សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖
 កម្ពុជាសល់ពេល ៩០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកពេលវេលានេះ គឺជាការក្រើនរំឮកមួយដ៏សំខាន់ ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តមភាព និងជោគជ័យជូនជាតិ។ ចំណែកគណៈកម្មាធិការជាតិ CAMSOC ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន ក៏បានប្រព្រឹត្តទៅដោយរលូន ហើយគណៈកម្មការជំនាញនីមួយៗ ក៏ជំរុញការងារបានល្អប្រសើរដែរ។

អគ្គលេខាធិការ CAMSOC ដដែលបានថ្លែងសារក្នុងឱកាសដ៏មានសារៈសំខាន់នេះថា «សូមអំពាវនាវដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេសហព័ន្ធកីឡាជាតិ ឲ្យខិតខំប្រឹងប្រែងក្នុងការរៀបចំត្រៀមលក្ខណៈនេះឲ្យបានកាន់តែមុតស្រួច និងយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់ លើការជំរុញ និងតាមដានត្រួចពិនិត្យ វាយតម្លៃជាប់ជានិច្ច ចំពោះបច្ចេកទេស និងគុណផលកីឡារបស់កីឡាករ-កីឡាការិនីរបស់យើង កុំឲ្យមានការធ្វេសប្រហែស និងការលះបង់ចោលនូវពេលវេលានេះ ពីព្រោះស៊ីហ្គេម យើងត្រូវតែធ្វើនៅឆ្នាំ២០២៣»។

«មួយទៀត ក៏សូមអំពាវនាវដល់ការគាំទ្ររបស់មហាជន យុវជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យភ្ជាក់រលឹកថា យើងនៅសល់តែ ៩០០ថ្ងៃទៀត គឺដល់ពេលយើងត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវទទួលរៀបចំស៊ីហ្គេមឲ្យមានសេចក្ដីថ្លៃថ្នូ ឲ្យស្អាត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន លើយុទ្ធនាការអប់រំសង្គម គឺប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍»។

«ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកស្មារតីនៅសល់ ៩០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅជាឆន្ទៈដ៏មោះមុត ផ្គុំកម្លាំងគ្នា ដើម្បីយើងសម្រេចបានជោគជ័យ បើទោះបីកាលៈទេសៈកូវីដ-១៩ មិនទាន់ថមថយនៅឡើយក៏ដោយ យើងនៅតែអនុវត្តវិធានការទប់ស្កាត់ទាំងអស់គ្នា និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅស្វែងរកឧត្តមភាព និងជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បញ្ជាក់ ។

ទន្ទឹមជាមួយគ្នា ក្នុងនាមអគ្គលេខាធិការដ្ឋាន CAMSOC លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែលតែងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជំរុញឲ្យអនុវត្តការងាររបស់ស្ថាប័នទទួលបន្ទុករៀបចំព្រឹតត្តិការណ៍ស៊ីហ្គេមនេះ ដំណើរការប្រកបដោយនិរន្ដរភាព ពិសេសក៏មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួត នៅថ្ងៃទី០៥ ខែឧសភា និងប្រារព្ធពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ កម្ពុជា នឹងបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការប្រចាំតំបន់ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕


ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ នៅស្រុកកណ្តៀង

ចំនួនអ្នកទស្សនា: Views

 


AKP ពោធិ៍សាត់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ —ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ ក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០

ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីមួយកេសធំ ភួយមួយ អំបិល ត្រីខ៣កំប៉ុង ប្រេងឆាមួយដប ជាអំណោយរបស់សប្បុរសជននៅក្រៅប្រទេស តាមរយៈលោក មាស រិទ្ធី នាយករងទូរទស្សន៍រស្មី ហង្សមាស ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ។


រូបថត៖ AKP-ពោធិ៍សាត់

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាស ជូនប្រជាពលរដ្ឋលើកទី៣ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 

មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ តែងតែឆ្លៀតធ្វើការរំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ និងមានសុវត្ថិភាពកាន់តែខ្ពស់។

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិបត្តិការចែកម៉ាសលើកទី៣ របស់អាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃនេះ គឺជ្រើសរើសយកគោលដៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះចែកដោយផ្ទាល់ និងមានការចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងខណ្ឌដង្កោ ព្រមទាំងយុវជ ស.ស.យ.ក សង្កាត់ព្រែកកំពឹសផងដែរ។

តាមផ្លូវទៅកាន់គោលដៅចែកម៉ាសក្នុងខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ ក៏បានឈប់ចែកដល់អ្នកដំណើរ ដែលមិនមានពាក់ម៉ាសមួយចំនួនជាបន្តបន្ទាប់ និងបានផ្សព្វផ្សាយសារសម្លេងតាមរយៈ ឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ចំនួន១២គ្រឿង ស្តីពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លង កូវីដ១៩ ដែលសារសម្លេងទាំងនេះ ផ្តួចផ្តើមថតចេញឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់។

គួរបញ្ជាក់ផងដែរថា ម៉ាសក្រណាត់ ដែលបានចែកជូននាពេលនេះ អាចបោកទឹកយកមកប្រើប្រាស់បានច្រើនដង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបញ្ចេញចំនួន២លានម៉ាស ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រគល់ឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើការចាត់ចែងចែកជូនឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ៕


ចំនួនអ្នកទស្សនា: Views

 

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំនួនខ្ទង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីគាំទ្រការអះអាងគ្មានមូលដ្ឋានរបស់លោក ដែលថាមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រើប្រាស់ឈ្មោះខុសៗគ្នាសម្រាប់ហៅព្រឹត្តិការណ៍ដង្ហែក្បួនបាតុកម្មខាងលើ រួមមានដូចជា Million MAGA March, March for Trump និង Stop the Steal DC ជាដើម។ ក្នុងការតវ៉ានោះ ក៏មានការចូលរួមពីសំណាក់ក្រុមស្តាំនិយម Proud Boys ផងដែរ។ ក្បួនបាតុកម្មបានចាប់ផ្តើមក្បែរតំបន់ Freedom Plaza នៅភាគខាងកើតសេតវិមាន ជាមួយគោលដៅឆ្ពោះទៅតុលាការកំពូល។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កើតមានឡើង ស្របពេលដែលលោក ត្រាំ មកទល់ឥឡូវ គឺនៅតែមិនព្រមទទួលស្គាល់ជ័យជម្នះគូប្រជែងរបស់ខ្លួនគឺ លោក ចូ បៃដិន ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មីឡើយ។ លោក ត្រាំ បានដាក់ពាក្យតវ៉ានៅតាមរដ្ឋសំខាន់ៗមួយចំនួន ជាមួយការចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត ប៉ុន្តែការប្រឹងប្រែងរបស់លោកហាក់មិនទទួលបានជោគជ័យនោះទេ៕


រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកពិព័រណ៍ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖
 លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញាឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ ដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិត សំហេង ក្នុងឱកាសដែលបានចូលរួមថ្លែង តាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារ ជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារ ដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និងពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាស ពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។

«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី១៤ ដល់ទី១៥ ខែ។ ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នា រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC)។

ក្នុងរយៈកាលជិតមួយទសវត្សកន្លងមកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិបានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការកៀរគរប្រមូលផ្តុំនិយោជកពីគ្រប់វិស័យឱ្យចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា និងដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់បំពេញយ៉ាងសស្រាក់សស្រាំ។

លោកបណ្ឌិត អ៉ិត សំហេង បានបន្ថែមថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការបើកចំហរឱកាសការងារដោយផ្តោតការយកចិត្តទុកដាក់ លើការជួយបែងចែកឱកាសទាំងនេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិជារៀងរាល់ឆ្នាំ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។ ប្រសិនបើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលប់បំបាត់ទាំងស្រុង ការរៀបចំនឹងប្រព្រឹត្តិទៅតាមរយៈការជួបជុំគ្នាផ្ទាល់ នៅលើទីតាំងធំទូលាយជាធម្មតា។ ករណីស្ថានភាពជំងឺនៅបន្តគំរាមកំហែង និងអូសបន្លាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងបន្តពង្រឹងសមត្ថភាព គុណភាពសេវា ព្រមទាំងបច្ចេកវិទ្យារៀបចំពិព័រណ៍ការងារ តាមអនឡាញជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅ នាំយកឱកាសការងារគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា កំពុងរស់នៅក្រោមដំបូលសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដែលជារតនៈសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានយើងទាំងអស់គ្នា ត្រូវបន្តរក្សាកេរដំណែលនេះ ដើម្បីបន្តភាពរីកចម្រើន ថែរក្សាការងារ និងមុខរបរពង្រីកប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។

គួរជម្រាបថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រ នៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh។

បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នា រវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារបានពីគ្រប់ទីកន្លែង និងមិនធ្លាប់មានពីមុនមក។ ក្នុងន័យនេះពិព័រណ៍ការងារនៅតែដើរតួនាទីក្នុងការផ្តល់ឱកាសនៅមួយកន្លែងងាយដោយស្រួលនៅលើប្រព័ន្ធអនឡាញ ដល់អ្នកស្វែងរកការងារសិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបង្កើនផលិតភាពការងារ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes