សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រុមហ៊ុន​មួយ កាយ​ដី​លក់ ប៉ះពាល់​ដី​ចំណីផ្លូវ និង​ដី​ចំណី​អូរ អាជ្ញាធរ​ឃុំ និង​ស្រុក ឆ្លើយថា​មិនដឹង​

ចំនួនអ្នកទស្សនា: Views




 កំពង់ឆ្នាំងៈ ដី​ចំណី​ផ្លូវលំ និង​ដី​ចំណី​អូរ មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ កកាយ​យក​ដី ទៅ​ចាក់​បំពេញ​ដី ទីតាំង​ពុះ​ដី​ឡូ​ត៌​ឯកជន​១ ដែល​ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់​ចំណីផ្លូវ និង​ចំណី​អូរ​របស់​រដ្ឋ​។ ប៉ុន្តែ​នៅពេល​ក្រុម​អ្នកសារព័ត៌មាន សាកសួរ​ទៅ លោក​មេឃុំ លោក​អភិបាលរង​ស្រុក និង​លោក​អភិបាល ស្រុក​រលាប្អៀរ សុទ្ធតែ​បាន​ឆ្លើយ​បដិសេធថា មិនបាន​ដឹង ដែលជា​ហេតុ​ឲ្យ ក្រុមហ៊ុន​មួយ​នេះ កកាយ​យក​ដី ប៉ះពាល់​ដី​ចំណីផ្លូវ និង​ចំណី​អូរ យ៉ាង​អនាធិបតេយ្យ ដោយ​ពុំមាន​សមត្ថកិច្ច​ណា ចុះ​ទប់ស្កាត់​នោះឡើយ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ទឹកល្អក់ បាន​រាយការណ៍ នៅ​ល្ងាច​ថ្ងៃទី ២៨ មករា កន្លងទៅ ហើយ អ្នកសារព័ត៌មាន របស់​យើង បាន​ចុះទៅពិនិត្យ នៅ​ចំណុច​ខាងលើ​នោះ​ក៏បាន ប្រទះឃើញ នៅជាប់​ដី​ចំណី​ផ្លូវលំ មួយកន្លែង នៅ​ចំងាយ​ប្រមាណ ពី ៦ ទៅ ៧ ម៉ែត្រ ពី​ចំណីផ្លូវ ត្រូវបាន​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី នៅ​ផ្សារ​ព្រៃ​ខ្មែរ​កកាយ​យក​ដីស្រែ យ៉ាងជ្រៅ យក​អាចម៍ដី ទៅ​លក់​ចាក់​បំពេញ លើ​ទីតាំង​ដី​ឡូ​ត៌​របស់ខ្លួន នៅក្នុង​ភូមិ​ទឹកល្អក់​។

​ដោយឡែក នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ យើង​ក៏បាន​ប្រទះឃើញ អា​អិ​ច​មួយគ្រឿង និង​រថយន្ត ដឹក​ដី ៣ ទៅ ៤ គ្រឿង កំពុង​កកាយ​ដី ចំណី​អូរ​ពាម​សាក់ នៅក្នុង​ភូមិ​ដដែល​នេះ​ដើម្បី​យក អាចម៍ដី ទៅ​លក់ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទប់ស្កាត់​ឡើយ ។​

​ដើម្បី​បាន​ចង់ដឹង​ច្បាស់ នូវ​ករណីនេះ​ក្រុម​អ្នក សារព័ត៌មាន​យើង បាន​ទូរស័ព្ទ​រាយការណ៍ ជូន​លោក សេង វិចិត្រ អភិបាលរង ស្រុក​រលាប្អៀរ ដើម្បី​ចុះមក​ស្រាវជ្រាវ​និង​ចាត់ការ តាមផ្លូវ​ច្បាប់ ប៉ុន្តែ​ត្រូវបាន​លោក សេង វិចិត្រ ឆ្លើយ​តាម​ទូរស័ព្ទ ប្រាប់ថា​លោក​មិនបាន ដឹង​ករណីនេះ​ទេ តែ​លោក​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ ចុះទៅពិនិត្យ ដើម្បី​រាយការណ៍ មក​ថ្នាក់ស្រុក ចាត់ការ​។ ក្រោយពី ក្រុម​អ្នកសារព័ត៌មាន​យើង បាន​រាយការណ៍​ឲ្យ​អាជ្ញាធរ​ស្រុក គឺ​គេ មិនឃើញ​មាន​ស្ថាប័ន​ណាមួយ ចុះទៅ​ពិនិត្យមើល ទីតាំង​បទល្មើស​ខាងលើ​នេះឡើយ ។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមករា ក្រុម​អ្នកសារព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ លោក ជ័យ ម៉ូត ជំទប់​ទី ១ ឃុំ​ទឹក​ហូត រាយការណ៍ អំពី​ករណី​ខាងលើនេះ ដោយ​លោក ជ័យ ម៉ូត បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា លោក​ក៏​ទើបតែ​ដឹង​រឿងនេះ ពី​លោក សេង វិចិត្រ អភិបាលរង ស្រុក​រលាប្អៀ នៅ​ព្រឹក​ថ្ងៃ ៣០ នេះ ហើយ​លោក នឹង​ចុះទៅពិនិត្យ នៅ​ទីនោះ ដើម្បី​ចាត់ ការ​តាមច្បាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ដដែល​នេះដែរ លោក យង់ សៅ​វុទ្ធី អភិបាលស្រុក​រលាប្អៀរ បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា លោក​ពុំ​បានដឹង ករណីនេះ​ទេ តែ​លោក​នឹង​ឱ្យ​លោក អភិបាល រង​ស្រុក ទទួល​កិច្ចការងារ​នេះ និង​លោក​មេឃុំ​ទឹក​ហូត ចុះទៅ​ទៀត​មើល ដើម្បី​ចាត់​វិធាន ការ​តាមផ្លូវ​ច្បាប់​។​

​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទឹកល្អក់ បាន​រាយការណ៍​ឲ្យ​ដឹងថា ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី ដែលមាន​ទីតាំងនៅ​ផ្សារ​ព្រៃ​ខ្មែរ កំពុងតែ​ជីក​កកាយ​ដី ចំណី​អូរ ពាម​សាក់​ដដែល គឺ​គេ​មិនបាន​ឃើញ វត្តមាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ឃុំ ស្រុក ចុះទៅ​ចាត់វិធានការ ទប់ស្កាត់​នោះឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី ខាងលើនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា មានការ​សមគំនិត​គ្នា​ហើយ បានជា​បណ្ដែតបណ្ដោយ ឱ្យ​ក្រុមហ៊ុន​មួយ​នេះ លួច​យក​ដី​ចំណីផ្លូវ និង​ចំណី​អូរ របស់​រដ្ឋ យ៉ាង​អនាធិបតេយ្យ នៅពេល​មន្ត្រី​ពាក់ព័ន្ធ ខាងក្រោម ឆ្លើយថា​មិនដឹង​ហើយក៏​គ្មាន ចំណាត់ការ​ផងដែរ ៕/V​-PC


       

      

លោក នេត្រ ភក្ត្រា៖ ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ កំពុងនាំចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views




(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាននឹងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ប្រជាពលរដ្ឋរបស់ខ្លួន និងទេសចរបរទេសក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាន និងធនធានធម្មជាតិដល់សាធារណជនផងដែរ។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ក្រោមការរៀបចំដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់សហគមន៍ចំនួន២២ ក្នុងតំបន់ការពារធម្មជាតិ ១២កន្លែង ស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥,២១លានដុល្លារ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៣៨៥នាក់)»។

បើតាមអ្នកនាំពាក្យរូបនេះ បាន ញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាន នៅឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបចំនួន ៣៤៣,៨៥២នាក់ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារ ហើយនៅឆ្នាំ២០១៩កន្លងទៅ បានទទួលភ្ញៀវទេសចរចំនួន ៤០២,២៩៣នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ច»។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

មន្ត្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយ
សមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥,០០៣ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៨ រួមមាន៖ ខេត្តរតនគិរី, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពត និងកំពង់ឆ្នាំង។

លោក នេត្រ ភក្ត្រា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា ក៏បានស្នើសុំឱ្យប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួម រក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕

បង្ក្រាប​សង្វៀន​ជល់​មាន់ៈ ឃាត់ខ្លួន ៣ នាក់ ដកហូត​មាន់​ជល់ និង​ម៉ូតូ

ចំនួនអ្នកទស្សនា: Views



 បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​ថ្មគោល សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍​អូរ​តា​គី និង​ប៉ុស្តិ៍​គោក​ឃ្មុំ បាន​ចុះបង្ក្រាប​កន្លែង​ស៊ីសង ប្រជល់មាន់ មួយកន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស ៣ នាក់ រឹបអូស​មាន់​ជល់ ចំនួន ៥​ក្បាល និង​ម៉ូតូ ២៣ គ្រឿង នៅ​ចំណុច​វាលស្រែ បឹង​ព្រៃ ស្ថិតក្នុង ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។​

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុក​ថ្មគោល បានឱ្យដឹងថាៈ ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់ ជា​បុរស​ទាំង ៣ នាក់​នោះ រួមមានៈ ១.​ឈ្មោះ ស៊ុប សំអឿន អាយុ​៥៤​ឆ្នាំ , ២.​ឈ្មោះ ព្រិល បុល អាយុ ៣៨ ឆ្នាំ ពីរ​នាក់​នេះ រស់នៅ​ភូមិ​ចែង​ក្តារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ និង ៣.​ឈ្មោះ ប៊ុន លី អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​: មាន់​ជល់​ចំនួន ៥ ក្បាល សង្វៀន​ជល់​មាន់ ចំនួន​២ ជញ្ជីង​តូច​ថ្លឹង​មាន់ ចំនួន​១​គ្រឿង ម៉ូតូ​ចំនួន ២៣ គ្រឿង កំរាល​ក្រាល​ចំនួន ២ និង​ឆ្នាំង​សម្រាប់​ស្អំ​មាន់ ចំនួន​២​។​

​លោក ឈឿង គឹម​សុង បានបញ្ជាក់​ថាៈ ក្រោយពី​បាន​ឃាត់ខ្លួន ក្រុម​អ្នកញៀន​លេង ល្បែងស៊ីសង មាន់​ជល់ ទាំងបី​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង បញ្ជូនបន្ត ទៅកាន់​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់​៕/V-PC

បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​
 
បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​
 
បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​

ប្រជាពលរដ្ឋងាយរងគ្រោះ២សង្កាត់ក្នុងខណ្ឌឫស្សីកែវ បន្តទទួលបានអំណោយដើម្បីដោះស្រាយក្នុងជីវភាព ពីកាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលងាយរងគ្រោះ រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១នេះ ពោលគឺរយះពេល២ថ្ងៃនេះ បានបន្តទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លដឹកនាំដោយអនុប្រធានកិត្តិកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា។

ក្រៅពីការពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងការផ្ដាំផ្ញើជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យខិតខំបន្តប្រកបរបរចិញ្ចឹមជាបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ចំពោះបង-ប្អូនប្រជាពលរដ្ឋនោះ, លោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបន្តទៀត ក្នុងការយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ដោយផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា)៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes