សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឲ្យមន្រ្ដី បុគ្គលិក និងអាជ្ញាធរមីន ប្រកាន់យកគោលការណ៍ ៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបានណែនាំឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីនទាំងអស់ ត្រូវប្រកាន់យកគោលការណ៍ ៥ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ នៅក្នុងស្ថាប័ន៖

* យកចិត្តទុកដាក់ខ្ពស់ ពោរពេញដោយក្តីគោរពស្រឡាញ់
* ផ្តល់ភាពជឿទុកចិត្តបាន
* មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណតម្លៃ គោលដៅ និងស្តង់ដាររបស់យើង
* ធ្វើការជាប្រចាំ
* ឲ្យមានភាពក្លាហាន ចំពោះអ្វីដែលបានធ្វើ ផែនការរបស់យើង និងជម្នះនូវអ្វីដែលយើងមិនចង់ធ្វើ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ថែមទាំងបានជំរុញឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដោយត្រូវកំណត់ឲ្យបានច្បាស់នូវការងារណាជាការងារអាទិភាព និងជាស្នូលរបស់នាយកដ្ឋាននីមួយៗ។ លោកបានបន្តជំរុញឲ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ ក្រោមជាតិ ដៃគូ ប្រតិបត្តិករជាតិ-អន្តរជាតិ និងស្ថាប័នជាតិ-អន្តរជាតិ ផងដែរ។

លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីនប្រចាំត្រីមាសទី៣ រួមទាំងការអនុវត្តគម្រោងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដូចជា៖ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល, NPA-DFID, UNICEF, Peaceland Foundation, និង HDR& D។

នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក អាជ្ញាធរមីន ចំពោះលទ្ធផលការងារដែលបានសម្រេច នាពេលកន្លងមក។
នាយឧត្ដមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន ដូចខាងក្រោម៖

* បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការពារសុខសន្តិភាព និងការពារ សម្តេចតេជោ ដែលជាស្ថាបនិក និងជាបិតាសន្តិភាព
* រួមគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំ និងធ្វើឲ្យស្ថាប័នអាជ្ញាធរមីន មានទំនើបនីយកម្ម
* ធ្វើការដោយអនុវត្តន៍តាមតួអង្គ ចំនួន ៥ រួមមាន៖ រាជរដ្ឋាភិបាល អាជ្ញាធរមីន អគ្គលេខាធិការ នាយកដ្ឋាន និងមន្ត្រី បុគ្គលិក
* ប្រមូលផ្ដុំគ្នា ដើម្បីបញ្ចប់ការងារដែលនៅសេសសល់ នៅឆ្នាំ២០២០
* ត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ ៥ ឆ្នាំ
* បន្តយកចិត្តទុកដាក់ លើមន្រ្តី បុគ្គលិកចាស់ជារៀមច្បង
* ធ្វើការកែលម្អការងារមួយចំនួន៕


រដ្ឋមន្ត្រីការបរទេសអាមេរិក កែប្រែគម្រោងបំពេញទស្សនកិច្ចនៅអាស៊ី ក្រោយលោក ត្រាំ ឆ្លង COVID-19

ចំនួនអ្នកទស្សនា: Views


(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនឹងមិនធ្វើដំណើរទៅកាន់ប្រទេស ម៉ុងហ្គោលី និងកូរ៉េខាងត្បូង តាមការគ្រោងទុកនោះទេ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។

ការប្រកាសកែប្រែគម្រោងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី របស់លោក ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមាន COVID-19 និងកំពុង បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពទ្យ។ បើតាមការគ្រោងទុកមុនដំបូងឡើយ លោក ប៉ុមប៉េ ត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ី ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែតុលា ដើម្បីពិភាក្សាគ្នាពីរបៀវារៈសំខាន់ៗ ជាពិសេសគឺបញ្ហាចិន និងកូរ៉េខាងជើងតែម្ដង។

គួរជម្រាបថា បើតាមក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចេញដំណើរមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ហើយនឹងត្រូវត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោន វិញ នៅថ្ងៃទី០៦ ខែតុលា ក្រោយពីជួបពិភាក្សាការងារពិគ្រោះយោបល់ជាមួយសមភាគីជប៉ុន និងចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងអូស្ត្រាលី៕

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យពិនិត្យ និងបិទជាបន្ទាន់ទីតាំងក្លឹបកម្សាន្ដ និងខារ៉ាអូខេ ដែលលួចបើកដំណើរការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យ ទៅលើក្លឹបកម្សាន្ដ និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយកូវីដ-១៩នេះក៏ដោយ។

ការជំរុញ និងណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ។ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ-១៩នេះ»។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួម ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតី នៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការ ចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។

លោកបន្តទៀតថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាននិងកំពុងរីករាលដាលនៅក្នុងបណ្ដាលប្រទេស និងដែនដីចំនួនជាង២១០ ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាជំងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នា ទប់ស្កាត់វិធានការ បង្ការ ទប់ស្កាត់ និងផ្តល់ការសង្គ្រោះឲ្យបានទាន់ពេលវេលា។

សម្រាប់ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដូចគ្នានេះផងដែរ បើទោះបីជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ រួមនឹងជនបរទេសដែលកំពុងស្នាក់ នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះ រហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះបានបង្កើតឲ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចជៀសមិនរួច។

លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលា ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះ ស្ថានភាពបន្ទាន់ ក្នុងនោះរយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោង នៃសមាគម AIMF សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើក រួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅជំងឺកូវី-១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សម្ភារការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាងរបស់អ្នកជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគល់ បរិក្ខាពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕

UPDATE: ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញមេក្លោង និងគូកនជនជាតិចិន៩នាក់ ត្រូវបញ្ជូនទៅតុលាការ និងរឹបអូសគ្រឿងញៀន១២គីឡូ អាវុធ៣ដើម

ចំនួនអ្នកទស្សនា: Views

 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនជាតិចិនផ្សេងទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាននោះ ជំនាញកំពុងសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា។

គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន  ទទួលបាននៅក្នុងប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្តបានឃាត់ជនជាតិចិន និងខ្មែរជាច្រើននាក់ ព្រមទាំងដកហូតកាំភ្លើង និងគ្រឿងញៀនមួយចំនួន៕


ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួង សហការដាំដើមឈើប្រភេទឈើប្រណិតដើម្បីបង្កើនភាពបៃតងនិងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views



AKP ត្បូងឃ្មុំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–កូនឈើប្រណិតជិត ១០០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៦០០ ដើម ធ្នុង ១០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌ លឿងចំនួន ១៥០ដើមត្រូវបានដាំនៅតាមបណ្តោយផ្លូវជាតិលេខ ៧ តាមវត្តអារាម សាលារៀន និងផ្លូវសាធារណៈនានាក្នុង ភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតី ភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជាង ២០០ នាក់។ នេះគឺជាសកម្មភាពមួយដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងគោរពបរិស្ថាន ហើយរួមគ្នាដាំដើមឈើបន្ថែម និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាជារៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុងជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។ ឯកឧត្តម នេត្រ ភក្ត្រា បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជា

ចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិនិងការដាំស្តារព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យ បានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ដើមឈើមួយដើមដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះគឺមានន័យថាកម្ពុជានឹងមានដើមឈើមួយដើមថ្មីបន្ថែមទៀតលើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់ គ្នាត្រូវចូលរួមការពារនិងអភិរក្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជាយើងដែលនៅសល់»។ 

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ ១៩៦២ កម្ពុជាមាន ប្រជាជន៥.៧៤លាននាក់ រី៝ឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ ១៩៦៤ គឺមានទំហំ ១៣២ ២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣ភាគរយនៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ នៅឆ្នាំ ២០១៨ របាយការណ៍សិក្សាក្រសួងបរិស្ថានបានបង្ហាញថាគម្របព្រៃឈើនៅកម្ពុជាមានចំនួន ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦, ៨៦ភាគរយនៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ ១៦ លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យគម្របព្រៃឈើមានការធ្លាក់ចុះ ហើយគេឃើញកំណើនផ្ទៃដីកសិកម្ម និងផ្ទៃដីលំនៅដ្ឋានត្រូវបានជំនួសវិញ។ អាត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្នុងរង្វង់ ០,៦៤ភាគរយបើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ 

 បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ដាន ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦ កន្លែង និងមានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ភាគរយនៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះគឺបានដើរតួនាទី សំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ និងដើម្បីជាដំណោះស្រាយចំពោះ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជា ពលរដ្ឋជាដើម៕


ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យអ្នកថតរូបបន្តផ្តិតយករូបភាពស្អាតៗ តាមតំបន់ការពារធម្មជាតិ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

APP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០–(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន រៀបចំឡើង នាល្ងាចថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ នាអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់អ្នកថតរូបទាំងអស់ ដែលខិតខំព្យាយាមផ្ដិតយករូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នេះជាការបង្ហាញពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលពោពេញដោយសមត្ថភាព និងទេពកោសល្យ តាមរយៈការផលិតនូវរូបភាពស្អាតប្រណិត ដើម្បីបង្ហាញបន្តជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានឃើញពីភាពអស្ចារ្យនៃសម្រស់តំបន់ធម្មជាតិរបស់កម្ពុជា។

លើសពីនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា តាមរយៈរូបភាពកន្លងមករបស់អ្នកថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលធម្មជាតិជូនសារធារណជន ហើយសកម្មភាពនេះក៏បានបង្ហាញពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ ដោយផ្តោតលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ក្នុងកម្មវិធីដដែលនេះ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ដែរថាក្រសួងនឹងពង្រឹងកិច្ចការងារអភិរក្សតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរតាមរយៈមន្រ្តីឧទ្យានុរក្ស ហើយឯកឧត្តមក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញភាពស្រឡាញ់ចំពោះតំបន់ការពារធម្មជាតិរបស់យើង និងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន នាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ជូនបណ្ណសសើរមេត្រីភាពបរិស្ថាន ជូនដល់ថតរូបល្បីៗជាច្រើននាក់ និងបានពិសាអាហារសាមគ្គីរួមគ្នាផងដែរ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes