សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ចំនួនអ្នកទស្សនា: Views

     

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ក.ស.វ.) ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើប្រធានបទ៖ (១.) សេចក្ដីរាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្តរបស់ ក.ស.វ., (២). ការលើកកម្ពស់គុណភាព និងល្បឿននៃរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន និងការពង្រឹងគុណភាពលើការផ្ដល់យោបល់ និងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និង (៣). បញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ក.ស.វ.។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន
ក.ស.វ., លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកមិនអចិន្រៃ្តយ៍ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃ ក.ស.វ.។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ក.ស.វ. ក៏ដូចជាសមាជិក សមាជិកា និងអគ្គលេខាធិការដ្ឋាន នៃក.ស.វ. ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកនេះ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកទឹកចិត្តឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សាគ្នាឱ្យបានផុសផុល ក្នុងន័យស្វែងរកវិធីសាស្ត្រ ក៏ដូចជាអភិក្រមថ្មីៗ សំដៅធ្វើឱ្យ ក.ស.វ.បំពេញភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានបន្តថា កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សា លើសពីការបូកសរុបការងារ ដើម្បីតម្រង់ទិស និងផ្ដល់អាទិភាពលើការងារសំខាន់ៗ
មួយចំនួនរបស់ ក.ស.វ. សំដៅសម្រេចបានសមិទ្ធផលជាក់ស្ដែង ដោយកាត់បន្ថយការផ្ដោតលើបរិមាណ និងធាតុចូល (Input) ប៉ុន្តែយកចិត្តទុកដាក់លើលទ្ធផល (Outcome) និងកម្មវិបាក (Impact) នៃការងារ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទោះបីជា ក.ស.វ. បានខិតខំអនុវត្តការងារបានលទ្ធផលជាច្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ ក.ស.វ. ដោយណែនាំឱ្យពន្លឿនការរៀបចំផែនការអភិវឌ្ឍស្ថាប័ន (IDP) ដើម្បីកំណត់ឱ្យបានច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងទិសដៅអភិវឌ្ឍស្ថាប័នរយៈពេលវែង ព្រមទាំងពិនិត្យ និងកំណត់នូវគុណតម្លៃរបស់ ក.ស.វ. ឱ្យស្របតាមគុណតម្លៃស្នូលទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន៖ (១). នីតិរដ្ឋ និងការការពារផលប្រយោជន៍សាធារណៈ (២). គុណាធិបតេយ្យ (៣). សាមគ្គីភាព និងបរិយាបន្ន និង (៤). វិជ្ជាជីវៈ និងក្រមសីលធម៌។

ទន្ទឹមនឹងនេះ ត្រូវពង្រឹងការគ្រប់គ្រងធនធានមនុស្ស តាមរយៈការពង្រឹងវិន័យការងារ ប្រព័ន្ធលើកទឹកចិត្តនិងវាយតម្លៃការអនុវត្តការងាររបស់សមាជិកអចិន្ត្រៃយ៍ជាប្រចាំ ខណៈសមាជិកមិនអចិន្ត្រៃយ៍ និងទីប្រឹក្សា ត្រូវកំណត់តួនាទី និងលក្ខខណ្ឌការងារ ឱ្យបានច្បាស់លាស់ ស្របតាមការចូលរួមជាក់ស្តែង។

លើសពីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យ ក.ស.វ. រៀបចំបទបញ្ជាផ្ទៃក្នុង ឬនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដើម្បីពង្រឹងរបៀបរបបការងារ បង្កើនប្រសិទ្ធភាពការអនុវត្ត និងធានាភាពច្បាស់លាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់មន្ត្រី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងល្បឿននៃការរៀបចំរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ដោយណែនាំឱ្យរៀបចំក្របខ័ណ្ឌ (Framework) សម្រាប់ការរៀបចំរបាយការណ៍ឱ្យមានភាពច្បាស់លាស់ ក្នុងនោះ ត្រូវបែងចែករបាយការណ៍ជាពីរប្រភេទសំខាន់ៗ គឺ៖ (១). របាយការណ៍ពិនិត្យ និងតាមដាន (Review and MonitoringReport) និង (២). របាយការណ៍វិភាគយុទ្ធសាស្ត្រ (Strategic Analysis Report)។ ចំពោះរបាយការណ៍នីមួយៗ ត្រូវកំណត់ឱ្យបានច្បាស់អំពីគោលបំណង វិសាលភាពការងារ ប្រធានបទអាទិភាព វិធីសាស្ត្រអនុវត្ត ភាពញឹកញាប់នៃការចេញរបាយការណ៍ (Reporting Frequency) ព្រមទាំងធនធានផ្សេងៗ សម្រាប់ការរៀបចំរបាយការណ៍នីមួយៗប្រកបដោយភាពច្បាស់លាស់ និងគុណភាព។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់កិច្ចការងារប្រចាំថ្ងៃ ការប្រមូលទិន្នន័យ ការវិភាគព័ត៌មាន និងការរៀបចំសេចក្តីព្រាងរបាយការណ៍ និងណែនាំឱ្យធ្វើទំនើបកម្មរបៀបបង្ហាញលទ្ធផលរបាយការណ៍ ដោយប្រើប្រាស់ Dashboard និង Infographic ដែលអាចសង្ខេបព័ត៌មានសំខាន់ៗដើម្បីផ្តល់ភាពងាយស្រួលក្នុងការអាន ការវិភាគ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។

ដោយឡែក ចំពោះការពង្រឹងគុណភាពនៃការផ្តល់យោបល់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment – RIA) ឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងដឹកនាំកិច្ចប្រជុំដោយឡែកមួយទៀត នាពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាស៊ីជម្រៅ និងកំណត់ទិសដៅ ព្រមទាំងយន្តការកែលម្អការអនុវត្តការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes