សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលខេត្តសៀម បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១៤២នាក់ និងជាសះស្បើយ២៥​នាក់

ចំនួនអ្នកទស្សនា: Views

  



ខេត្តសៀមរាប:ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១  រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤២នាក់ និងព្យាបាលជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់។

តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងចំនួនអ្នកឆ្លងថ្មីខាងលើនោះរួមមាន ករណីទី១ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៨ ដល់ទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះ ករណីទី៤២ ជាអ្នកធ្វើដំណើរមកពីខេត្តព្រះវិហារ, ករណីទី៤៣ និងទី៤៤ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ, ករណីទី៤៥ ដល់ទី៥២ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ(ការដ្ឋានRosae Apple Sqare) និងករណីទី៥៣ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជម្ងឺឈ្មោះ លាស់ ហេង។ ជាមួយគ្នានេះ ករណីទី៥៨ ដល់ទី១២៨ ជាករណីមានប្រភពចម្លងចេញពីមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន, ករណីទី១២៩ ដល់ទី១៤១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណីទី១៤២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏ករណីព្យាបាលជាសះស្បើយចំនួន ២៥នាក់ផងដែរ ដែលអ្នកទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប រកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ២,២៨០នាក់, បានព្យាបាលជាសះស្បើយចំនួន ៧៦៣នាក់, ស្លាប់ ២២នាក់ និង១,៤៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប, 

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៦នាក់

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៦នាក់ ស្រី ៩នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១០នាក់ ស្រី ៥នាក់ កុមារា ១នាក់ កុមារី ១នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៤នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ១នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់( គ្មានរបាយការណ៍) ។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ២នាក់ ស្រីចំនួន ១នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១៦នាក់ ស្រី ៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋមលើសុខភាព និងយកសំណាកពលករទាំងអស់ មានដូចជា ក្នុងករណីសុខភាពធម្មតាដោយតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះ។ ក្នុងករណី មានវិជ្ជមាន ក៏តម្រូវដាក់ឱ្យព្យាបាល នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល


សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបរិច្ចាគថវិកា៣លានដុល្លារ សម្រាប់ទិញឧបករណ៍តេស្តរហ័សរកកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានបរិច្ចាគថវិកា៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ១៩ ។

តារយៈសាររបស់សម្តេចតេជោ បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្តល់នូវថវិកាចំនួន ៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការដែលរាជរដ្ឋាភិបាលកំពុងតែចាត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតនៃជនរួមជាតិយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយជាស្បៀង និងសម្ភារៈការពារទប់ស្កាត់ជំងឺកូវីដ១៩ ពីលោក វង្ស ចំរើននិង លោកស្រីគង់ស៊ីថារ័ត្ន នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្តបានទទួលអំណោយពីលោក វង្ស ចំរើន និង លោកស្រី គង់សុីថារ័ត្ន សមាជិកក្រុមការងារបក្សចុះមូលដ្ឋាន​ស្រុកកំពង់ត្រឡាចសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ។

អំណោយរួមមានអង្ករ ចំនួន១តោន ម៉ាស់ ចំនួន០៤កេសធំ អាល់កុល ០៤កាន ស្មើ១២០លីត្រ និងទឹកសុទ្ធចំនួន៨០យួរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានចំណាយនូវ​ធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តពេលដែលកំពុងជួបកាលំបាកក្នុងអំឡុងពេលកូវីដ១៩ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា អំណោយទាំងអស់ដែលទទួលបានពីសប្បុរសជនត្រូវបានបែងចែកនិងយកទៅប្រើប្រាស់អោយ​ចំគោលដៅគ្រប់មណ្ឌលចត្តាឡីស័កនិមួយៗក្នុងខេត្តដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom)

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ :ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom)។

សូមបញ្ជាក់ផងដែរថា សម្រាប់របៀបវារៈនៃកិច្ចប្រជុំខាងលើរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។

និង៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់៕

ប្រភព៖ ទទក, 

លោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង និងប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ :ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ អុក សុខខឿន


សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺន ដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរ តាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ព្រះរាជ​អំណោយ​ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាស់ចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​ P.S.E (Pour un Sourire d'Enfant)​ ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិត​នៅសង្កាត់ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ៕ប្រភពពីRoyal du Cambodge

អភិបាលខេត្តកែប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងសាលាដំបូង ខេត្តកំពត និងខេត្តកែប

ចំនួនអ្នកទស្សនា: Views



កែប : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ទទួលជួបសម្ដែងការគួរសម និងពិភាក្សា ការងារជាមួយប្រតិភូតំណាងសាលាដំបូងខេត្តកំពត និងខេត្តកែប ដែលដឹកនាំដោយ ឯកឧត្តម លាង សំណាក់ ប្រធានសាលាដំបូងខេត្តកំពត និងឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកែប។

រូបថត÷ AKP-កែប


សម្ដេចតេជោ ហ៊ុន សែន៖ ជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

 ភ្នំពេញ : ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ 

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ជំនួយ​របស់​មិត្ត​ចិន គឺ​ពិតជា​ជួយ​ទៅដល់​ការពង្រឹង​នូវ​ឯករាជ្យ​ខាង​នយោបាយ ដើរ​ទន្ទឹម​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដោយ​សម្ដេច​បានបញ្ជាក់​ថា «​វា​ច្បាស់​ណាស់​ថា ប្រទេស​តូចតាច និង​ប្រទេស​ក្រីក្រ ត្រូវការ​ចាំបាច់​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព ចៀសវាង​នូវ​ការបង្គាប់បញ្ជា និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក ក្រោម​ប្រធានបទ «​ការបំពេញ​ការងារ​ដើម្បី​សុភមង្គល​ប្រជាជន​៖ ការទទួលខុសត្រូវរ​បស់​គណបក្សនយោបាយ​» តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ សម្ដែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​បក្ស​កុ​ម្មុនី​ស្ត​ចិន និង​ប្រជាជន​ចិន នៅក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ នៃ​ការបង្កើត​គណបក្ស​កុ​ម្មុនី​ស្ត​ចិន និង​ការសម្រេចបាន​ដោយ​ជោគជ័យ​នូវ​គោលដៅ ១០០​ឆ្នាំ លើក​ទី​១ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​វិបុលភាព​លើ​គ្រប់​វិស័យ​សម្រាប់​ប្រជាជន និង​ប្រទេស​ចិន​។ សម្ដេច​តេ​ជោ​បន្តថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​តម្រូវឱ្យ​ប្រទេស និង​គណបក្សនយោបាយ​ទាំងអស់​លើ​ពិភពលោក រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​បុព្វហេតុ​មនុស្សជាតិ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន អំពី​តួនាទី​របស់​គណបក្សនយោបាយ ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​សកល នៃ​ការឆ្លង​រា​ដាល​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គោលដៅ​នៃ​ការលើកកម្ពស់​សុភមង្គល វិបុលភាព និង​សុខមាលភាព​ប្រជាជន ដែល​ក្នុងនោះ​រួមមាន ទីមួយ​៖ ការតម្កល់​ខ្ពស់​នូវ​អាយុជីវិត និង​ផលប្រយោជន៍​ប្រជាជន និង​ការ​ជ្រោង​ខ្ពស់​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​គោរព​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​នីមួយៗ​។ ក្នុងន័យនេះ គណបក្សនយោបាយ​ទាំងអស់ ទោះ​ជាមាន​និន្នាការ​ណាក៏ដោយ ត្រូវ​គិតពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដោយ​មិនត្រូវ​លុះ​ទៅនឹង​របៀបវារៈ​រយៈពេល​ខ្លី នៃ​ការដណ្ដើម​អំណាច​ឱ្យខាងតែបាន តាម​គ្រប់​មធ្យោបាយ ដោយ​មិន​ខ្វល់​អំពី​សន្តិភាព ស្ថេរភាព អធិបតេយ្យភាព​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជន​នោះឡើយ​។ ក្នុង​កាលៈទេសៈ​ពោរពេញ​ដោយ​ភាព​ប្រឈម​ដ៏​ស្រួចស្រាល់​នេះ គណបក្សនយោបាយ គួរតែ​ប្រកាន់យក​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន ព្រមទាំង​បញ្ឈប់​ឱ្យបាន​នូវ​វប្បធម៌ និង​ឥរិយាបទ​ច្រណែនឈ្នានីស ចាំតែ​មើលបំណាំ ចោទប្រកាន់ និង​រិះគន់​គ្មាន​មូលដ្ឋាន ដោយ​ជំនួស​មកវិញ​នូវ​ឥរិយាបទ​បែប​ស្ថាបនា​និយម និង​ស្មារតី​នៃ​កិច្ចសហការ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​មនុស្សជាតិ និង​ប្រជាជន ទាំង​ក្នុង​ក្របខណ្ឌ​ពិភពលោក ក៏ដូចជា​ក្នុងប្រទេស​នីមួយៗ​។

​ទី​ពី​៖ ការរួបរួម​គ្នា​សង្គ្រោះ​អាយុជីវិត​មនុស្សជាតិ តាមរយៈ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ជោគជ័យ​។ គន្លឹះ​ដ៏​សំខាន់​មួយ​នៅ​កិច្ចប្រឹងប្រែង​ដើម្បី​គោលដៅ​នេះ គឺ​ការចែករំលែក​វ៉ាក់សាំង និង​ការចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​សាធារណៈ ដោយ​ប្រកាន់យក​នូ​ង​គោលការណ៍ «​វ៉ាក់សាំង​ពហុភាគី​និយម​» ទាំង​ក្នុង​ដំណើរ​ការផលិត ចែកចាយ និង​ប្រើប្រាស់​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ​បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យកចិត្តទុកដាក់​ជួយ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ដល់​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយ ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារ និង​ជាពិសេស ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការជួយ​សម្របសម្រួល និង​ការផ្ដល់​អាទិភាព​ដល់​កម្ពុជា​ចំពោះ​រាល់​ការបញ្ជាទិញ​វ៉ាក់សាំង ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដោយ​ឥត​លក្ខខណ្ឌ ដូច​ពាក្យស្លោក​ថា «​មិត្ត​ល្អ ជួយ​គ្នា​ក្នុង​គ្រា​មា​អាសន្ន​»​។

​ទី​បី​៖ នៅពេលដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ថមថយ​នាពេលខាងមុខ ការគិតគូរ​ទៅលើ​ការ​ងើប​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។ ប្រការនេះ នឹង​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​យ​ន្ត​ការ​ទ្វេភាគី និង​ពហុភាគី​និយម​ផ្សេងៗ ដូចជា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឈ្នះ ឈ្នះ​មួយ​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ស​ង្គ​ម​-​សេដ្ឋកិច្ច និង​វិបុលភាព​នៃ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​ជាថ្មី​ម្ដងទៀត នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​នឹង​នាំមក​នូវ​វិបុលភាព និង​សុភមង្គល ជូន​ដល់​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស និង​តំបន់ ស្ថិតក្រោម​វិសាលភាព​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ នៅក្នុង​បរិបទ​នៃ​ការ​ងើបឡើង​វិញ​នៃ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត​៕ ដោយ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួបលើកទី១៣នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបលើកទី១៣នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិក ភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២១)។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ ថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២១)។ សម្ដេចតេជោបន្តថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕


អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមិថុនា

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ដើម្បីពិភាក្សា និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាន៍ថា ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ អាត្រានៃការឆ្លងសហគមន៍នូវជំងឺកូវីដ-១៩ មានការរីករាលដាលកើនឡើងក្នុងខេត្តបាត់ដំបង ដែលភាគច្រើនមកពីការឆ្លងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈតែម្ដង ដែលប្រការនេះធ្វើឱ្យមានការអាក់ខានក្នុងការងារប្រជុំដោយផ្ទាល់អស់ជាច្រើនខែ ដោយភាគច្រើនត្រូវរៀបចំការប្រជុំតាមរយៈប្រព័ន្ធVideo Conference ដែលធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលមានការលំបាកជាងមុន ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងន័យនេះទាមទារឱ្យលោក លោកស្រីដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូលបន្តអនុវត្តន៍ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

បន្ទាប់ពីស្ដាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗ រាយការណ៍ពីបញ្ហាដែលកើតមានឡើងផងដែរ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត តំណាងមេ បញ្ជាការយោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង មន្រ្ដីពាក់ព័ន្ធមួយចំនួនផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)


អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

  កំពត: ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណអនុវិទ្យាល័យ ឌីម៉ុក មហាសាមគ្គីរសៀលថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ -១៩ ចំនួន៨៩គ្រួសារ នៅក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាក្រុង និងប្រជាពលរដ្ឋ ។

នៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោ បាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរម្លឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ, លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ។ ព្រមទាំងបានឧបត្ថម្ភថវិកា ៥៤ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការ ពារ ផងដែរ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes