(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ របស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព.។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗ រួមមានការឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។
ក្នុងរបាយការណ៍របស់ កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានគូសបញ្ជាក់ពីវឌ្ឍនភាពការងារសំខាន់ៗ។
ក្នុងនោះមន្ត្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំពោះការងារអប់រំ អ.ប.ព. បានបន្តពង្រឹងការយល់ដឹងតាមរយៈបាឋកថាពិសេសស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និងបច្ចេកទេសកោសលវិច័យ» ជូនមេធាវីកម្មសិក្សាការី និងបទឧទ្ទេសនាមតាមប្រព័ន្ធអនឡាញដល់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល។
លើសពីនេះ អ.ប.ព. ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃជាច្រើនប្រភេទ ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ដើម្បីត្រៀមរៀបចំទិវាជាតិ អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ធ្នូ។
ទាក់ទងនឹងការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ អ.ប.ព. បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤.១៥០ នាក់ ដើម្បីចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដោយវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធរៀបចំការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធានានូវតម្លាភាព និងយុត្តិធម៌។
អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈចំនួន ៨៦គម្រោង និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត។
ក្នុងខែនេះ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹងសរុបចំនួន ៥៧ពាក្យបណ្តឹង ព្រមទាំងរាយការណ៍ពីសភាពការណ៍មួយចំនួនពាក់ព័ន្ធ Online Scmas៕
























Thursday, July 30, 2026
mcntvonline

0 Comments:
Post a Comment