សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ការអប់រំអំពីការថែទាំ​ និងព្យាបាលតាមផ្ទះ​

ចំនួនអ្នកទស្សនា: Views

 


( ភ្នំពេញ): ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងដំណាក់កាល ដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត​ ក្រសួងសុខាភិបាល កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់​ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ​ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ​៖

នកនាំពាក្យក្រសួងសុខាភិបាល ៖ បងប្អូនដែលជាប់គាំងក្នុងអំឡុងពេលបិទខ្ទប់ អាចចាក់ដូសទី២ នៅនឹងកន្លែងតែម្តង ដោយពុំចាំបាច់ធ្វើដំណើរឆ្លងខេត្តទៅកាន់ទីតាំងដែលបានចាក់ដូសទី១

ចំនួនអ្នកទស្សនា: Views


( ភ្នំពេញ): ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងតាមរយៈសារសម្លេងបន្ទាន់មួយនៅព្រឹកនេះថា រាល់បងប្អូនប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងអំឡុងពេលបិទខ្ទប់ អាចអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២បាន នៅនឹងកន្លែងដែលកំពុងជាប់គាំងតែម្តង ដោយពុំចាំបាច់ធ្វើដំណើរឆ្លងខេត្ត ឬក្រុង ទៅកាន់ទីតាំងដែលបានចាក់ដូសទី១ នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ៖ “ដើម្បីជំរុញក្នុងការអនុវត្តវិធានការបម្រាមបិទខ្ទប់ ដែលបានចូលជាធរមាន ដែលដាក់ចេញឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រាល់បុគ្គលគ្រប់រូប ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចហើយ ហើយដែលនឹងត្រូវចាក់ដូសទី២ ប៉ុន្តែបានជាប់គាំងក្នុងអំឡុងពេលនៃការបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺរាល់បុគ្គលខាងលើនេះ បើសិនជាជាប់គាំងនៅខេត្តណា ឬក្រុងណា ត្រូវចាក់វ៉ាក់សាំងនៅខេត្ត ឬក្រុងនោះតែម្តង ដោយត្រូវធ្វើការទំនាក់ទំនង ទៅមន្ទីរសុខាភិបាលក្នុងដែនសមត្ថកិច្ច នៃខេត្ត ឬក្រុងទាំងនោះ ដោយពុំត្រូវធ្វើដំណើរឆ្លងខេត្ត ឬក្រុងនោះឡើយ”។ 

មានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងជាប់នៅកន្លែងណា? ហើយត្រូវដល់ពេលចាក់វ៉ាក់សាំងដូសទី២ បន្ទាប់ពីបានចល័ត ឬធ្វើដំណើរ ទៅខេត្ត គឺត្រូវចាក់វ៉ាក់សាំងនៅទីតាំងដែលបុគ្គលកំពុងមានវត្តមានតែម្តង ដោយលោកជំទាវបានណែនាំថា ត្រូវចាក់ដូសទី២ ក្នុងចន្លោះពេលពី ១៤ថ្ងៃ ទៅ ២១ថ្ងៃ បន្ទាប់ពីចាក់ដូសទី១ សម្រាប់វ៉ាក់សាំង Sinovac។

ក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាត់ចែងដឹកវ៉ាក់សាំងទៅផ្គត់ផ្គង់ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ គឺក្នុងមួយខេត្ត នឹងជូនវ៉ាក់សាំងចំនួន ២០០ដូស សម្រាប់ត្រៀមបម្រុងទុកចាក់ជូនបុគ្គលដែលបានជាប់បម្រាមបិទខ្ទប់ នៅតាមបណ្តាខេត្តនីមួយៗ។

សូមរម្លឹកផងដែរថា បម្រាមបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាបណ្តោះអាសន្នចំនួន ០២សប្តាហ៍ ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមេសានោះ គឺដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ និងដើម្បីបញ្ឈប់ការចរាចរវីរុសនេះ ពីខេត្តឆ្លងចូលខេត្ត ខេត្តឆ្លងចូលក្រុង ឬ ពីក្រុងឆ្លងចូលខេត្ត។ 

ដោយឡែក កាលពីយប់ថ្ងៃទី១៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាបន្ថែមដល់គណៈអភិបាលរាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានការរដ្ឋបាល និងទោសទណ្ឌ ចំពោះបុគ្គលដែលល្មើសនឹងវិធានការនេះ។ សម្តេចតេជោ ក៏បានអំពាវនាវដ៏ទទូច ដល់បងប្អូនជនរួមជាតិ ត្រូវតែចូលរួមអនុវត្តទាំងអស់គ្នា ដោយត្រូវនៅផ្ទះ កុំចល័ត កុំជួបជុំ ហើយបើក្នុងករណីការរីករាលដាលពុំស្រាកស្រាន ឬថមថយទេនោះ វិធានការបិទខ្ទប់នេះអាចនឹងអូសបន្លាយបន្ថែមទៀត៕

វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេមើលឃើញថា ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ផងដែរ ពីការបន្តផ្តល់នូវកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន បានលើកឡើងថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសុាំ។

សម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែមេសានេះ វ៉ាក់សាំងមកដល់កម្ពុជា ៥០ម៉ឺនដូស (ដឹកមកដល់ថ្ងៃនេះ), ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស, ខែសីហា ១លានដូស៕

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១៧៨នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់ជាសះស្បើយ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។


សួស្តីឆ្នាំថ្មី! ប៉ុន្តែសូមយើងទាំងអស់គ្នាកុំភ្លេចជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១ រីករាយឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ឈានចូលព.ស ២៥៦៥ ដែលចូលមកដល់នាវេលាព្រឹកព្រលឹមថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១នេះ ប៉ុន្តែយើងទាំងអស់គ្នាដាច់ខាចត្រូវតែបន្តចូលរួមអនុវត្តវិធានការពារខ្លួនយើង និងក្រុមគ្រួសារ ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍នៃការបង្ការ និងការពារ «៣ការពារ ៣កុំ និង២ចូលរួម (ចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងចូលឆ្នាំនៅផ្ទះ)» ឱ្យបានខ្ជាប់ខ្ជួន។​

ជំងឺកូវីដ-​១៩ មិនមែនជារឿងលេងសើច ហើយមិនអាចមើលស្រាលបានទេ ដូច្នេះសូមចូលរួមបង្ការ និងការពារទាំងអស់គ្នា។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺកូវីដ-១៩ សរុប​រហូតដល់ទៅ ៤ ៦៩៦ នាក់ ក្នុងនោះករណីជាសះស្បើយមានចំនួន ២ ២៥២ នាក់ កំពុងសម្រាកព្យាបាល ២.៤០៦ នាក់ និងករណីស្លាប់ មាន ៣៣ នាក់ហើយ។ មកដល់ពេលនេះ ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយើង​ ដូច្នេះសូមយើងទាំងអស់គ្នា បន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តវិធានអនាម័យ​ ការរក្សាគម្លាតសុវត្ថិភាព​ កុំចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងប្រឈមនឹងការរីករាលដាលក្នុងសហគមន៍​ ខណៈដែលប្រទេសជិតខាង និងលើពិភពលោកក៏កំពុងបន្តទទួលរងនូវការរាតត្បាតនៃជំងឺនេះខ្លាំងក្លានៅឡើយ​ដែរ ។

ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលយើងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ប៉ុន្តែឆ្នាំនេះ សូមបង្កើនការប្រុងប្រយ័ត្នរបស់យើងឱ្យបានទ្វេដង ពីព្រោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺពិតជាការហែលឆ្លងនៃទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជម្ងឺឆ្លងនៅកម្ពុជា ។

​ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាកក្នុងការគ្រប់​គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ"។

រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដែលមានមនុស្សច្រើនកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិក្រុមគ្រួសារបងប្អូន តែងតែរៀបចំពិធីជួបជុំក្នុងពេលឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ប្រសិនបើយើង ជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារ នោះវីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះ សូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត ហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់យើងបានហើយ។ កាអនុវត្តរបៀបនេះ នឹងជួយឱ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឱ្យយើងចៀសផុតនូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា" ។​

បើតាមប្រសាសន៍លោកស្រីវេជ្ជបណ្ឌិត សូម្បីតែលោកអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ហើយក៏ដោយ ក៏ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការការពារកុំវីរុសនេះ រីករាលដាលបន្តទៀត។

លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា “វ៉ាក់សាំងការពារយើង មិនឱ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង និងចម្លងជំងឺទៅអ្នកផ្សេងទៀត ។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះ ព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត”។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ជាមេរោគឆ្លងលឿនដែលរហូតមកទល់នឹងពេលនេះ មានឆ្លងនៅក្នុងប្រទេសជាង ១២០នៅទូទាំងពិភពលោក ហើយក៏ត្រូវបានរកឃើញនៅប្រទេសកម្ពុជាផងដែរ។លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺខុសពីការរាតត្បាតនៃជំងឺនេះក្នុងពេលកន្លងមក។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 គឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងមុន ហើយបណ្តាលឱ្យឈឺជំងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើនដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ក៏ត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរដោយសារមេរោគបំប្លែងថ្មីមួយនេះ។ យើងត្រូវតែធានាឱ្យបានថារឿងដូច្នោះនឹងមិនកើតឡើងនៅប្រទេសកម្ពុជា។

”តាមរបាយការណ៍ដែលទទួលបានកន្លងមក ពាក់កណ្តាលនៃអ្នកដែលត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងការរាតត្បាតនៃជំងឺពេលបច្ចុប្បន្ននេះ មិនមានចេញរោគសញ្ញាឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលមិនគិតថាខ្លួនឈឺ ក៏ត្រូវតែថែរក្សាខ្លួនហើយអនុវត្តវិធានការការពារ ដោយសារពួកគាត់អាចមានផ្ទុកមេរោគ និងចម្លងជំងឺទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។បើតាមសំដីរបស់អ្នកជំនាញបរទេសរូបនោះ កម្ពុជាកំពុងឈរនៅផ្លូវបំបែក។

អី្វដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសបា្តហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។ ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួមរបស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះយើងអាចគ្រប់គ្រងការរាតត្បាតនៃជំងឺនេះបាន។ បើយើងមិនធ្វើដូច្នេះទេ ផលវិបាកចុងក្រោយគឺជាគ្រោះមន្តរាយដ៏ធំ។ យើងត្រូវចូលរួមអនុវត្តវិធានការការពារឱ្យបានលឿនជាងមេរោគ។ដោយសារតែបញ្ហានេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានខិតខំរៀបចំក្រមខណ្ឌច្បាប់ និងឯកសារគតិយុទ្ធជាច្រើន ដើម្បីបង្ការ និងការពារនូវការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ ដោយរួមទាំងការសម្រេចដាក់បម្រាមគោរចរ ការចេញបម្រាមលក់គ្រឿងស្រវឹង​ ការបិទខ្ទប់តំបន់ដែលឆ្លងខ្លាំងមួយចំនួននៅរាជធានី និងនៅខេត្តព្រះសីហនុ ការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ លើកលែងខេត្តកណ្តាល និងរាជធានី ។ល។តាមរយៈសារដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី​១០ ខែ មេសា ថ្មីៗកន្លងទៅនេះ សម្តេចបានអំពាវនាវគ្រប់ពលរដ្ឋទាំងអស់កុំឱ្យចាកចេញពីផ្ទះដោយ ប្រារព្ធពិធីចូលឆ្នាំថ្មីទទួលទេវតា​តែនៅក្នុងរង្វង់គ្រួសារដែលយើងរស់នៅ និងចៀសឱ្យបាននូវ​​ ការធ្វើដំណើរចេញក្រៅផ្ទះ។

ឆ្លៀតឱកាសនេះដែរ អគ្គនាយកដ្ឋាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមជូនពរជ័យ សិរីសួស្តី ដោយស្មោះស្ម័គ្រ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ប៉ុន្តែសូមចូលឆ្នាំនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាហើយ ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសុខាភិបាលទាំងឡាយដែលបានដាក់ចេញ​។​ផ្ទះគឺជាជម្រកនៃបេះដូង ​និងក្តីស្រលាញ់ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ នៅផ្ទះមានសុវត្ថិភាពជាជាងកន្លែងនានាទាំងអស់នៅក្នុងពេលនេះ។ សូមទាំងអស់គ្នាបើកចិត្ត បើកគំនិតថ្មី ហើយបន្តបន្សាំនឹងជីវភាពនៅក្នុងបិរបទថ្មី នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សូមបើកទ្វារ បង្អួចឱ្យមានខ្យល់ចេញចូល ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ទាំងអស់គ្នា ប៉ុន្តែមិនគួរបើកទ្វារទទួលភ្ញៀវមកពីក្រៅនោះទេ៕ដោយ ហេង បញ្ញា, សម្រួលផ្សាយ៖ mcn

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា​ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩...

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩។

ឯកឧត្តម បានបន្តថាដោយសារការកើនឡើងជាគំហុក នៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែម សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាព ក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រុមការងារ បានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា អោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។ឮ

ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ឆ្លៀតឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាល ខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។

ឯកឧត្តម បានបន្តថា ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។

មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេ ដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង ៕

ដោយ៖ កន ចំណាន

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១៨១នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤០នាក់ជាសះស្បើយ

ចំនួនអ្នកទស្សនា: Views

  


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៨១នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។



សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង១៨១នាក់ មាន៣នាក់ មកពីក្រៅប្រទេស ក្នុងនោះមកពីអាមេរិកម្នាក់ មកពីប្រទេសឥណ្ឌាម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ ចំណែក ១៧៨នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤០នាក់, ខេត្តកណ្តាល ៣នាក់, ខេត្តក្រចេះ ១នាក់, ខេត្តព្រះវិហារ ១នាក់, ខេត្តសៀមរាប ៤នាក់, ខេត្តតាកែវ ១នាក់, ព្រះសីហនុ ៨នាក់, ខេត្តព្រៃវែង ៦នាក់ និងខេត្តស្វាយរៀង ១៤នាក់។

សម្រាប់អ្នកជាសះស្បើយទាំង៤០នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ១៦០នាក់, អ្នកជាសះស្បើយចំនួន ២ ២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕



សម្ដេចតេជោ ហ៊ុន សែន បកស្រាយពីល្បិចដ៏អាក្រក់របស់ពូជក្បត់ជាតិក្នុងការជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងខណៈរាជរដ្ឋាភិបាលកំពុងដំណើរការចាក់តាមផែនការមេ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបកស្រាយបកស្រាយពីល្បិចដ៏អាក្រក់របស់ពូជក្បត់ជាតិ ក្នុងការជំរុញឱ្យប្រជាជនមកដណ្ដើមចាក់វ៉ាក់សាំងក្នុងពេលតែមួយ ក្នុងខណៈរាជរដ្ឋាភិបាលកំពុងដំណើរការចាក់តាមផែនការមេនោះ។   ក្នុងសារជាសំឡេងនាយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ខែមេសាឆ្នាំ២០២១ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សម្ដេចតេជោមានប្រសាសន៍ថា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ពេលដែលទៅទទួលចាក់វ៉ាក់សាំង ពេលនោះ សម្តេចបានគិតថា ពេលវេលានេះគឺពួកវា នឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែនៅពេលដល់វេលាមួយ ពួកវានឹងជំរុញឱ្យប្រជាជនទៅដណ្ដើមវ៉ាក់សាំង។ សម្ដេចតេជោថ្លែងថា«ថ្ងៃនេះពិតប្រាកដណាស់ ពីការបំផុសបំផុលមិនឱ្យប្រជាជនទទួលវ៉ាក់សាំង ហើយឃោសនាថាវ៉ាក់សាំងចិនជាវ៉ាក់សាំងដើម្បីសម្លាប់ប្រជាជន ថ្ងៃនេះវាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់ពួកវា គឺជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់»។

 សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ចំណុចនេះជាចំណុច ដែលសម្តេចបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ ច្បាស់ជាចេញមកតាមទិសដៅហ្នឹងហើយ ឥឡូវនេះគឺពិតប្រាកដណាស់ គឺចេញមកតាមទិសដៅហ្នឹងមែន។ដូច្នេះទាមទារឱ្យយើង អនុវត្តន៍នូវផែនការមេរបស់យើងជាក់លាក់។ សម្ដេចតេជោលើកឡើងថា «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តនោះទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់»។ យើងដឹងហើយថា យើងត្រូវការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន១០លាននាក់យ៉ាងតិច ដែលត្រូវការ២០លានដូស។

សម្ដេចតេជោលើកឡើងទៀតថា គ្រាន់តែការចាក់ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់វ៉ាក់សាំងបានត្រឹមតែ១លានដូសតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវការជិត២០ខែ ទើបចាក់អស់ចំនួនវ៉ាក់សាំង បើសិនជាយើងមានវ៉ាក់សាំងគ្រប់២០លានដូស។ ប៉ុន្តែពួកវាបែរជាជំរុញប្រជាជន ដែលមិនមែនជាបំណងល្អរបស់ពួកវាទេ តែទិសដៅរបស់ពួកវាគឺមានចំណុចផ្សេង គឺត្រង់ថា «ជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយ» ដែលជាចំណុចអាក្រក់នៃពូជក្បត់ជាតិមួយនេះ។

សម្ដេចតេជោគូសបញ្ជាក់ថា ចេតនាមុននេះ បំផុសឱ្យមនុស្ស ដោយខ្លួនវាផ្ទាល់និងមនុស្សរបស់វា បែរជាចាត់ទុកថាវ៉ាក់សាំងចិនគឺសម្រាប់យកមកសម្លាប់ប្រជាជន ថ្ងៃនេះវាសរសើរវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វាទេ គោលដៅគឺនៅម្ខាងទៀត គឺការដណ្ដើមវ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «ដូច្នេះថ្ងៃនេះល្បិចបានចេញមកហើយ អ្វីដែលខ្ញុំបានព្យាករណ៍កាលពីជាងមួយខែមុន គឺបានច្បាស់លាស់ថា ចាប់ផ្ដើមពីការារាំង នឹងរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងតែម្ដង ដែល យុទ្ធសាស្ត្រនេះវាមិនអាចរំលងទៅលើភ្នែករបស់ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជំហ៊ានដ៏អាក្រក់របស់ពួកអ្នកឯង។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យប្រជាជនយើងនឹងនរចិត្ត រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព នៅពេលដែលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណាដែលត្រូវចាក់មុន ក្រុមណាដែលត្រូចាក់ក្រោយ ហើយយើងក៏មានការបែងចែកប្រភេទ អាយុ៥៩ឆ្នាំចុះទទួលវ៉ាក់សាំងស៊ីណូហ្វាម អាយុពី១៨ឆ្នាំឡើងលើទទួលស៊ីណូវ៉ាក់ អាយុ៦០ឆ្នាំឡើងលើទទួលវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា។ នេះជាផែនការមេ ដែលប្រជាជនមិនត្រូវជ្រួលច្របល់មកទទួលយកវ៉ាក់សាំងនោះទេ។ ដូច្នេះយើងនូវតែដំណើរការចាក់វ៉ាក់សាំងទៅតាមការគ្រោងទុក និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលយើងនឹងទទួលវ៉ាក់សាំងនៅក្នុងឆ្នាំនេះ នឹងជាបន្តបន្ទាប់ទៅទៀត រហូតដល់ទទួលគ្រប់តាមផែនការរបស់យើង។ ជាងនេះទៀត ប្រជាជនក៏មិនត្រូវសម្រុកមកទីកន្លែងដែលគ្មានការរៀបរយនោះដែរ។ ដូច្នេះស្នើមន្ត្រីការងារចាក់វ៉ាក់សាំង បន្តដំណើរការទៅតាមការគ្រោងទុកនៃផែនការមេ៕

ក្រសួងសុខាភិបាល បានរកឃើញ​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់៕



សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes