាប់ផ្សារជូនដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយល្អ និងមានសោភ័ណភាពល្អ ។

ជាមួយនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនអាជីវករការលក់ដូរអនាធិបតេយ្យ មួយចំនួនដែលគ្មានសណ្តាប់ធ្នាប់នៅក្នុងផ្សារស្ទោង ត្រូវធ្វើការកែប្រែជាបន្ទាន់ដោយមិនត្រូវលក់ដូរលើចំណីថ្នល់ និងផ្លូវថ្នល់សាធារណៈឡើយ ។ ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅក្នុងផ្សារស្ទោងជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារដោយត្រូវផ្សព្វផ្សាយនិងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអាជីវករអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ចដើម្បីការពារកុំអោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញបន្តដំណើរចុះពិនិត្យមើលកន្លែងយកសំណាកបងប្អូននៅ“តំបន់ក្រហម”ក្នុងភូមិសាស្រ្ដ ភូមិស្ពានគ្រង នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ ។ ទន្ទឹមគ្នានោះក្រុមគ្រូពេទ្យ បានបញ្ជាក់ថា បានរកឃើញអ្នកវិជ្ជមាន កូវិដ ១៩ ចំនួន១៥នាក់ ក្នុងចំណោមអ្នកមកយកសំណាក ១៣៣ នាក់ ដោយការធ្វើតេស្តរហ័ស ។

ចុងក្រោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ជាពិសេសឯកឧត្តមសូមអំពាវនាវអោយបងប្អូនដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានមកយកសំណាកទាំងអស់គ្នា ដើម្បីអាចឆាប់បិទបញ្ចប់ការឆ្លងនៅក្នុងភូមិសាស្រ្ដដែលបានបិទខ្ទប់នេះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ 

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាស្បៀង ដើម្បីទុកផ្គត់ផ្គង់គ្រោះមហន្តរាយ និងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការរ៉តធ័រអេតប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

លោក ឆាត សុភាព នាយក វ៉តធ័រអេតប្រចាំកម្ពុជា រួមនឹងសហការីនាំយកអង្ករចំនួន ០២តោន ទឹកបរិសុទ្ធ ២០កេស ត្រីខ៥០យួរ មី៥០កេស ម៉ាស់០២កេស អាល់កុល០៥កានស្មើ១៥០លីត្រ និងសាប៊ូដុសខ្លួនចំនួន ០៥កេស ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ទុកចាត់ចែងទៅតាមតម្រូវការក្នុងអំឡុងពេលការរីកដាលនៃជំងឺកូវីដ-១៩ នេះ ការផ្តល់ជូនអំណោយនាពេលនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត រួមនិងមន្ត្រីរដ្ឋបាលខេត្តផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកអង្កការវ៉េតធ័រអេត ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ដ និងរាជរដ្ឋាភិបាលក្នុងពេលប្រទេសកំពុងរងផលប៉ះពាល់ដោយសារជំងឺដ៏កាចសាហាវ។ ឯកឧត្តម បានប្រសាសន៍បន្តថាៈ អំណោយទាំងអស់ដែលបានមកពីសប្បុរសជន ត្រូវបានបែងចែកទៅតាមគោលដៅ មណ្ឌលធ្វើចត្តាឡីស័ក និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង ៕

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង :ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមអំណាចសាលដីកាស្ថាពររបស់សាលាដំបូងខេត្តចំនួន៦ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានចំនួនជាង៦០គីឡូក្រាម។ ពិធី នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.២៥៦៥ ត្រូវ នឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ជាតំណាងសាលាដំបូងខេត្តទាំង៦បានបញ្ជាក់ថា គ្រឿងញៀនជាង៦០គីឡូក្រាមនេះបានមកពីការខិតខំចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តទាំង៦ ក្នុងនោះខេត្តបាត់ដំបងមានប្រមាណជាង៤០គីឡូក្រាម ក្រៅពីនោះជារបស់ខេត្តចំនួន៥ផ្សេងៗទៀត។

លោកព្រះរាជអាជ្ញាបានបន្ដថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជន ឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍៖ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទិវានេះគឺជាសារអប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យ ឱ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់ដែលបង្ករឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសម្ដែងនូវឆន្ទៈ និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរចែកចាយ និងការប្រើប្រាស់គ្រឿងញៀន៕

 ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង:សម្រួលដោយ:ដារ៉ា

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes