សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អាល្លឺម៉ង់ គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ចំនួនអ្នកទស្សនា: Views

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានជម្រាបប្រាប់ប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់សាជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ជាមួយគ្នានេះ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិនេះ។

តាមរយៈកិច្ចប្រជុំពិភាក្សាការងារ រវាងឯកឧត្តម នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួស យ៉ារ៉ា ជាមួយលោក ថូម៉ាស រ៉ាជែល (Thomas Rachel) សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ភាគីអាល្លឺម៉ង់បានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់នានា ដែលកើតមានលើប្រជាពលរដ្ឋកម្ពុជាដោយសារជម្លោះព្រំដែននេះ ព្រមទាំងបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ (UN) នៅតែជាសសរស្តម្ភដ៏សំខាន់ និងជាយន្តការអន្តរជាតិដែលមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាពពិភពលោក។

ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីរក៏បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើការរឹតចំណងមិត្តភាពទ្វេភាគី ក្នុងនោះអនុប្រធានគណៈកម្មការទី៥ បានស្នើឱ្យភាគីអាល្លឺម៉ង់ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់ការងារគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

តាមភាគីរដ្ឋសភាកម្ពុជា សំណើពិនិត្យលទ្ធភាពចុះ MoU នេះ គឺផ្តោតលើការបន្តជួយពង្រឹងសមត្ថភាពស្ថាប័ននីតិប្បញ្ញត្តិ ការគាំទ្រការផ្លាស់ប្តូរទស្សនកិច្ចទ្វេភាគីរវាងគណៈប្រតិភូរដ្ឋសភាជាប្រចាំ ដើម្បីចែករំលែកបទពិសោធន៍លើការកសាងច្បាប់ និងកិច្ចការជំនាញសភា ព្រមទាំងការជួយលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់អាហារូបករណ៍បន្ថែមដល់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាក៏បានជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកបណ្តាក់ទុនកាន់តែច្រើន និងស្នើឱ្យជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអាល្លឺម៉ង់ផងដែរ។

រដ្ឋសភាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់ លោក ថូម៉ាស រ៉ាជែល និងគណៈប្រតិភូពីគណបក្សនានានៃសភាអាឡឺម៉ង់ និងសន្យាផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។

គួររំលឹកផងដែរថា កម្ពុជា និងអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ ដោយទំនាក់ទំនងនេះបាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំជាលំដាប់លើគ្រប់វិស័យ។

បច្ចុប្បន្ន អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប (EU) និងជាប្រទេសដែលបានផ្តល់ជំនួយឥតសំណងយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្នផងដែរ៕អត្ថបទដោយ MET KIM AU

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes