សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែង នៅទួលពង្រ និងស្ដារប្រឡាយចាស់ឡើងវិញ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។

គម្រោងខាងលើនេះ បានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។

លោកបន្តថា ស្ថានីយ៍បូមទឹកទួលពង្រនេះ ត្រូវបំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនរដ្ឋបាលរាជធានីភ្នំពេញ មានថវិកាគ្រប់គ្រាន់ និងមានការឯកភាពពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រៅពីគម្រោងកសាងស្ថានីយ៍បូមទឹកទួលពង្រ ជាការងារចំពោះមុខយើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងឲ្យបានទទឹង៨ម៉ែត្រ បណ្ដោយ៤,៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២.៦៥ម៉ែត្រគុណ ២.៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រ គុណ២ម៉ែត្រ ប្រវែង១,២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែងផងដែរ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះការងារពាក់ព័ន្ធនឹងការងាររំដោះទឹក ត្រូវតែធ្វើហើយទាំងការស្តារប្រឡាយ ឲ្យបានធំរហូតដល់៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយ៍បូមទឹកទួលពង្រជាដើម។ អ្វីដែលសំខាន់នោះ គឺបញ្ហាថវិកា ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែប្រឹងប្រែង ជាមួយនឹងការគៀងគរពីប្រជាពលរដ្ឋ ពិសេសម្ចាស់បុរីធំៗឲ្យចូលរួម។

លោក ឃួង ស្រេង បានបន្ថែមថា ដើម្បីឲ្យការងារខាងលើនេះ ដំណើរការទៅដោយរលូន និងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ លោកនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយ និងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជំរុញការងារនេះឲ្យបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕

ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនា ឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views




 (ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងការត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ការសាងសង់បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើមក៏កំពុងពន្លឿនការរបស់ខ្លួនផងដែរ។

លោក គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកា ជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។

ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖

១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕

កត្តាចម្បងចំនួន៣ ជំរុញដល់កម្ពុជាឱ្យស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

 


MC: ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែង ត្រូវបានរៀបចំស្នើដាក់ក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ(UNESCO)បន្ទាប់ពីតំបន់ទេសភាពមួយនេះ មានលក្ខណៈ សម្បត្តិទាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងជំនឿបែបសាសនា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះសិក្សាស្វែងយល់ពីសក្តានុពល នៃតំបន់បេតិកភណ្ឌ វប្បធម៌ធម្មជាតិភ្នំត្បែង កាលពីចុងសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់ថា ការស្នើសុំដាក់តំបន់ ការពារធម្មជាតិនេះ ទៅក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺដោយសារកត្តាចម្បងចំនួន៣ដូចជា៖ ទី១. ជាកន្លែងទីសក្ការៈបូជានិងជំនឿដ៏សក្តិសិទ្ធតាំងពី បុរាណកាលរហូតដល់បច្ចុប្បន្ន, ទី២.មានសក្តានុពលទៅលើធនធានធម្មជាតិ និង ជីវចម្រុះ ដូចជា ប្រភេទសត្វកម្រមានសត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ និងសត្វផ្សេងៗទៀតដែលជាប្រភេទសត្វកម្រ, និងទី៣. ជាទីតាំងទេសចរណ៍ដ៏មានសក្កានុពល។ ឯកឧត្តម មានប្រសាសន៍ថា តំបន់បេតិកភណ្ឌ វប្បធម៌នេះ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានការផ្សារភ្ជាប់នូវប្រវត្តិសា្រស្ត វប្បធម៌ និង សាសនា និងមានសក្តានុពល ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងៗទៀតមានដូចជា៖ ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានជំរុញកិច្ចការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីនៅតំបន់បេតិកភណ្ឌ វប្បធម៌ធម្មជាតិភ្នំត្បែងនេះ សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ដោយសារវាមានគុណតម្លៃ ផ្នែកធម្មជាតិ ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ វប្បធម៌ និងជំនឿ។

តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួន៥ នៃខេត្តព្រះវិហារ គឺស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិ ជាមួយទឹកជ្រោះចំនួន៣ដំណាក់ តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចម្ការចេក របស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដោយអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១.៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែង គឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា តាមជំនឿ ដោយសារមានថ្មចំនួន៣ដុំនៅលើនោះ។

បើតាមការបញ្ជាក់របស់លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្នតំបន់ បេតិកភណ្ឌធម្មជាតិនេះ បានក្លាយជាទីចាប់អារម្មណ៍នៃទេសចរជាតិ និងអន្តរជាតិ សម្រាប់ដំណើរ កម្សាន្តបែបផ្សងព្រេង និងការបោះតង់ជាក្រុម។ ភ្ញៀវទេសចរទៅកាន់តំបន់នេះ ត្រូវបានសម្រួល ទាំងការធ្វើដំណើរឡើងចុះ ការការពារសុវត្ថិភាពក្នុងពេលស្នាក់នៅជាដើម។

លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងដែលបានប្រកាស ជាតំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិ នៅខែកញ្ញា ឆ្នាំ២០១៦មកនោះ គឺមានការបោះបង្គោលសម្គាល់ ជាតំបន់ ការពារមិនឱ្យពលរដ្ឋចូលកាន់កាប់បានជាង៤០បង្គោលរួចហើយ និង ត្រៀមបោះឱ្យបាន ចំនួន ១៣ បង្គោលបន្ថែមទៀត ក្រោមការជួយជ្រោមជ្រែងពីគម្រោងព្រៃឡង់ បៃតងរបស់ ភ្នាក់ងារជំនួយ សហរដ្ឋអាមេរិកUSAID និងនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ធម្មជាតិនៃក្រសួង បរិស្ថាន។ លោកបានបន្ថែមថា នៅតំបន់ភ្នំត្បែងនេះ មានសហគមន៍ធម្មជាតិចំនួន៣ គឺសហគមន៍ធម្មជាតិ ចាក់អង្រែ សហគមន៍ធម្មជាតិតាំងយូរ និងសហគមន៍ធម្មជាតិដាតាវឹក ដែលសហគមន៍ទាំងនេះ គឺជាក្រុមបង្គោលដ៏សំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅទីនោះ ជាមួួយនឹង មន្ត្រីឧទ្យានុរក្សចំនួន១០នាក់ទៀត៕


ព្រះមហាក្សត្រ ប្រោសព្រះរាជទានស្រះទឹកធំមួយដល់ប្រជារាសាស្ត្រនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 


ក្រុមសម្តេចឪបានខិតខំប្រឹងប្រែងកសាងព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះចាប់តាំងពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្រេចបានលទ្ធផលប្រមាណ ១៥% ហើយ។

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ បានចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី និងបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើការកសាងព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លានេះ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង។

ការប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដល់ប្រជារាស្ត្ររបស់ព្រះអង្គនៅក្នុងមូលដ្ឋានឃុំក្រោលគោនេះ គឺមានលក្ខណៈដ៏វិសេសវិសាល ដើម្បីបម្រើនូវឧត្តមប្រយោជន៏យ៉ាងធំធេងចំពោះប្រជារាស្ត្រឱ្យកាន់តែងាយស្រួល ក្នុងការនាំយកទឹមកទទួលទាន និងប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ព្រមជាមួយនេះ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយសព្វបែបយ៉ាង សម្រាប់ជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាព្រះរាជសមទ្ធិផលដ៏ឧត្តុងឧត្តមជាច្រើនមាន ដូចជា ស្រះទឹក ផ្លូវលំ អគារសិក្សា មន្ទីរពេទ្យ មណ្ឌលសុខភាព មណ្ឌលសុខភាពជាដើម សម្រាប់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្រ្ត និងការចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

ប្រជារាស្ត្ររស់នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមខាងលើនេះ និងសូមបួងសួងដ៏គុណបុណ្យព្រះរតនៈត្រ័យ ព្រះតេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសប្រទាននូវព្រះពរជ័យ សិរីមង្គល ដ៏បវមហាប្រសើរថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះមរបសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួរ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

សម្តេចតេជោ ប្រកាសថា កម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសណាទាំងអស់

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ :ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ៖ "ពេលនេះនៅ ទីក្រុងរ៉ង់ហ្គោន សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាប់ផ្ដើមហើយ គឺប្រធានាធិបតី និងទីប្រឹក្សារដ្ឋត្រូវទាហានចាប់ខ្លួនហើយ"។

សម្តេចតេជោ បានបន្ថែមថា បញ្ហានេះកម្ពុជានឹងមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់នៅ ក្នុងអាស៊ាន។ ព័ត៌មានអាចផ្សព្ធផ្សាយបានតែមិនត្រូវធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចម្ការមន៕

ព្រឹកថ្ងៃនេះសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។

ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លេចបំផ្លាញគ្មានសល់ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតនោះ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធទឹកស្អាតសម្រាប់ ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ក៏គ្មានដែរ។ កុំថាឡើយប្រជាពលរដ្ឋទូទៅ សូម្បីថ្នាក់ដឹកនាំជាតិនាពេលនោះ ក៏ត្រូវចុះទៅដងទឹក និងដឹកទឹកពីទន្លេយកមកប្រើប្រាស់ដែរ។

ទឹកជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ រយៈពេលជាង៤០ឆ្នាំ ទន្ទឹមនឹងការប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនហើយនោះ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងពង្រីកបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

បើទោះបីជាយ៉ាងណា ការផ្គត់ផ្គង់ទឹកនេះ ប្រឈមនឹងកំណើនតម្រូវការ នៃការប្រើប្រាស់ទឹកស្អាតយ៉ាងគំហុកចាប់តាំងពីដើមឆ្នាំ២០១០មក។ កំណើននេះ បានកើតឡើងដោយសារសកម្មភាពសាងសង់សំណង់អគារខ្ពស់ៗ ក៏ដូចជាប្រជាពលរដ្ឋមានការកើនឡើងជាដើម។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ឆ្លើតបបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេដង ចាប់ពីឆ្នាំ២០១២ ដល់២០១៧ ក្នុងក្របខណ្ឌផែនការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវា របស់ខ្លួនឱ្យបាន១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំនូវផែនការមេដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។

លោកបន្តថា នៅក្នុងផែនការមេដំណាក់កាលទី៣ នេះ បានកំណត់នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន។

លោក ស៊ឹម ស៊ីថា បានឱ្យដឹងថា គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។

បើតាមលោក ស៊ឹម ស៊ីថា ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួល ក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។

ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការបញ្ចុះប្រតិបត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាពគំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នាទៅនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោមតាមស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម ១០% (កម្រិតនៃអត្រាទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយចំនួនគឺទាបជាងគេ)។

ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ ឱ្យ។

ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន (២០១៧-២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាម៉េរិក។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។

សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។

សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។

ចំពោះហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប (EU) នេះ សំដៅលើការពង្រីកបណ្ដាញទឹកស្អាតដល់សហគមន៍ប្រជាពលរដ្ឋចំណូលទាប ដែលរស់នៅតាមតំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ។

ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃជាលក្ខណៈអន្តរជាតិនាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ ឱ្យ។

ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន (២០១៧-២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងការវិនិយោគលើរោងចក្រប្រព្រឹត្តកម្មទឹកស្អាតហើយនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏នឹងពង្រីកបំពង់មេ និងបំពង់ចែកចាយទឹករបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ លោក ស៊ឹម ស៊ីថា បានលើកឡើងថា គិតដល់ឆ្នាំ២០២៥ មានបំពង់មេនាំទឹកអង្កត់ផ្ចិតធំប្រវែងប្រមាណជា ១០០គីឡូម៉ែត្រ និងបំពង់ចែកចាយមានអង្កត់ផ្ចិតតូច ប្រវែងប្រមាណជា ១.០០០គីឡូម៉ែត្រ ត្រូវការថវិកាសម្រាប់វិនិយោគប្រមាណជា ១៧០លានដុល្លារអាម៉េរិក។ តាមរយៈការពង្រីកបណ្ដាញបំពង់នេះ ប្រជាពលរដ្ឋប្រមាណជា ១.០៤០.០០០នាក់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្ថែម៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes