សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ចាប់ផ្តើមបេសកកម្មថ្មី រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

នេះជាបេសកកម្មថ្មីមួយទៀត បន្ទាប់ពីបេសកកម្មរៀបចំអតីតសណ្ឋាគារ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។

មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។

ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ៕



សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។  នៅព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។ 


សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។ 


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖


១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក 


២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។


៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។


៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ


៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។


នៅព្រឹកមិញនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោមៈ 


១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។


២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។


៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩


៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។


៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។


៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។


ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕

សម្តេច ទៀ បាញ់៖ ការចូលរួមរបស់សប្បុរសជនគាំទ្ររាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេច បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមយ៉ាងពេញទំហឹង ទាំងថវិកា និងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ។

ការកោតសសើរបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានសប្បុរជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បាននាំគ្នាបច្ចាគនូវថវិកាផ្ទាល់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។

តាមរយៈទំព័រ Facebook សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

ការចូលរួមរបស់បងប្អូន ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, អ្នកស្លាប់ចំនួន ២៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕



ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?

ចំនួនអ្នកទស្សនា: Views

 


ភ្នំពែញ:ក្នុងសំណេរមួយក្នុងបណ្តាញអេឡិចត្រូនិកនាព្រឹកព្រលឹមថ្ងៃទី៩មេសានេះលោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភផងនិងអំពាវនាវផង។


លោកស្រីសរសេរថស ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំអាចអនុវត្តជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នា​ យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន​បង្កេីតនូវការព្រួយបារម្ភ​ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍​ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​។ ដូច្នេះ​ ខ្ញុំសូមបង្កេីតពាក្យថា៖​ “ ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “​New Year at Home” ជាមួយនិងការអនុវត្តវិធានការ​ ៖​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង​ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន​ ​និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា​ “ចូលឆ្នាំនៅផ្ទះ”​ មិនប៉ះកូវីដ-១៩​ សុខភាពមាំមួន​ មានសុខសិរី​ ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី​! សួស្តីឆ្នាំថ្មី​! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ឱ្យឈ្នះទាំងអស់គ្នា។

ក្រសួងសុខាភិបាល ដាក់ចេញនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ (១៥ទំព័រ)

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញនូវនីតិវិធីប្រតិបត្តិស្តង់ដារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ បន្ទាប់ទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារនេះ បានផ្តោតជាសំខាន់ទៅលើ ការកំណត់លក្ខខណ្ឌ ក្នុងការបិទទីតាំង
និងតំបន់ក្នុងការអនុវត្តគោលការណ៍ព្យាបាលនៅតាមផ្ទះ ការកំណត់យន្តការ គោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ សម្រាប់អ្នកថែទាំ ការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់នៅតាមគោលដៅ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងគំនិតផ្តួចផ្តើមរួមមួយ ដ៏សំខាន់សម្រាប់ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបន្តថា ការរៀបចំបង្កើតនីតិវិធីស្តង់ដារនេះ ត្រូវបានចំណាយពេលវេលាខ្លី ប៉ុន្តែបានប្រមូលគំនិត មតិយោបល់ពីអ្នកជំនាញបច្ចេកទេសដ៏ច្រើន និងផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង នៃការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា និងបទពិសោធន៍នៃបណ្តាប្រទេសជាច្រើន ដែលបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។

លោករដ្ឋមន្ត្រីបន្តថា «ក្នុងនាមក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំសូមថ្លែងអំណរគុណក្រុមការងារផ្នែកវេជ្ជសាស្ត្រ ដែលមានសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ដែលបានចូលរួមរៀបចំជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដ៏មានសារៈសំខាន់នេះឡើង។ ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំ ចំពោះកិច្ចសហការដ៏ល្អ ក្នុងការអនុវត្ត និតិវិធីស្តង់សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនៅគ្រប់មូលដ្ឋានសុខាភិបាល»។

លោកបន្តថា ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះចាប់ពីពេលនេះតទៅ។

សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុន ក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល៕



ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញ​មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១១៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១១៣នាក់ និងមានអ្នកជាសះស្បើយ ៩០នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលក្នុងនោះមានភ្នំពេញ ១០៣នាក់, កណ្តាល ៣នាក់, ព្រះសីហនុ ៣នាក់, ស្វាយរៀង៣នាក់ និងកំពត១នាក់។

ដោយឡែកករណីជាសះស្បើយនាថ្ងៃនេះផងដែរ មានពីរនាក់ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា និង៨៨នាក់ទៀតសុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣០២៨ករណី ក្នុងនោះអ្នកជំងឺ១៩១៤នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៤៩៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៩៣នាក់ផងដែរ៕

ប្រមុខ​ការពារជាតិៈ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​អតីតយុទ្ធជនកម្ពុជា និង​គ្រួសារ នៅ​ទូទាំងប្រទេស​

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ (​ស៊ី​ណូ​វ៉ា​ក់​) ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា និង​គ្រួសារ​នៅ​ទូទាំងប្រទេស នៅ​មន្ទី​ពេទ្យ ព្រះ​កេតុមាលា នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នេះ​។​

​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា នៅ​ទូទាំងប្រទេស ២៥ រាជធានី​-​ខេត្ត គឺមាន​ចំនួន​ជាង ៨ ម៉ឺន​នាក់ ។ ដំណើរ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ គឺ​ធ្វើ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១២​។​

សម្តេច​ពិជ័យ​សេនា ទៀ បាន​មានប្រសាសន៍​បញ្ជាក់ថាៈ ការបើក​យុទ្ធនាការ លើ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា និង​គ្រួសារ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នេះ​។ សម្តេច បានបញ្ជាក់​ថាៈ ការប្រើ​ពាក្យ​យុទ្ធនាការ លើ​យុទ្ធនាការ​នេះ គឹ​ក្រើនរម្លឹក និង​លើកទឹកចិត្ត ចាក់​វ៉ាក់សាំង ដល់​អតីតយុទ្ធជន នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​កន្លែង​មួយចំនួនទៀត​។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍ថាៈ ការចាក់​វ៉ាក់សាំង​នេះ គឺ​ក្រសួងការពារជាតិ បាន​យកចិត្តទុកដាក់​ណាស់ និង​បានដាក់​ពាក្យស្លោក​មួយ​ថា “​មាន​វ៉ាក់សាំង​ហើយ គឺ​យើង​មិន​ឲ្យ​វ៉ាក់សាំង ដេក​ស្ងៀម​ទេ គឺ​ឲ្យ​វ៉ាក់សាំង ចូលទៅ​ទូលំទូលាយ​ទៅ​មនុស្ស ទាំងឡាយ ដើម្បី​ឲ្យ​វា​ជួយ​ការពារ​ជំងឺ ដ៏​កាច​សាវ​ហាវ​នេះ​”​។​

​ប្រមុខ​ការពារជាតិ បានបញ្ជាក់​ថាៈ អតីតយុទ្ធជន នៅ​ទូទាំងប្រទេស ២៥ រាជធានី​-​ខេត្ត មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់ នៅពេលនេះ ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង ជូន​ដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​អតីតយុទ្ធជន នៅ​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ នៅតាម​បណ្តា​ខេត្ត មួយចំនួន បានទទួល​ការអនុញ្ញាត ឲ្យ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ ដល់​អតីតយុទ្ធជន និង​ក្រុម គ្រួសារ នៅតាម​បណ្តា​ខេត្ត ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​សម្តេច​ពិជ័យ​សេនា បានលើកឡើង​ថាៈ ក្រសួងការពារជាតិ បាន​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ (​ស៊ី​ណូ​វ៉ា​ក់​) ជូន​ដល់​បង ប្អូន ក្រុមគ្រួសារ​អតីតយុទ្ធជន នៅ​ទូទាំងប្រទេស ឲ្យ​បាន​ទាន់ពេលវេលា​។ កងកម្លាំង នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ត្រូវតែ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​សុខភាព​ខ្លួនឯង ការពារ​ក្រុមគ្រួសារ និង​សហគមន៍​៕




នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំឲ្យត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។

សេចក្តីណែនាំដដែលបញ្ជាក់ថា អនុវត្តតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំ ដល់មេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖

១៖ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺ និងសម្ភារៈពេទ្យចាំបាច់មួយចំនួន។

២៖ រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។

៣៖ បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។

៤៖ យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ ទៅចាក់វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវ ត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គម នាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល៕




សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគិតគូរ និងរៀបចំការព្យាបាលតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ មានស្ថានភាពស្រាល

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។

សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ ៥០ភាគរយ ដែលមានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ។

ទន្ទឹមនឹងការគិតគូរពីលទ្ធភាពឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលតាមផ្ទះ សម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការឧបត្ថម្ភជាថវិកា និងចំណីអាហារផ្សេងផងដែរ។

ការផ្តួចផ្តើមឱ្យគិតគូរព្យាបាលជំងឺតាមផ្ទះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើង។ ត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២២២នាក់។ អ្នកជាសះស្បើយចំនួន ១,៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩៧៩នាក់។ អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕



សប្តាហ៍ ភ្លៀង​ធ្លា​ក់លាយ​ខ្យល់​កន្ត្រាក់ ត្រូវ​ប្រុងប្រយ័ត្

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ នៅ​អំឡុង​ពីថ្ងៃ​ទី ៧-១៣ ខែមេសា ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍ បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឱ្យមាន ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច ទៅ​ច្រើន ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី ៧-១៣ ខែមេសា​ថា ព្រះរាជា​ណា ចក្រ​កម្ពុជា នៅ​ចន្លោះ​ពេលនេះ ទទួលរង​ឥទ្ធិពល ពី​ជ្រលង នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍ បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់ វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៤-២៦ អង្សា​សេ , សីតុណ្ហភាព អតិបរមា មាន​ពី ៣៣-៣៥ អង្សា​សេ , អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ច្រើន​។​



​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ​នេះ សរសេរ​ទៀតថាៈ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ -២៦ អង្សា​សេ​, សីតុណ្ហភាព អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៤-២៦ អង្សា​សេ​សីតុណ្ហភាព អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ ច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង ខាងលើ ក្រៅពី​ជម្រាបជូន​សាធារណជន ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន ក៏បាន​អំពាវនាវ ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច កើតមាន ជាពិសេស​នៅ​បណ្ដា​ខេត្ត នៅ​ភាគ​ពាយ័ព្យ​៕


អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់ និងព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។

ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ចំពោះអ្នកគេចវេសទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។

លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដនៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះអាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។

លោក លឹម សុភា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។

បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕


ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិចិនអាយុ​ ៤២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិចិនអាយុ​ ៤២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩។

ជនជាតិចិនខាងលើ រស់នៅក្នុងអគារ Prince Tower សង្កាត់វាលវង់ រាជធានីភ្នំពេញ។ 

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺម្នាក់នេះ ត្រូវបានរកឃើញវិជ្ចមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមទៀតថា៖ «ការសន្និដ្ឋានរប់សក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិន អាយុ៤២ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩»។

គិតរហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៥២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៧៤៧ និងស្លាប់សរុប២១នាក់៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes