សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងបរិស្ថាន ដាំកូនឈើ ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ដែនជម្រកសត្វព្រៃភ្នំសំកុស

ចំនួនអ្នកទស្សនា: Views


AKP ពោធិ៍សាត់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

នៅថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តពោធិ៍ សាត់ បានរៀបចំពិធីដាំកូនឈើចំនួន ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។

សូមបញ្ជាក់ផងដែរថា ការដាំកូនឈើនាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ-១៩ និងបង្កើនការចូលរួមរបស់អ្នកពាក់ព័ន្ធឱ្យស្រឡាញ់ អភិរក្សជីវៈចម្រុះ និងបង្កើនគម្របព្រៃឈើ នៅក្នុងតំបន់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិ។

ការដាំកូនឈើនេះបាន ដោយមានការគាំទ្រ និង ចូលរួមពីតំណាងអង្គការ UNDP តំណាងអង្គការ RECOFTC រដ្ឋបាលស្រុកវាលវែង មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងស្រុកវាលវែងផងដែរ៕ដោយ ណយ នឿន (ប្រភព:មន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

រដូវកាលកឋិនឆ្នាំនេះ «ហង្សមាស» បោះទុនខ្នាតយក្ស ផលិតបទប្រពៃណីខ្មែរ ប្រមូលផ្តុំដោយសិល្បករ-សិល្បការិនីល្បីៗ រាប់រយនាក់! (Video inside)

ចំនួនអ្នកទស្សនា: Views

 

តាមរយៈការបញ្ចេញបទចម្រៀងដំបូងគេ ដើម្បីអបអរសាទរពិធីបុណ្យកឋិនទានឆ្នាំនេះ គឺបទ «អានិសង្សកឋិនទាន» ពិតជាទទួលបានការស្ញើចសរសើរច្រើន ពីការផលិតដ៏មានគុណភាពរបស់ ផលិតកម្ម មានអាយុកាលយូរជាងគេមួយនេះ។ ត្រឹមតែមួយបទដំបូង គឺសង្កេតឃើញថា ការផលិតបទចម្រៀង របស់ផលិតកម្មរស្មីហង្សមាស គឺពិតជាមិនធម្មតាឡើយ។ គ្រប់យ៉ាងពោរពេញទៅដោយលក្ខណៈពិសេសជាច្រើន។

តំណាងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះឲ្យដឹងថា ឆ្នាំនេះ ហង្សមាស លេងមួយក្បាច់ចាស់ដៃបន្តិចហើយ គឺបានផលិតបទប្រពៃណីសុទ្ធតែមានគុណភាព ប្រមូលផ្តុំដោយ សិល្បកររាប់រយនាក់ ទាំងគ្រូភ្លេងជើងចាស់ ជើងថ្មី និងអ្នកនិពន្ធទំនុកច្រៀងសុទ្ធតែមានកេរ្តិ៍ឈ្មោះ ហើយថែមទាំងដាក់តារាចម្រៀងសុទ្ធតែលំដាប់កំពូល រួមបញ្ចូលគ្នាតែម្តង និយាយរួមគឺកប់តែម្តង!។

តំណាងដដែលបានបន្តថា ចំពោះទុនផលិត គឺសុំមិនបរិយាយទេ តែអាចបង្ហើបប្រាប់បានថា ការផលិតបទប្រពៃណីសម្រាប់រដូវបុណ្យកឋិនទានឆ្នាំនេះ ហង្សមាស បានបោះទុនខ្នាតយក្សតែម្តង ព្រោះគ្រប់យ៉ាង គឺសម្រិតសម្រាំងយកគុណភាពល្អបំផុត ត្រូវតែល្អ និងមានគុណភាពខ្ពស់គ្រប់បែបយ៉ាង។ ដូច្នេះហើយការចាយវាយសម្រាប់ការផលិត គឺមិនធម្មតាឡើយ។

គួរបញ្ជាក់ថា តាមការសង្កេតកន្លងមក គឺមានតែផលិតកម្មរស្មីហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបានគ្រប់ទំរង់ និងមានគុណភាពខ្ពស់ សមស្របទៅតាមនឹងកេរ្តិ៍ឈ្មោះជាផលិតកម្មលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា៕


សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។


គេហទំព័រ Facebook សម្តេចតេជោនាករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕




















រដ្ឋសភា បន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន បម្រើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

 

កិច្ចប្រជុំពេញអង្គនេះ គ្រាដំបូងដឹកនាំដោយ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដោយសារតែសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាប់រវល់យាងអមព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់មកទើបសម្តេចបានអញ្ជើញមកដឹកនាំកិច្ចប្រជុំនេះវិញ។

សម្រាប់សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភា លើកយកមកបន្តពិភាក្សានិងអនុម័តក្នុងសម័យប្រជុំថ្ងៃនេះ មានដូចជា៖

១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។

៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។

៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

៨៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់ខាងលើសុទ្ធសឹងមានសារៈសំខាន់នៅក្នុងសង្គមជាតិ ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការអន្តរជាតិ។ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ របស់ខ្លួនកាលពីម្សិលមិញ រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលច្បាប់នេះ នឹងរួមចំណែកស្រូបយកចំណូលពីវិស័យល្បែង តាមរយៈការអនុញ្ញាតឱ្យមានការវិនិយោគលើវិស័យល្បែងពាណិជ្ជកម្ម និងល្បែងមួយចំនួនទៀត ដែលស្ថិតនៅក្រោមច្បាប់គ្រប់គ្រង។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់នេះ នឹងកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិ្យពហុកីឡដ្ឋានជាតិមរតកតេជោ

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

​សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញចុះត្រួតពិនិត្យការត្រៀមរៀបចំទីលានប្រកួតកីឡាមួយចំនួន និងពិនិត្យមើលវឌ្ឍនភាពការងារសាងសង់កីឡដ្ឋានធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ​ (ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលើកឡើងថា សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅថ្ងៃនេះផ្តោតសំខាន់លើការត្រៀមលក្ខណៈ២សំខាន់ៗ គឺកីឡដ្ឋានធំ ដែលប្រែប្រួលកាលបរិច្ឆេទនៃការបញ្ចប់សាង់សង់ដោយក្រុមហ៊ុនសាងសង់បញ្ជាក់ថា នឹងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយយើងសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១នឹងបញ្ចប់ការ សង់សង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ យើងត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាទូទៅបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ភាគីចិនបានបញ្ជាក់ច្បាស់អំពីគុណភាព សក្តានុពលនៃបច្ចេកវិទ្យាចុងក្រោយសម្រាប់ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ដែលនេះជាគម្រោងដ៏ធំរបស់ភាគីចិន សម្រាប់ការងារក្រៅប្រទេសរបស់ខ្លួន។

​ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ទៀតថា ចំណុចទី២ គឺផ្តោតលើការសាងសង់ភូមិកីឡា ដែលអាចផ្ទុកកីឡាករ កីឡាការិនីច្រើនជាង៧ពាន់នាក់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ភូមិកីឡា គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើ ការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម។ នៅក្នុងដំណើរត្រួតពិនិត្យនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ទទួលបាននូវភាពកក់ក្តៅ ហើយសម្តេចប្រធានក៏បានជំរុញឱ្យជំនាញខិតខំធ្វើការឱ្យបានល្អប្រសើរបន្ថែមទៀត ស្របទៅតាមគម្រោង និងពេលវេលា ព្រមទាំងឱ្យគោរពទៅតាមស្តងដារនៃការសាងសង់ផង និងស្តង់ដារនិយាមបច្ចេកទេសនៃប្រភេទកីឡាទាំងអស់ ដែលមាននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
​
​ឯកឧត្តម វាយតម្លៃថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធាន CAMSOC នាពេលនេះ យើងទទួលបាននូវការណែនាំដ៏ខ្ពង់ខ្ពស់ និងទទួលបានធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ ហើយយើងនឹងកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន ជាពិសេសគឺយើងនៅមានការរៀបចំដំណើរទស្សនកិច្ចជាច្រើនទៀតជូនសម្តេច នៅតាមបណ្តាខេត្តមួយចំនួន ទៀត ដែលត្រូវត្រៀមរៀបចំការប្រកួតកីឡាលើទឹក ដូចជាខេត្តកែប កំពត និងខេត្តព្រះសីហនុ។ ដូច្នេះនៅចុងឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងអស់ត្រូវបានកំណត់នូវផែនការច្បាស់លាស់ ថាតើប្រភេទកីឡាណាខ្លះ ត្រូវលេងនៅកន្លែងណា ទីលានប្រកួតណាមានស្តង់ដារបច្ចេកទេសរួចហើយ ទីលានណាខ្លះទៀតមិនទាន់ឆ្លើយតបទៅនឹងស្តង់ដារបច្ចេកទេសស៊ីហ្គេម។

​ក្រោយពេលយើងរៀបចំនូវទីលានប្រកួតនេះរួចរាល់ហើយ គឺយើងលែងខ្វល់ខ្វាយ ពីរឿងទីលានទៀត ហើយយើងនឹងងាកទៅពង្រឹងគុណភាពលើការរៀបចំព្រឹត្តិការណ៍ និងការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី ដោយធ្វើយ៉ាងណាឱ្យគ្រប់ទម្រង់ការងារមានគុណភាពល្អប្រសើរ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕

តុលាការក្រុងភ្នំពេញសម្រេចឲ្យ សុវណ្ណ រិទ្ធី មានសេរីភាពឡើងវិញ ដោយកាត់ទោស១៨ខែ អនុវត្ត៥ខែ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ

ចំនួនអ្នកទស្សនា: Views

 


បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes